បរទេស៖ ប្រតិភូប្រមាណ ៦០ រូប នឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត អែល នីញ៉ូ (El Niño) និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រក្នុងតំបន់អាស៊ាន នេះបើយោងតាមសេចក្ដីរាយការណ៍ពី Vietnam.VN ។
កិច្ចប្រជុំអនុគណៈកម្មាធិការអាស៊ានស្តីពីឧតុនិយម និងភូមិរូបវិទ្យា (SCMG/SC-EOSS)ប្រចាំឆ្នាំលើកទី ៤៧ បានប្រមូលផ្តុំស្ថាប័នឧតុនិយម និងជលសាស្ត្រជាតិមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន ដឹកនាំដោយវៀតណាម ដែលជាម្ចាស់ផ្ទះ។ ក្នុងចំណោមនោះ មានប្រតិភូអន្តរជាតិប្រមាណ ៤០ រូប តំណាងឱ្យលេខាធិការដ្ឋានអាស៊ាន, អ្នកជំនាញ, និងមន្ត្រីសម្របសម្រួលផ្នែកឧតុនិយម និងជលសាស្ត្រអាស៊ាន, អង្គការឧតុនិយមពិភពលោក (WMO), ភ្នាក់ងារឧតុនិយមមកពីប្រទេសជប៉ុន និងចិន។ នៅក្នុងកិច្ចប្រជុំនេះ ក៏មានតំណាងប្រទេសសមាជិកអាស៊ានធ្វើបច្ចុប្បន្នភាពការព្យាករណ៍ ចែករំលែកដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហា និងពិភាក្សាលើការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងទិន្នន័យធំ Big Data ក្នុងវិស័យឧតុនិយមផងដែរ។
ផ្អែកតាមទិន្នន័យថ្មីៗរបស់អង្គការឧតុនិយមពិភពលោក (WMO) បានឲ្យដឹងថា បាតុភូត El Niño បង្កើនកម្លាំងខ្លាំងឡើងដែលអាចបន្តអូសបន្លាយយ៉ាងហោចណាស់ដល់ចុងខែកុម្ភៈ ឆ្នាំ២០២៧។ ផលប៉ះពាល់នៃ El Niño មានភាពខុសៗគ្នាតាមតំបន់ និងនៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ានដូចជា៖
- កម្ពុជាប្រឈមនឹងការបញ្ចប់រដូវវស្សាលឿន រួមទាំងគ្រោះរាំងស្ងួត ប៉ះពាល់កសិកម្ម ដែលគំរាមកំហែងដល់សន្តិសុខស្បៀង ជីវភាពប្រជាជន និងធ្វើឱ្យកុមារជាង ១,៣ លាននាក់ប្រឈមនឹងកង្វះទឹកស្អាត។
- ឡាវប្រឈមនឹងការស្រុតចុះនៃកម្រិតទឹកទន្លេមេគង្គ ប៉ះពាល់ដល់ការផលិតវារីអគ្គិសនីនាំចេញ ដែលនឹងរុញច្រានឱ្យអតិផរណាកើនឡើង និងជីវភាពរស់នៅឡើងថ្លៃជាងមុន។
- អាស៊ីអាគ្នេយ៍ដែនកោះ (ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ប្រ៊ុយណេ) ប្រឈមនឹងការរាំងស្ងួតខ្លាំងដែលបង្កឱ្យមានអគ្គិភ័យឆេះព្រៃ និងវិបត្តិផ្សែងអ័ព្ទពុលឆ្លងដែន ប៉ះពាល់ដល់សុខភាព និងការធ្វើដំណើរ។
- ថៃ និងវៀតណាម ប្រឈមនឹងរលកកម្ដៅខ្លាំង និងគ្រោះរាំងស្ងួតដោយសារការថយចុះនៃធនធានទឹកសាប បង្កឡើងដោយការជ្រៀតចូលនៃទឹកប្រៃទៅក្នុងតំបន់វាលទំនាបទន្លេមេគង្គយ៉ាងធ្ងន់ធ្ងរ ខណៈដែលបច្ចុប្បន្ន ថៃ កំពុងជួបការរីងស្ងួតយ៉ាងខ្លាំងនៃទឹកក្រោមដី និងអាងស្តុកទឹក ដែលបង្កជាការគំរាមកំហែងដល់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្ររហូតដល់ឆ្នាំ ២០២៧។
- ហ្វ៊ីលីពីន ជួបប្រទះស្ថានភាពផ្ទុយគ្នាក្នុងពេលតែមួយ គឺគ្រោះរាំងស្ងួតនៅខេត្តមួយចំនួន និងភ្លៀងធ្លាក់ខ្លាំងខុសធម្មតានៅតំបន់មួយចំនួនទៀត៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content