ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងថយចុះមកត្រឹម ៤.៨% នៅឆ្នាំ២០២៥ និង ៤.០% នៅឆ្នាំ២០២៦ ដោយសារភាពប្រែប្រួលនៃការនាំចេញ ការធ្លាក់ចុះនៃប្រាក់បញ្ញើ និងការធ្លាក់ចុះនៃវិស័យទេសចរណ៍ និងតម្រូវការក្នុងស្រុក។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

IMF បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាបានបង្ហាញកំណើនយ៉ាងលឿននៅឆ្នាំ ២០២៤ ដោយបានឈានដល់ ៦.០% ដែលជំរុញដោយការងើបឡើងវិញយ៉ាងខ្លាំងនៃការនាំចេញសម្លៀកបំពាក់ និងកសិកម្ម និងការងើបឡើងវិញជាបន្តបន្ទាប់នៃវិស័យទេសចរណ៍។និន្នាការនេះបានបន្តរហូតដល់ឆមាសទីមួយនៃឆ្នាំ២០២៥ ដោយមានការប៉ាន់ស្មានថ្មីៗនេះថានឹងមានកំណើនប្រចាំឆ្នាំ ៦.២%។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ផលប៉ះពាល់ពាណិជ្ជកម្ម ភាពតានតឹងព្រំដែន និងកំណើនឥណទានមិនដំណើរការ បានបង្ហាញពីភាពងាយរងគ្រោះរបស់សេដ្ឋកិច្ច ហើយសញ្ញានៃការធ្លាក់ចុះសេដ្ឋកិច្ចកំពុងលេចចេញជារូបរាងនៅឆមាសទីពីរនៃឆ្នាំ ២០២៥។

ដូច្នេះហើយ កំណើនសេដ្ឋកិច្ចត្រូវបានមូលនិធិរូបិយវត្ថុអន្តរជាតិ ព្យាករថានឹងថយចុះមកត្រឹម ៤.៨ ភាគរយនៅឆ្នាំ២០២៥ និងបន្តថយចុះដល់ប្រហែល ៤.០ ភាគរយនៅឆ្នាំ ២០២៦។
IMF បានបង្ហាញថា ការធ្លាក់ចុះនេះដោយការធ្លាក់ចុះនៃប្រាក់បញ្ញើ និងការធ្លាក់ចុះនៃវិស័យទេសចរណ៍។ ជាមួយគ្នានេះផលប៉ះពាល់ពន្ធ នឹងធ្វើឱ្យប្រាក់ចំណូលនាំចេញថយចុះ ខណៈដែលក្រុមហ៊ុនផលិត ក៏ប្រឈមមុខនឹងសម្ពាធ។

ទន្ទឹមគ្នានេះ ភាពមិនប្រាកដប្រជា នៃគោលនយោបាយពាណិជ្ជកម្ម អាចរំខានដល់កំណើននាំចេញបន្ថែមទៀត។ ភាពតានតឹងព្រំដែន អាចធ្វើប៉ះពាល់ដល់ទំនុកចិត្ត ដែលបង្កើនផលប៉ះពាល់អវិជ្ជមានដល់តម្រូវការក្នុងស្រុក ទេសចរណ៍ និងស្ថិរភាពវិស័យហិរញ្ញវត្ថុ។ បំណុលឯកជនកើនឡើង ស្របជាមួយនឹងការកើនឡើងនៃឥណទានមិនដំណើរការ(NPLs) និងភាពងាយរងគ្រោះនៃអភិបាលកិច្ច ដែលអាចបង្កើនហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុបន្ថែមទៀត។ ចំណែកអតិផរណាត្រូវបានព្យាករថានឹងកើនឡើងបន្តិចបន្តួចនៅឆ្នាំ២០២៥ មុនពេលថយចុះវិញនៅឆ្នាំ ២០២៦។ នេះបើយោងតាម IMF។

IMF បានលើកឡើងថា គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ត្រូវប្រុងប្រយ័ត្ន រួមជាមួយនឹងការកែទម្រង់រចនាសម្ព័ន្ធ គឺមានសារៈសំខាន់ណាស់ក្នុងការការពារស្ថិរភាព និងពង្រឹងភាពធន់។ វិធានការរយៈពេលខ្លីគួរតែទប់ទល់នឹងការប៉ះទង្គិចពីខាងក្រៅ និងពង្រឹងសម្រាប់ការប្រកួតប្រជែងរយៈពេលមធ្យម។
សូមជម្រាបថាកាលពីខែកញ្ញា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជាពី ៦,១% មក ៤,៩% សម្រាប់ឆ្នាំ២០២៥ និងពី ៦,២% មក ៥,០% សម្រាប់ឆ្នាំ២០២៦ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាមេរិកផងដែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content