ភ្នំពេញ ៖ ការធ្វើកសិកម្មតាមបែបកសិ-អេកូឡូស៊ី បានជួយឱ្យកសិករកាត់បន្ថយការចំណាយថ្លៃដើមបានច្រើន និងអាចរកប្រាក់ចំណូលបានខ្ពស់ជាងការធ្វើកសិកម្មតាមបែបប្រពៃណី ឬកសិកម្មដែលប្រើប្រាស់ជីគីមី និងថ្នាំគីមីពុល ហើយអ្វីដែលកាន់តែពិសេសនោះ គឺជួយឱ្យគុណភាពដីល្អប្រសើរ ទិន្នផលកសិកម្មទទួលបានខ្ពស់ និងជួយដល់បរិស្ថានក្នុងតំបន់ផងដែរ ។
បើតាមលោក សុខ សុធា អ្នកជំនាញផ្នែកកសិ-អេកូឡូស៊ី នៃអង្គការ GRET បានមានប្រសាសន៍ថា តាមបទពិសោធន៍ដែលលោកបានធ្វើការជាមួយប្រជាកសិករជាច្រើនសហគមន៍ក្នុងខេត្តសៀមរាបកន្លងមកនេះឃើញថា ការធ្វើកសិកម្មតាមបែបកសិ-អេកូឡូស៊ី បានធ្វើឱ្យកសិករមានការផ្លាស់ប្តូរជីវភាពកាន់តែប្រសើរជាងមុន មិនធ្វើឱ្យប៉ះពាល់សុខភាពដល់អ្នកដាំ ក៏ដូចជាអ្នកបរិភោគ ហើយអ្វីដែលពិសេសទៀតនោះ គឺទិន្នផលបន្លែដែលកសិករបានដាំដុះបានមានតម្រូវការទីផ្សារខ្ពស់ ក្រោមការរង់ចាំបញ្ជាទិញពីបណ្តាភោជនីយដ្ឋានធំ ក៏ដូចជាសណ្ឋាគារផងដែរ ដើម្បីបម្រើក្នុងអាជីវកម្មចំណីអាហាររបស់ពួកគេ ។

លោកបន្តថា ៖
«ការធ្វើកសិកម្មបែបនេះ តម្រូវឱ្យកសិករប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់នៅក្នុងសហគមន៍ដើម្បីផលិតជាជីកំប៉ុស ថ្នាំកសិកម្មធម្មជាតិ មិនប៉ះពាល់ដល់សុខភាពអ្នកដាំ និងអ្នកបរិភោគ ។ ការធ្វើកសិកម្មបែបនេះ ក៏ជួយទប់ស្កាត់ផលប៉ះពាល់ដល់បរិស្ថានមួយកម្រិតផងដែរ»។
លោក ឈិត ឆេង កសិករដែលអនុវត្តន៍កសិកម្មតាមបែបអេកូឡូស៊ីមួយរូបនៅក្នុងភូមិជ្រៃជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានមានប្រសាសន៍ថា លោកបានអនុវត្តធ្វើកសិកម្មតាមបែបកសិ-អេកូឡូស៊ីនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយកត់សម្គាល់ឃើញថា ចាប់តាំងពីបានអនុវត្តតាមបែបនេះមក ធ្វើឱ្យគ្រួសារមានកម្រិតជីវភាពធូរធាជាងមុន អាចផ្គត់ផ្គង់ការសិក្សារបស់កូនបានចប់គ្រប់គ្នា និងចេញធ្វើការទទួលបានប្រាក់ខែសមរម្យ ជាពិសេសសមាជិកក្នុងគ្រួសារមិនសូវមានបញ្ហាសុខភាព ។ ដោយឡែក បន្លែដែលដាំដុះបាន គឺងាយស្រួលរកទីផ្សារ ទាំងទីផ្សារនៅក្នុងតំបន់ និងទីផ្សារនៅទីរួមខេត្ត ហើយក៏មានអ្នកចាំទិញផងដែរ ទាំងទិញរាយ និងទិញសម្រាប់បោះដុំ ដើម្បីយកទៅលក់បន្តនៅតាមហាងអាហារដ្ឋានតូចធំក្នុងក្រុងផងដែរ។
លោកបញ្ជាក់ថា ៖
« ជាមធ្យម ក្នុងមួយខែ ខ្ញុំអាចលក់បន្លែដែលដាំនៅជុំវិញផ្ទះបានប្រមាណជាង១លានរៀល លើផ្ទៃដីប្រមាណ ៣០០០ម៉ែត្រការ៉ ដោយមានប្រភេទបន្លែចម្រុះ ។ នៅពេលបន្លែណាអាចប្រមូលផលបានរួចរាល់ហើយ យើងដាំបន្លែផ្សេង ដោយដាំវិលជុំ និងអាចប្រមូលផលបានរាល់ថ្ងៃ» ។
លោកបន្តឱ្យដឹងទៀតថា បច្ចុប្បន្ន ប្រជាកសិករក្នុងសហគមន៍របស់លោកស្ទើរតែទាំងអស់សុទ្ធតែបានអនុវត្តដាំដុះដំណាំតាមបែបកសិ-អេកូឡូស៊ី ហើយពួកគេក៏មានកម្រិតជីវភាពប្រសើរជាងមុន និងជំរុញឱ្យកូនៗបានចូលសាលារៀនដូចៗគ្នា។
លោក ជាម សុភ័ណ្ឌ កសិករក្នុងសហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ ស្រុកសូទ្រនិគម ខេត្តសៀមរាប ក៏បានឱ្យដឹងដែរថា កាលពីមុន លោកដាំដុះបន្លែតាមបែបធម្មតាៗ ឬបែបប្រពៃណី ដោយប្រើជីគីមី និងថ្នាំសម្លាប់សត្វល្អិតគីមី ប៉ុន្តែការដាំដុះបែបនេះ ថ្វីត្បិតតែទទួលបានផលច្រើន ប៉ុន្តែពុំសូវមានទីផ្សារនោះទេ ហើយក៏បានប៉ះពាល់ដល់សុខភាពកូនចៅ និងក្រុមគ្រួសារដែលដាំដុះបន្លែនោះដែរ ។

