ត្បូងឃ្មុំ ៖ សំបកពណ៌មាស ព្រមគ្នាជាមួយសាច់ពណ៌ក្រហមឆ្អៅ និងមានរសជាតិផ្អែមឆ្ងាញ់ ជាឪឡឹកមួយប្រភេទដែលត្រូវបានកសិករម្នាក់ដាំនៅលើផ្ទៃដីជាច្រើនហិចតាដោយសារវាឆាប់បានផល និងមានតម្លៃខ្ពស់ក្នុងទីផ្សារ។

លោក ប៊ូ ម៉ាន ជាម្ចាស់ចំការឪឡឹកមួយកន្លែងស្ថិតនៅភូមិបឹងទន្សោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានប្រាប់ AMS ឱ្យដឹងថា លោកបានជ្រើសរើសយកពូជឪឡឹកមកធ្វើការដាំដុះចំនួន៣ប្រភេទ រួមមានពូជឪឡឹកពណ៌លឿង ពូជឪឡឹកពណ៌ការ៉ុត និងពូជឪឡឹកពណ៌មាស ដោយសារវាឆាប់ទទួលបានទិន្នផលច្រើន ចំណាយពេលតិចក្នុងការដាំ និងថែទាំ ហើយអាចលក់បានតម្លៃថ្លៃនៅលើទីផ្សារ ដែលអាចជួយសម្រាលជីវភាពគ្រួសារបានល្អប្រសើរជាងការដាំដំណាំផ្សេងៗ ហើយតាមរយៈចំការឪឡឹកទាំងនេះក៏បានផ្ដល់ការងារដល់បងប្អូនក្នុងភូមិថែមទៀតផង។

លោក ម៊ូ មាន បានមានប្រសាសន៍បញ្ជាក់ថា ៖
«ឪឡឹកជាប្រភេទដំណាំឆាប់ឱ្យផលលឿន ប្រើរយៈពេលដាំតែ ៥០-៦០ ថ្ងៃប៉ុណ្ណោះ គឺអាចប្រមូលផលបានជាបណ្តើរៗហើយ ជាក់ស្ដែងត្រឹមតែការដាំដុះនៅលើផ្ទៃដីមួយហិកតា គឺអាចប្រមូលផលបានពី ១៥-២៥តោន ឬច្រើនជាងនេះប្រសិនបើឪឡឹកល្អខ្លាំង»
«ដោយឡែក ចំពោះតម្លៃឪឡឹកប្រភេទនេះគេអាចលក់រាយក្នុងតម្លៃ ៥ ០០០រៀលក្នុង១គីឡូក្រាម ហើយទិញចាប់ពី ៥០គីឡូក្រាមឡើងទៅគេគិតតម្លៃបោះដុំ ៣ ០០០រៀលក្នុង១គីឡូក្រាម។ ទីផ្សារឪឡឹកល្អខ្លាំងណាស់ មានការពេញនិយមច្រើនពីបងប្អូនប្រជាជនខ្មែរ ស្ទើរគ្រប់មជ្ឈដ្ឋាន ជាពិសេសទីប្រជុំជន ឬផ្សារទំនើបនៅរាជធានីភ្នំពេញក៏ពេញនិយមខ្លាំងផងដែរ»
ជាអ្វីដែលម្ចាស់ចំការខាងលើបានលើកឡើង

បច្ចុប្បន្ន លោក ប៊ូ ម៉ាន កំពុងធ្វើការដាំដុះឪឡឹកជាដំណាក់កាលៗ លើផ្ទៃដីប្រមាណជាង១០ហិចតា ហើយដើម្បីអាចទទួលបានទិន្នផលខ្ពស់ គឺត្រូវការថែទាំជាប្រចាំដូចជាសម្អាតស្មៅ ដាក់ជី កម្ចាត់សត្វល្អិតដែលបំផ្លាញដំណាំ និងព្យាបាលជំងឺរបស់ដំណាំឪឡឹកផងដែរ។

