ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។

តាមរយៈរបាយការណ៍សង្ខេបដែលប្រកាសដោយ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដែលមានរយៈពេល៣ថ្ងៃកន្លងទៅនេះ មានការចូលរួមពីបណ្តាម្ចាស់អាជីវកម្ម សហគ្រាស ក្រុមហ៊ុន ផលិត និងកែច្នៃ ផលិតផលកសិកម្ម រួមទាំងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងចក្រ ឧបករណ៍ ពាក់ព័ន្ធនឹងវិស័យកសិកម្មសរុបចំនួន ៤៤៦ ស្តង់ ក្រោមការចូលរួមពីសំណាក់បងប្អូនប្រជាកសិករ ប្រជាពលរដ្ឋទូទៅគ្រប់មជ្ឈដ្ឋាន ក៏ដូចជាបណ្តាអ្នកវិនិយោគ ធុរកិច្ចនានាសរុបប្រមាណជាង ៣៥០០០នាក់ កើនឡើងលើសពីឆ្នាំ២០២៥ កន្លងទៅប្រមាណជាង ១៥០០០នាក់។

ឯកឧត្តមបានបញ្ជាក់ឱ្យដឹងទៀតថា គិតត្រឹមម៉ោង ៤ល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃទី៣ នៃការបិទបញ្ចប់វេទិកាប្រចាំឆ្នាំមួយនេះ ទំហំពាណិជ្ជកម្មនៅក្នុងព្រឹត្តិការណ៍មួយមានចំនួនប្រមាណ ១លាន ៨សែនដុល្លារអាម៉េរិក ដែលបានមកពីការចូលរួមគាំទ្រ និងទិញផលិតផលនានាពីសំណាក់បងប្អូនប្រជាជនកម្ពុជា ក៏ដូចជាអតិថិជនដែលជាជនបរទេសផងដែរ។
ជាការកត់សម្គាល់ តាមរយៈព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយនេះ បានផ្តល់នូវចំណេះដឹងពាក់ព័ន្ធនឹងការផលិតកសិផល ការស្វែងរក និងតភ្ជាប់ទីផ្សារ ក៏ដូចជាដៃគូសហការ ជាពិសេស ការស្វែងរកដំណោះស្រាយទៅលើភាពប្រឈមនៅក្នុងសង្វាក់ផលិតកម្ម ក្រោមការចូលរួមចែករំលែកបទពិសោធន៍ពីសំណាក់កសិករគំរូ សហគមន៍កសិកម្មដែលទទួលបានភាពជោគជ័យ មន្ត្រីជំនាញដែលពាក់ព័ន្ធទៅលើបច្ចេកទេស ក៏ដូចជាក្រុមហ៊ុនវិស័យឯកជនពាក់ព័ន្ធទៅនឹងការទទួលបានហិរញ្ញប្បទានផងដែរ។

នៅក្នុងពិធីប្រកាសបិទ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ និងដៃគូអភិវឌ្ឍន៍នានា ជាពិសេសអង្គការ FAO ដែលជាដៃគូជិតស្និទ្ធ អង្គការ វិស័យឯកជន និងនិស្សិតស្ម័គ្រចិត្ត ដែលបានខិតខំលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ដើម្បីដំណើរការកម្មវិធី CAFE26 និងបានបញ្ចប់ទៅដោយជោគជ័យ ក្រោមកិច្ចគាំទ្រយ៉ាងពេញទំហឹងពីសំណាក់បងប្អូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់វិស័យកសិកម្ម តភ្ជាប់ការធ្វើពាណិជ្ជកម្ម ទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និងក្រៅប្រទេស ជំរុញការកែច្នៃក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា។

ឯកឧត្តមបានបន្តថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានធ្វើឡើងក្នុងគោលដៅចម្បង គិតគូររកដំណោះស្រាយ បញ្ហាពាក់ព័ន្ធឱ្យផលិតផលកសិកម្ម ផ្សារភ្ជាប់ទីផ្សារ និងតម្រូវការជាក់ស្តែងទាំងបរិមាណ គុណភាព និងតម្លៃ ពិសេសការចូលរួមគ្រប់តួអង្គពាក់ព័ន្ធ ទាំងវិស័យធនាគារ បច្ចេកទេសកសិកម្ម កសាងទំនុកចិត្តរួមគ្នា និងផ្តល់ផលចំណេញទាំងអស់គ្នា។
សូមបញ្ជាក់ដែរថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) មិនមែនគ្រាន់តែជាពិព័រណ៍ ឬវេទិកាជជែកពិភាក្សាពីការធ្វើពិពិធកម្ម និងអភិវឌ្ឍវិស័យកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែវាជាថ្នាលដ៏សំខាន់សម្រាប់កសិករ អ្នកកែច្នៃ ពាណិជ្ជករ អ្នកវិនិយោគ និងអ្នកតាក់តែងគោលនយោបាយ ក្នុងការចែករំលែកគំនិត បង្កើតភាពជាដៃគូ និងស្វែងរកឱកាសថ្មីៗ សម្រាប់ការកសាងភាពជាដៃគូយូរអង្វែងផងដែរ៕

















វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content