លោកបន្តថា ចាប់តាំងពីលោកបានធ្វើកសិកម្មតាមបែប កសិ-អេកូឡូស៊ី ឃើញថា តម្រូវការបន្លែដែលលោកបានដាំដុះ គឺមានទីផ្សារខ្ពស់ មិនដែលជួបបញ្ហាទីផ្សារ ហើយបន្លែទាំងនោះក៏មានតម្លៃខ្ពស់ជាងបន្លែដែលដាំដុះដោយប្រើគីមីផងដែរ ។ បច្ចុប្បន្ន នៅក្នុងសហគមន៍របស់លោក កសិករស្ទើរតែទាំងអស់បានអនុវត្តនូវការធ្វើកសិកម្មតាមបែបកសិ-អេកូឡូស៊ី ហើយបានប្រមូលផលយកមកលក់ឱ្យសហគមន៍ដែលរង់ចាំទិញ ដោយសហគមន៍យកទៅលក់បន្តនៅផ្សារនានាក្នុងខេត្ត រួមទាំងរាជធានីភ្នំពេញផងដែរ ។
អ្នកស្រី ថៃ សូដា អនុប្រធានសហគមន៍ កសិកម្មសុវត្ថិភាពធម្មជាតិ នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា អ្នកស្រីគឺជាអ្នកទទួលទិញបន្លែសុវត្ថិភាពពីកសិករដែលជាសមាជិករបស់សហគមន៍ ដូច្នេះ កសិករដែលដាំដុះបន្លែតាមបច្ចេកទេសកសិ-អេកូឡូស៊ី គឺខាងសហគមន៍ទទួលទិញទាំងអស់ ដោយសារសហគមន៍មានដៃគូរង់ចាំទិញយកទៅដាក់លក់បន្តនៅផ្សារចុងសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្មនៅខេត្តសៀមរាប និងអាហារដ្ឋានផ្សេងៗ។
អ្នកស្រីបន្ថែមថា កសិករដាំបានប៉ុន្មាន ខាងសហគមន៍រង់ចាំទិញទាំងអស់ ប៉ុន្តែគឺទិញតែពីសមាជិករបស់សហគមន៍ប៉ុណ្ណោះ ពីព្រោះថាពួកគាត់សុទ្ធតែជាអ្នកដែលទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះ និងអនុវត្តន៍តាមកសិ-អេកូឡូស៊ី ដោយសហគមន៍ហ៊ានធានាពីសុវត្ថិភាពបន្លែដល់អ្នកបរិភោគ៕





វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content