បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។
ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។
ទីក្រុងប៉េកាំង នៅតែប្រកាន់ជំហរថា ទឹកដីកោះតៃវ៉ាន់ទាំងមូលគឺជាផ្នែកមួយនៃដែនអធិបតេយ្យភាពរបស់ខ្លួន ហើយបានជំរុញឱ្យមានការបង្រួបបង្រួមជាតិដោយសន្តិវិធី ដោយមិនបោះបង់ចោលនូវជម្រើសនៃការប្រើប្រាស់កម្លាំងយោធានោះឡើយ។
ងាកទៅសហរដ្ឋអាមេរិកឯណោះវិញ នៅតែបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ប៉ុន្តែនៅតែបន្តផ្គត់ផ្គង់អាវុធយោធាទំនើបៗឱ្យទៅទីក្រុងតៃប៉ិ រួមទាំងការប្រគល់យន្តហោះចម្បាំង F-16 កាលពីពេលកន្លងទៅថ្មីៗនេះ ក្រោមពាក្យសន្យានៃកិច្ចព្រមព្រៀងការពារជាតិដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។
សកម្មភាពទាំងនេះបានរងការថ្កោលទោសយ៉ាងខ្លាំងពីមន្ត្រីចិន ដោយពួកគេចាត់ទុកការផ្គត់ផ្គង់អាវុធទាំងនេះថាជាការជ្រៀតជ្រែកផ្ទាល់ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ហើយបានជំរុញឱ្យក្រុងវ៉ាស៊ីនតោនកាត់បន្ថយ និងប្រុងប្រយ័ត្នខ្ពស់លើបញ្ហាកោះតៃវ៉ាន់។
បើទោះបីជាមានការអះអាងតាមផ្លូវទូតយ៉ាងណាក៏ដោយ អ្នកវិភាគហិរញ្ញវត្ថុ និងអ្នកស្រាវជ្រាវសេដ្ឋកិច្ចបានព្រមានថា ទីផ្សារសកលនៅតែងាយរងគ្រោះដោយសារការប៉ះទង្គិចផ្នែកភូមិសាស្ត្រនយោបាយ។ បច្ចុប្បន្នកោះតៃវ៉ាន់ ដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យបច្ចេកវិទ្យាអន្តរជាតិ ក្នុងនាមជាអ្នកផលិតបន្ទះឈីប ឬ Semiconductors កម្រិតខ្ពស់ដ៏លេចធ្លោជាងគេ ដែលជាសមាសភាគដ៏សំខាន់សម្រាប់ផលិតកម្មសកល ឧបករណ៍អេឡិចត្រូនិក និងប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ផងដែរ។
គួរឱ្យដឹងដែរថា ការសិក្សាផ្នែកសេដ្ឋកិច្ចមួយធ្វើឡើងដោយ Bloomberg Economics កាលពីពេលកន្លងទៅបានបង្ហាញថា ការកើនឡើងនៃភាពតានតឹង ការបិទខ្ទប់ ឬជម្លោះយោធាទ្រង់ទ្រាយធំណាមួយនៅក្នុងតំបន់នេះ អាចរំខានយ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់សំខាន់ៗ បង្កឱ្យមានការពិន័យពន្ធអន្តរជាតិ និងខាតបង់ថវិកាដល់ទៅប្រមាណ ១០,៦ទ្រីលានដុល្លារ ឬ ៩,៦ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)របស់ពិភពលោក គិតត្រឹមតែឆ្នាំដំបូងនៃសង្គ្រាមប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ អ្នកជំនាញហិរញ្ញវត្ថុមួយជាច្រើនបានយល់ថា ការវាយតម្លៃពីហានិភ័យភូមិសាស្ត្រនយោបាយឱ្យបានត្រឹមត្រូវពិតជាមានភាពលំបាកខ្លាំង ប៉ុន្តែមន្ត្រីអាមេរិកនៅតែចាត់ទុកថ្នាក់ដឹកនាំចិនជាអ្នកដឹកនាំដែលមានហេតុផល និងតែងតែថ្លឹងថ្លែងយ៉ាងម៉ត់ចត់ពីផលវិបាកផ្នែកសេដ្ឋកិច្ច និងនយោបាយ មុនពេលសម្រេចចិត្តប្រើប្រាស់កម្លាំងយោធា៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content