ភ្នំពេញ ៖ គិតត្រឹមចុងឆ្នាំ២០២១ វិនិយោគផ្ទាល់បរទេសនៅកម្ពុជានៅបន្តមានភាពរឹងមាំ ដោយបានស្រូបទាញទុនប្រមាណ ៤១ ពាន់លានដុល្លារ ដោយបានកើនឡើង ១១,២% ធៀបនឹងចុងឆ្នាំ២០២០ ដែលគាំទ្រដោយវិនិយោគពី ចិន កូរ៉េខាងត្បូង វៀតណាម សិង្ហបុរី ជប៉ុន និងម៉ាឡេស៊ី ក្នុងវិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារ និងភោជនីយដ្ឋាន កសិកម្មមាន អគ្គិសនី និងសំណង់។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។

របាយការណ៍បានឱ្យដឹងថា វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមានទំហំទុនប្រមាណ ៤១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ក្នុងនោះវិស័យហិរញ្ញវត្ថុមានទាក់ទាញទុនវិនិយោគផ្ទាល់បរទេសមានចំនួន ៩,៤ ពាន់លានដុល្លារ កម្មន្តសាលមាន ៨,៥ ពាន់លានដុល្លារ អចលនទ្រព្យមាន ៤,៩ ពាន់លានដុល្លារ សណ្ឋាគារនិងភោជនីយដ្ឋានមាន ៤,៤ ពាន់លានដុល្លារ កសិកម្មមាន ៤,២ ពាន់លានដុល្លារ អគ្គិសនីមាន ២,៦ ពាន់លានដុល្លារ សំណង់មាន ១,៦ ពាន់លានដុល្លារ និងវិស័យផ្សេងៗទៀតមាន ៥,៣ ពាន់លានដុល្លារ។

ដូច្នេះយោងតាមតួលេខខាងលើបានបង្ហាញថា ៖
“វិស័យហិរញ្ញវត្ថុនៅកម្ពុជាបានឈរលំដាប់ថ្នាក់ទី១ ដែលបានទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ខណៈវិស័យកម្មន្តសាល និងអចលនទ្រព្យបានឈរលំដាប់ថ្នាក់ទី២ និងទី៣ រៀងគ្នា ដែលបានស្រូបទាញយកទុនវិនិយោគផ្ទាល់ពីបរទេស”
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងកាលពីថ្មីៗនេះថា វិស័យហិរញ្ញវត្ថុនៅកម្ពុជានៅតែមានស្ថេរភាព និងមានទុនគ្រប់គ្រាន់ ខណៈអាជ្ញាធរនៃប្រទេសកម្ពុជាបានដាក់ចេញគោលនយោបាយជាបន្តបន្ទាប់ដើម្បីជួយដល់ប្រជាជន និងគាំទ្រដល់កំណើនសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។
ក្នុងរបាយការណ៍ពីការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ ២០២២ និង ២០២៣ ADB បានឱ្យដឹងថា អាជ្ញាធរនៃប្រទេសកម្ពុជាបន្តអនុវត្តគោលនយោបាយកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ១៩ លើប្រាក់ចំណូលរបស់អាជីវកម្ម និងចំណូលរបស់ប្រជាជន និងគាំទ្រដល់កំណើនសេដ្ឋកិច្ច។ កម្មវិធីរៀបចំឥណទានឡើងវិញ ត្រូវបានពន្យារពេលរហូតដល់ចុងខែ មិថុនា និងវិធានការបន្ធូរបន្ថយច្បាប់បញ្ញត្តិដទៃទៀត ដើម្បីធ្វើឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចបន្តផ្តល់កម្ចី ដែលកំពុងតែដំណើរការ។

ADB បានឱ្យដឹងបន្តថា ៖
“ជារួម វិស័យហិរញ្ញវត្ថុនៅតែមានស្ថេរភាព និងមានទុនគ្រប់គ្រាន់។ ការសម្រេចបាននូវការបញ្ចប់នៃកម្មវិធីរៀបចំឥណទានឡើងវិញ ដែលគ្រប់គ្រងបានល្អ និងវិធានការបន្ធូរបន្ថយច្បាប់បញ្ញត្តិដទៃទៀតមានសារសំខាន់ខ្លាំងណាស់ចំពោះស្ថេរភាពវិស័យហិរញ្ញវត្ថុ”
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ក្នុងរយៈពេលជាងមួយទស្សវត្សចុងក្រោយនេះ ឧស្សាហកម្មហិរញ្ញវត្ថុកម្ពុជាសម្រេចបានសន្ទុះកំណើន និងបានចូលរួមកាន់តែខ្លាំងក្លាក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស តាមរយៈការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ទាំងនៅទីប្រជុំជន និងជនបទ ដែលជារួមឆ្លុះបញ្ចាំងតាមរយៈការកើនឡើងយ៉ាងខ្លាំងនូវគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ជាដើម ក្នុងវិសាលភាពវិស័យហិរញ្ញវត្ថុធនាគារ។ សូមបញ្ជាកផងដែរថា ប្រទេសដែលបានបោះទុនវិនិយោគច្រើននៅកម្ពុជា រួមមាន ប្រទេសចិនបោះទុនវិនិយោគប្រមាណ ១៨ ពាន់លានដុល្លារ ស្មើនឹង ៤៣,៩ ភាគរយនៃវិនិយោគផ្ទាល់បរទេសនៅកម្ពុជា សាធារណរដ្ឋកូរ៉េ មាន ៤,៩ ពាន់លានដុល្លារ សិង្ហបុរីមាន ២,៧ ពាន់លានដុល្លារ វៀតណាម ២,៥ ពាន់លានដុល្លារ ជប៉ុនមាន ២,៤ ពាន់លានដុល្លារ ម៉ាឡេស៊ីមាន ១,៩ ពាន់លានដុល្លារ ថៃមាន ១,៨ ពាន់លានដុល្លារ ចក្រភពអង់គ្លេសមាន ១,៤ ពាន់លានដុល្លារ កាណាដាមាន ១,១ ពាន់លានដុល្លារ និងសហរដ្ឋអាមេរិកមាន ០,៩ ពាន់លានដុល្លារ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content