ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៧២លានដុល្លារ ដើម្បីជួយប្រទេសកម្ពុជាពង្រឹងការធ្វើកសិកម្មនៅតាមជនបទ និងបង្កើនការចូលរួមរបស់ស្ត្រីក្នុងវិស័យកសិកម្ម ព្រមទាំងបង្កើនភាពធន់របស់កសិករខ្នាតតូចប្រមាណ ២០ម៉ឺននាក់ ក្នុងចំណោមអ្នកដែលងាយរងគ្រោះដោយគ្រោះមហន្តរាយ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារ ADB នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះឱ្យដឹងថា កញ្ចប់ហិរញ្ញប្បទានដែលមានទំហំ ៧២លានដុល្លារនេះ រួមមានឥណទានសម្បទានចំនួន ៥៧លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ១៥លានដុល្លារអាម៉េរិក ពីមូលនិធិអភិវឌ្ឍន៍អាស៊ី ដែលគាំទ្រដល់ប្រទេសដែលត្រូវការជំនួយបំផុត ដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនយូរអង្វែង ។ ហិរញ្ញប្បទានរបស់ ADB ត្រូវបានបំពេញបន្ថែមដោយសហហិរញ្ញប្បទានចំនួន ២៣ លានដុល្លារ ពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ហិរញ្ញប្បទានឥតសំណងចំនួន ១០ លានដុល្លារ ពីមូលនិធិអាកាសធាតុបៃតង ហិរញ្ញប្បទានឥតសំណងចំនួន ៣ លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់អាស៊ី និងប៉ាស៊ីហ្វិកប្រកបដោយភាពរុងរឿង និងភាពធន់ ផ្តល់ដោយរដ្ឋាភិបាលជប៉ុនតាមរយៈ ADB និង វិភាគទានចំនួន ៤,៣ លានដុល្លារ ពីរាជរដ្ឋាភិបាលកម្ពុជា ។

លោកស្រី Yasmin Siddiqi នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ការវិនិយោគលើកសិករខ្នាតតូច ជាពិសេសស្ត្រី គឺជាការចាំបាច់ដើម្បីជំរុញសេដ្ឋកិច្ចជនបទ និងគាំទ្រសហគមន៍ក្រីក្រដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុអាក្រក់ ។ តាមរយៈការជួយស្ត្រីឱ្យដឹកនាំ និងចូលរួមក្នុងការសម្រេចចិត្ត និងក្នុងកម្មវិធីអភិវឌ្ឍន៍គម្រោងនេះ នឹងពង្រីកខ្សែច្រវាក់តម្លៃកសិកម្មប្រកបដោយបរិយាបន្ន និងពង្រឹងប្រព័ន្ធស្បៀងអាហារ ព្រមទាំងជំរុញអាជីវកម្មដែលដឹកនាំដោយស្ត្រី និងគាំទ្រគ្រួសារឱ្យកសាងអនាគតប្រកបដោយសុខភាពល្អ សុវត្ថិភាពនិងភាពធន់ ។
បើតាមធនាគារអភិវឌ្ឍន៍អាស៊ីឱ្យដឹងថា គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូចដែលធន់នឹងអាកាសធាតុនេះ នឹងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មកសិកម្មក្នុងឃុំចំនួន ១៨៦ នៅខេត្តចំនួន៧ ដែលងាយរងគ្រោះធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិ ។ គម្រោងនេះ នឹងធ្វើទំនើបកម្ម ប្រព័ន្ធធារាសាស្ត្រ ដើម្បីបម្រើឱ្យផ្ទៃដីកសិកម្មចំនួន ៧ ០០០ហិកតាបន្ថែមទៀត និងស្ដារឡើងវិញនូវផ្លូវប្រវែង ១៩០គីឡូម៉ែត្រ ដើម្បីតភ្ជាប់កសិករទៅនឹងទីផ្សារការងារ និងឱកាស ជាពិសេសសម្រាប់ស្ត្រី និងប្រជាពលរដ្ឋដែលមិនទាន់ទទួលបានសេវាគាំទ្រពេញលេញ ។
គម្រោងនេះដែរ នឹងផ្ដល់ឱ្យកសិករ នូវការគាំទ្រផ្នែកបច្ចេកទេស និងការបណ្ដុះបណ្ដាលដើម្បីបង្កើនជំនាញ និងផ្ដល់លទ្ធភាពដល់ពួកគាត់ក្នុងការអនុវត្តវិធីសាស្ត្រប្រកបដោយភាពធន់ ក្នុងការដាំដុះដំណាំ ការធ្វើសាកវប្បកម្ម ការចិញ្ចឹមបសុបក្សី និងសត្វល្អិត និងការធ្វើវារីវប្បកម្ម ។ គម្រោងនេះ នឹងផ្ដល់ជំនួយឥតសំណង ដើម្បីជួយកសិករកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ និងជីដែលនាំចូល និងបង្កើនភាពធន់របស់ពួកគាត់ទៅនឹងគ្រោះមហន្តរាយក្នុងសហគមន៍ លើកកម្ពស់របបអាហារដែលផ្ដល់នូវសុខភាពល្អ និងគ្រប់គ្រងគ្រោះធម្មជាតិ ក៏ដូចជាហានិភ័យគ្រោះមហន្តរាយ ។

បើតាមប្រសាសន៍ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE26) កាលពីចុងសប្ដាហ៍កន្លងទៅនេះឱ្យដឹងថា របរកសិកម្មនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ មិនមែនជារបរបែបប្រពៃណីដូចមុនទៀតនោះទេ តែវាបានក្លាយជាមុខរបរដែលធ្វើនវានុវត្តន៍ ការធ្វើកសិកម្មបែបទំនើប ដោយកសិករតាមបណ្ដាខេត្តបានចងក្រងជាសហគមន៍ហើយរកទីផ្សារសម្រាប់ផលិតផលកសិកម្មសម្រាប់ផ្គត់ផ្គង់យូរអង្វែង ។
គួរបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ ក្រៅពីកសិករ នៅក្នុងវិស័យកសិកម្មកម្ពុជាក៏ចាប់ផ្ដើមមានការវិនិយោគធំៗពីវិនិយោគិនក្នុងនិងក្រៅប្រទេស ដោយមើលឃើញថាដំណាំយុទ្ធសាស្ត្រ និងមានសក្ដានុពលមួយចំនួនរបស់កម្ពុជា ត្រូវបានដាំដុះ កែច្នៃ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាការរួមចំណែកដល់ការនាំចេញរបស់កម្ពុជាមួយចំណែកធំផងដែរ ។ ជាក់ស្ដែងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យដឹងថា ក្នុងឆ្នាំកន្លងទៅការនាំចេញកសិផលជារុក្ខជាតិមានទំហំរហូតដល់១៥លានតោន ៕






វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content