ទាក់ទងនឹងការចាប់ផ្ដើមពីដំណាក់កាលដំបូង ត្រូវបានម្ចាស់ចំការរូបនេះលើកឡើងថា លោកបានដាំដំណាំឪឡឹកនេះជាង ១០ឆ្នាំមកហើយ ដោយក្នុងផ្ទៃដី ១ហិកតាគេត្រូវចំណាយដើមទុនអស់ប្រហែល ៣ពាន់ដុល្លារដែលចំណាយទៅលើថ្លៃភ្ជួររាស់ដី ការរៀបចំប្រព័ន្ធស្រោចស្រព ថ្លៃពូជ ថ្លៃជី ថ្លៃថ្នាំការពារសត្វល្អិត ថ្លៃប្រេង និងថ្លៃកម្លាំងពលកម្មជាដើម។
យ៉ាងណាមិញ ការដាំឪឡឹកនេះក៏ជួបប្រទះនូវផលលំបាកខ្លះដែរ ដូចជាបញ្ហាអាកាសធាតុក្តៅខ្លាំងពេក ឬភ្លៀងញឹកញាប់ពេក ពិសេសសត្វល្អិតដែលបំផ្លាញដំណាំតែម្ដង។ ក្រៅពីនេះក៏មានបញ្ហាខ្វះខាតមធ្យោបាយដឹកជញ្ជូនទៅកាន់ទីផ្សារពុំទាន់ពេលវេលា មានការយឺតយ៉ាវដែលអាចបណ្តាលឲ្យផ្លែឪឡឹកខូចគុណភាព បាត់បង់រសជាតិ។
បើទោះជាបែបនេះក្ដី ក៏ម្ចាស់ចំការរូបនេះនៅតែមានចក្ខុវិស័យចង់ពង្រីកការដាំដុះឱ្យកាន់តែធំជាងពេលបច្ចុប្បន្ន ដែលក្រៅពីដាំដំណាំឪឡឹក លោកក៏មានដាំដំណាំរួមផ្សំផ្សេងទៀតដូចជា ពោតពណ៌ស្វាយ ត្រសក់ផ្អែមគ្រប់ប្រភេទ និងបន្លែផ្សេងៗដែលមានតម្រូវការនៅលើទីផ្សារផងដែរ។
លោកបានបន្ថែមឲ្យដឹងថា ប្រសិនបើបងប្អូនចង់ដាំដំណាំឪឡឹកជាលក្ខណៈគ្រួសារ ក៏អាចដាំបានដោយខ្លួនឯង តែបើចង់ដាំដំណាំឪឡឹកជាលក្ខណៈអាជីវកម្ម គឺគួរតែរកអ្នកមានជំនាញមកជួយការងារ ទើបអាចធ្វើឲ្យដំណើរការដាំដុះមានភាពរលូន កាត់បន្ថយភាពប្រឈមនឹងការខាតបង់។
ជាមួយគ្នានេះ តាមរយៈ AMS លោកក៏បានថ្លែងអំណរគុណដល់បងប្អូនខ្មែរទាំងអស់ដែលស្រលាញ់ និងគាំទ្រកសិផលធម្មជាតិរបស់ខ្មែរ។ លោកក៏សូមលើកទឹកចិត្តដល់អ្នកដែលចាប់យករបរកសិកម្ម សូមកុំបោះបង់ចោលនូវអ្វីដែលខ្លួនស្រឡាញ់ ទោះបីជាជួបការលំបាក ប៉ុន្តែត្រូវចេះស្វែងរកដំណោះស្រាយ រកជំនួយពីអ្នកជំនាញផ្នែកកសិកម្ម ក៏ដូចជាខាងផ្នែកទីផ្សារ ដើម្បីដោះស្រាយ ក៏ដូចជាអភិវឌ្ឍខ្លួនបន្តិចម្ដងៗ និងឈានទៅរកភាពជោគជ័យបាន៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content