ភ្នំពេញ ៖ ខុសពីតំបន់មួយចំនួននៅជុំវិញរាជធានីភ្នំពេញ ដែលមិនសូវមានសកម្មភាពនៃការអភិវឌ្ឍខ្លាំងដូចមុនក៏ដោយ ប៉ុន្តែសម្រាប់តំបន់ភាគខាងត្បូង ជាពិសេសនៅជុំវិញអាកាសយានដ្ឋានអន្តរជាតិតេជោ នៅតែមានសកម្មភាពអភិវឌ្ឍន៍ ហើយថែមទាំងមានសកម្មភាពមមាញឹកខ្លាំងជាងពីមុនទៀតផង ជាពិសេសលើវិស័យលំនៅឋាន ។
លោកស្រី អាន សុធីតា នាយិកាប្រតិបត្តិក្រុមហ៊ុនភ្នាក់ងារ អចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ថា តំបន់ប៉ែកខាងត្បូង ជាពិសេសជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ នៅតែបន្តមានសកម្មភាពអភិវឌ្ឍន៍ ខណៈដែលសកម្មភាពនៅតំបន់ផ្សេងហាក់មានការថមថយក៏ដោយ ។
លោកស្រីបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើននៅប៉ែកខាងត្បូងភ្នំពេញ ហើយតាមរយៈគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះហើយ បានធ្វើឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យចាប់ផ្ដើមសំឡឹងរកទីតាំងសម្រាប់អភិវឌ្ឍន៍គម្រោងរបស់ខ្លួន ដូច្នេះហើយទើបមើលឃើញថា បើទោះបីជាតំបន់ផ្សេងៗថមថយសកម្មភាព តែសម្រាប់តំបន់ប៉ែកខាងត្បូងនៅតែបន្តមានសកម្មភាពអភិវឌ្ឍន៍ទៅមុខជាលំដាប់ ជាពិសេសលើលំនៅឋានតម្លៃសមរម្យ ។

នៅតំបន់ប៉ែកខាងត្បូងនេះដែរ ក្រៅពីគម្រោងអភិវឌ្ឍន៍លំនៅឋាន ក៏ឃើញថាមានការអភិវឌ្ឍលើផ្សារទំនើប និងអគារតាំងបង្ហាញរថយន្តជាច្រើន ជាក់ស្ដែងនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ និងផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដោយក្រុមហ៊ុនលក់រថយន្តជាច្រើនបានបើកទីតាំងរបស់ខ្លួនជាបន្តបន្ទាប់ ។
លោក អឿន ធារ៉ា ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Cam Realty បានមានប្រសាសន៍ថា តាមរយៈសកម្មភាពនៃការអភិវឌ្ឍនៅតំបន់ប៉ែកខាងត្បូង និងនៅតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ បានធ្វើឱ្យតម្រូវការដីធ្លីនៅតំបន់នោះនៅតែមាន និងជំរុញឱ្យមានសកម្មភាពដោះដូរ ទិញ-លក់ កើតមានជាហូរហែ និងអាចចាត់ទុកថា ជាតំបន់ដែលមានការទិញលក់ដីធ្លីច្រើនជាងគេ ។

លោកបន្តថា ៖ «បើទោះបីជាតំបន់ប៉ែកខាងត្បូងមានការទិញលក់ដីធ្លីច្រើនក៏ដោយ ប៉ុន្តែតម្លៃដីធ្លីនៅតំបន់នេះ មិនទាន់ខ្ពស់ដូចនៅតំបន់កណ្ដាលៗក្រុងទេ ហើយសណ្ឋានដីនៅតំបន់នោះក៏មានទំហំធំៗ ដែលងាយស្រួលសម្រាប់អ្នកវិនិយោគស្វែងរកទីតាំងអភិវឌ្ឍន៍គម្រោងរបស់ពួកគេ»។
លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ Advance Real Estate បានលើកឡើងថា តំបន់នៅប៉ែកខាងត្បូង មិនត្រឹមតែជាតំបន់ដែលមានសក្ដានុពលលើការអភិវឌ្ឍលំនៅឋាននោះទេ ប៉ុន្តែវាក៏មានសក្ដានុពលក្នុងវិស័យឧស្សាហកម្មផងដែរ ដោយមានវិនិយោគិនក្នុងវិស័យនេះបានស្វែងរកទីតាំងសម្រាប់សាងសង់រោងចក្រ សហគ្រាស និងឃ្លាំងស្តុកទំនិញជាដើម ។
លោកបន្តថា មិនត្រឹមតែតំបន់ប៉ែកខាងត្បូងទេ ដែលមានសក្ដានុពលក្នុងការទាក់ទាញការវិនិយោគក្នុងវិស័យឧស្សាហកម្ម នៅតំបន់ប៉ែកខាងលិចក៏មានសក្ដានុពលដូចគ្នានឹងប៉ែកខាងត្បូងដែរ ដោយសារតំបន់ទាំងពីរនេះ ជាទីតាំងដែលងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចូលរោងចក្រ ដើម្បីកែច្នៃ និងដឹកនាំចេញទៅកាន់ទីផ្សារវិញ ព្រោះប៉ែកខាងត្បូង និងខាងលិចមានផ្លូវធំៗ សម្រួលដល់ការដឹកជញ្ជូនទៅកាន់កំពង់ផែ និងពីកំពង់ផែមកកាន់ទីតាំងផលិតវិញ ៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content