ភ្នំពេញ ៖ អត្រាអតិផរណានៅកម្ពុជា ត្រូវបានរំពឹងថានឹងត្រឡប់ទៅរកនិន្នាការធម្មតាវិញសម្រាប់ឆ្នាំ២០២៤ ដោយសារការរំពឹងទុកនៃការវិលត្រឡប់ទៅរកប្រក្រតីភាពនៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗទៀត។ នេះបើយោងតាមរបាយការណ៍ស្តីពីក្របខណ្ឌនៃការរៀបចំច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ចេញផ្សាយកាលពីថ្មីៗនេះ។
របាយការណ៍បានបញ្ជាក់ដូច្នេះថា អត្រាអតិផរណាត្រូវបានរំពឹងថានឹងត្រឡប់ទៅរកនិន្នាការធម្មតាវិញក្នុងអត្រា ២,៥% ដូចគ្នា សម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយសារការរំពឹងទុកនៃការវិលត្រឡប់ទៅរកប្រក្រតីភាពនៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗទៀត។

ទន្ទឹមនេះ អត្រាប្ដូរប្រាក់ត្រូវបានរំពឹងថានឹងស្ថិតក្នុងរង្វង់អាចគ្រប់គ្រងបានក្នុងអត្រាជាមធ្យមប្រចាំឆ្នាំ ៤ ០៦៥ រៀល ក្នុងមួយដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយសារការអន្តរាគមន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពថ្លៃ និងទំនុកចិត្តពីសាធារណជនលើការប្រើប្រាស់ប្រាក់រៀល។
យ៉ាងណាមិញ ហានិភ័យដែលបង្កឡើងដោយភាពមិនប្រាកដប្រជាមួយចំនួនដូចជាភាពកាន់តែតានតឹងនៃភូមិសាស្ត្រសេដ្ឋកិច្ច និងនយោបាយ អាចធ្វើឱ្យអត្រាអតិផរណាមានការហក់ឡើងមកវិញ ដែលស្តែងចេញពីកត្តាផ្គត់ផ្គង់។
យោងតាមធនាគារជាតិនៃកម្ពុជា ដោយសារបញ្ហាដុល្លារូបនីយកម្ម ការប្រែប្រួលអត្រាប្តូរប្រាក់មានឥទ្ធិពលដោយផ្ទាល់ និងឆាប់រហ័សមកលើអត្រាអតិផរណានៅកម្ពុជា ពីព្រោះកាលណាតម្លៃប្រាក់រៀលធ្លាក់ចុះ ថ្លៃទំនិញនិងសេវានានានឹងអាចកើនឡើងភ្លាម។ ដូចនេះ ក្រៅពីការធ្លាក់ថ្លៃប្រេងឥន្ធនៈ និងការថមថយកំណើនថ្លៃក្រុមម្ហូបអាហារ ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់រៀល បានរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ថយអត្រាអតិផរណាផងដែរ។

ជាមួយគ្នានេះ ការពង្រឹងការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយនៅតែជាការងារចាំបាច់ ដើម្បីកាត់បន្ថយឥទ្ធិពលពីកត្តាខាងក្រៅមកលើកម្រិតថ្លៃនៅកម្ពុជា និងពង្រឹងប្រសិទ្ធភាពនយោបាយរូបិយវត្ថុក្នុងការគ្រប់គ្រងស្ថិរភាពថ្លៃនិងជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព។ ការប្រើប្រាស់ប្រាក់រៀលក្នុងសេដ្ឋកិច្ចច្រើន ក៏អាចជួយគរពូនទុនបម្រុងអន្តរជាតិឱ្យកាន់តែខ្ពស់ជាងកម្រិតបច្ចុប្បន្នថែមទៀត ដែលនឹងពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិននិងសាធារណជនមកលើស្ថិរភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាឱ្យកាន់តែរឹងមាំ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content