ម្ចាស់អាជីវកម្មក្នុងស្រុកយកចិត្តទុកដាក់លើការពង្រឹងស្តង់ដារផលិតផល សំដៅពង្រីកទីផ្សារបន្ថែម

ភ្នំពេញ ៖ ជាការពិត ការនាំចេញ-នាំចូលរបស់កម្ពុជាជាមួយនឹងទីផ្សារអន្តរជាតិកំពុងដេញតាមប្រកៀកប្រកិតគ្នា។ ជាក់ស្ដែងក្នុងឆ្នាំ២០២២ ទឹកប្រាក់​ដែល​កម្ពុជា​ប្រមូលបាន​ពី​ការនាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិមាន​ជាង ២២,៤​ ពាន់​លាន​ដុល្លារ កើន​ឡើង ១៦,៤ ភាគរយ និង​ទំនិញ​ដែល​កម្ពុជា​នាំចូល​ពី​ទីផ្សារ​អន្តរជាតិ​ជិត ៣០ ​ពាន់​លាន​ដុល្លារ កើនឡើង ៤,៣ ​ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ ការបង្កើនការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ គឺជារឿងដែលកម្ពុជាកំពុងផ្ដោតការយកចិត្តទុកដាក់។ ប៉ុន្តែដើម្បីធ្វើរឿងទាំងនោះបាន គេត្រូវគិតគូរពីស្តង់ដារនៃគុណភាពផលិតផលជាមុនសិន។

ស្តង់ដារនៃទំនិញនេះទៀតសោត សំដៅលើលក្ខណៈ​បច្ចេករបស់ផលិតផល ដំណើរការផលិតកម្ម និងសេវាកម្ម។ ផលិតផលមួយដែលមានស្តង់ដារ ជាផលិតផលដែលមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព កាត់បន្ថយចំណាយ និងមានភាពងាយស្រួលក្នុងការផលិតជាដើម។

អាជីវកម្មក្នុងស្រុកចំនួនពីរដែលចង់ចាប់យកឱកាសនាំចេញទំនិញទៅកាន់ទីផ្សារខាងក្រៅ បាន និងកំពុងតែគិតគូរអំពីការពង្រឹងស្តង់ដារនៃផលិតផលរបស់ខ្លួនឱ្យកាន់តែប្រសើរ។

មួយក្នុងអាជីវកម្មទាំងពីរគឺ «ប្រេងរិតស្លឹកម្លូ» ដែលអាជីវកម្មនេះបានស្រាវជ្រាវយកស្លឹកម្លូខ្មែរទៅកែច្នៃចេញជាប្រេងលាបបំបាត់ការឈឺចាប់ ដែលមិនប៉ះពាល់ដល់សុខភាពសាធារណៈ។ អាជីវកម្មនេះ ត្រូវបានធ្វើឡើងតាមលក្ខណៈវេជ្ជសាស្ត្រ ដែលឆ្លងកាត់ការពិសោធន៍ត្រឹមត្រូវ និងអាចប្រើប្រាស់បានយ៉ាងទូលំទូលាយផងដែរ។

និយាយដល់ស្តង់ដារ ឱសថការី អ៊ឹង សៀមគីម ម្ចាស់ផលិតផលប្រេងរិតស្លឹកម្លូបានឱ្យដឹងថា ខ្លួនបានគិតគូរពីស្តង់ដារផលិតផលនេះតាំងតែពីចេញលក់ដំបូងម្លេះ។ ការគិតគូរដល់ស្តង់ដារបែបនេះ ក៏ព្រោះតែអ្នកស្រីមានបំណងចង់នាំយកផលិតផលរបស់ខ្លួនទៅលក់នៅតាមឱសថស្ថាន ជាពិសេស នាំចេញទៅកាន់ទីផ្សារក្នុងតំបន់។

អ្នកស្រីបន្តថា៖

«មានត្រឹមតែផលិតផលល្អគឺមិនទាន់គ្រប់គ្រាន់និងឱ្យគេជឿជាក់បាននោះទេ ប៉ុន្តែ​ការបំពេញបានតាមលក្ខន្តិកៈស្តង់ដារដែលបានកំណត់ទើបជាការធានាភាពជឿជាក់ដ៏ពិតប្រាកដ»។

អាជីវកម្មក្នុងស្រុកមួយទៀត គឺអាជីវកម្ម «សៀង» ដែលជាប្រភេទមុខរបរប្រពៃណីរបស់ប្រជាជនខ្មែរនោះ ក៏បានវិវត្តខ្លួនទៅជាមុខរបរដែលមានស្តង់ដារត្រឹមត្រូវ។

លោក ចាន់ រដ្ឋា ដែលជាម្ចាស់សិប្បកម្មសៀងឆ្ងាញ់ ដែលមានទីតាំងស្ថិតនៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា លោកចង់ឃើញផលិតផលបែបប្រពៃណីមួយនេះបានឈានជើងដើរចេញទៅដល់ទីផ្សារក្រៅស្រុក។

ដើម្បីសម្រេចបាននូវបំណងនេះ ម្ចាស់អាជីវកម្មខាងលើបានសម្រេចនូវការផលិតដែលមានស្តង់ដារ គុណភាព រសជាតិ និងអនាម័យ។ ទាំងការវេចខ្ចប់ ទាំងគុណភាព ទាំងសុវត្ថិភាពគឺសុទ្ធសឹងតែជាអ្វីដែលលោក និងក្រុមគ្រួសារខិតខំពង្រឹងពីមួយឆ្នាំទៅមួយឆ្នាំ។

មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់អាជីវកម្មរូបនេះក៏តែងឆ្លៀតពេលដើម្បីរៀនបន្ថែមនូវការធ្វើផែនការអាជីវកម្មឱ្យបានច្បាស់លាស់ និងបង្កើនទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធដើម្បីអាចមានលទ្ធភាពនាំយកផលិតផលរបស់ខ្លួនចេញទៅកាន់ទីផ្សារខាងក្រៅនាពេលខាងមុខ។

ម្ចាស់អាជីវកម្មទាំងពីរសុទ្ធតែចង់ឃើញផលិតផលខ្មែរ មានវត្តមាននៅលើទីផ្សារក្រៅស្រុក ដែលបង្ហាញពីមោទនភាពខ្មែរជារួម ជាពិសេសជាការលើកទឹកចិត្តដល់អាជីវកម្មក្នុងស្រុកផ្សេងទៀត ចាប់ផ្ដើមគិតគូរពីស្តង់ដារនៃផលិតផលរបស់ពួកគេរៀងៗខ្លួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