បរទេស៖ សង្គ្រាមនៅមជ្ឈិមបូព៌ា បានជំរុញដល់ការនាំចេញឧបករណ៍ និងសម្ភារៈប្រើប្រាស់ដើរដោយថាមពលស្អាតរបស់ចិនកើនឡើងខ្ពស់ ព្រោះបណ្តាប្រទេសជាច្រើននៅលើសកលលោកកំពុងព្យាយាមស្វែងរកជម្រើសថ្មីដើម្បីទប់ទល់នឹងការឡើងថ្លៃនៃតម្លៃប្រេងដែលកំពុងកើតមាន នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNN ។
យោងតាមប្រភពពីក្រុមអ្នកជំនាញថាមពល Ember បានឲ្យដឹងថា ការនាំចេញឧបករណ៍ ក៏ដូចជាសម្ភារៈបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ អាគុយ និងរថយន្តអគ្គិសនីរបស់ចិនបានឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងខែមីនាកន្លងទៅនេះ ដែលវាជាសញ្ញាមួយបង្ហាញថា វិបត្តិប្រេងកំពុងជំរុញឱ្យប្រទេសនានានៅជុំវិញពិភពលោកទទួលយកថាមពលស្អាត។ គួរកត់សម្គាល់ថា ចាប់តាំងពីច្រកសមុទ្រ Hormuz ត្រូវបានបិទកាលពីចុងខែកុម្ភៈមក តម្លៃថាមពលបានឡើងថ្លៃឥតឈប់ឈរ ខណៈដែលការចរចាបញ្ចប់សង្គ្រាមកំពុងជាប់គាំង។ បណ្តាប្រទេសនៅអាស៊ីដែលពឹងផ្អែកខ្លាំងលើការនាំចូលថាមពលពីតំបន់មជ្ឈិមបូព៌ាកំពុងដាក់ចេញនូវវិធានការណ៍ជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់វិបត្តិខ្វះខាតប្រេងឥន្ធនៈ។
ទន្ទឹមនឹងនេះ ក៏មានបណ្តាប្រទេសមួយចំនួនកំពុងបង្កើនការវិនិយោគកាន់តែច្រើនទៅលើថាមពលកកើតឡើងវិញ ហើយចិននឹងទទួលបានអត្ថប្រយោជន៍ច្រើនក្នុងនាមជាអ្នកផលិតរថយន្តអគ្គិសនី ទួរប៊ីនខ្យល់ និងបន្ទះស្រូបពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ពិភពលោក។
Ember បានចេញរបាយការណ៍ថ្មីមួយថា ចិនបាននាំចេញបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យចំនួន ៦៨ ជីហ្គាវ៉ាត់នៅក្នុងខែមីនា ដែលលើសពីគោលដៅកំណត់កាលពីខែសីហា ៥០ ភាគរយ។ មិនត្រឹមតែប៉ុណ្ណោះ ជាង ៥០ ប្រទេសបានបង្កើនការនាំចូលថាមពលពន្លឺព្រះអាទិត្យពីចិន ដោយភាគច្រើនជាប្រទេសដែលកំពុងមានទីផ្សារ និងរីកចម្រើន ដូចជា នៅតំបន់អាស៊ី និងអាហ្រ្វិក ដែលរងគ្រោះខ្លាំងបំផុតពីវិបត្តិថាមពល ខណៈដែលការនាំចេញថាមពលពន្លីព្រះអាទិត្យ អាគុយ និង EVs សរុបកើនឡើង ៧០ ភាគរយនៅក្នុងខែមីនា បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ២០២៥ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ GDP របស់ចិន។ ការនាំចេញថាមពលស្អាតរបស់ចិនបានឈានដល់ ១០ ពាន់លានដុល្លារនៅក្នុងខែមីនា ទៅកាន់គោលដៅសំខាន់ៗ ដូចជា សហភាពអឺរ៉ុប អូស្ត្រាលី និងឥណ្ឌា។

សូមជម្រាបថា ភាពមិនច្បាស់លាស់នៃការបិទ ឬ បើកឡើងវិញនូវច្រកសមុទ្រ Hormuz កាន់តែជំរុញឱ្យមានក្ដីព្រួយបារម្ភកាន់តែខ្លាំងអំពីសន្តិសុខថាមពល ដែលធ្វើឲ្យប្រទេសជាច្រើនពន្លឿនការផ្លាស់ប្តូរពីការប្រើប្រាស់ថាមពលឥន្ធនៈរបស់ពួកគេទៅជាថាមពលស្អាត។ លោក Euan Graham អ្នកវិភាគជាន់ខ្ពស់នៅ Ember បានលើកឡើងថា វិបត្តិឥន្ធនៈហ្វូស៊ីលកំពុងជំរុញឱ្យថាមពលពន្លឺព្រះអាទិត្យបានក្លាយទៅជាម៉ាស៊ីននៃសេដ្ឋកិច្ចពិភពលោក។
លោក Ed Miliband លេខាធិការថាមពលរបស់ចក្រភពអង់គ្លេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃដើមសប្តាហ៍នេះថា នៅពេលដែលមានភាពប្រឈមមុខនឹងវិបត្តិឥន្ធនៈហ្វូស៊ីលលើកទីពីរក្នុងរយៈពេលតិចជាង ៥ឆ្នាំ វាគឺជាមេរៀនដ៏ច្បាស់លាស់មួយដែលបញ្ជាក់ថា យុគសម័យឥន្ធនៈហ្វូស៊ីលបានបញ្ចប់ ហើយជំនួសដោយយុគសម័យថាមពលស្អាតដែលកំពុងតែមកដល់។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ចិនបានបង្កើនការវិនិយោគកាន់តែច្រើននៅក្នុងឧស្សាហកម្មថាមពលបៃតង ដើម្បីមានថាមពលសម្រាប់ខ្លួនឯងប្រើប្រាស់គ្រប់គ្រាន់ និងទប់ស្កាត់ផលប៉ះពាល់ពីការខ្វះខាតប្រេង។ មិនត្រឹមតែប៉ុណ្ណោះ ភាពលេចធ្លោរបស់ចិននៅក្នុងបច្ចេកវិទ្យាកកើតឡើងវិញបានឈានដល់ការនាំចេញទៅបរទេស ដែលធ្វើឱ្យប្រទេសនេះកាន់តែមានឥទ្ធិពលលើភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចកាន់តែច្រើន។ ជាក់ស្តែង ប៉ាគីស្ថាន អាចរួចផុតពីផលប៉ះពាល់សង្គ្រាមមួយចំនួន ដោយសារប្រទេសនេះចាប់ផ្តើមនាំចូលបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យមានតម្លៃថោកពីចិនកាលពីប៉ុន្មានឆ្នាំមុន។ សេដ្ឋវិទូបានលើកឡើងថា ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យជំនួសការនាំចូលប្រេងមានតម្លៃថ្លៃអាចសន្សំប្រាក់បានរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
លោក Jeong Won Kim អ្នកស្រាវជ្រាវជាន់ខ្ពស់មកពីសាកលវិទ្យាល័យជាតិសិង្ហបុរី បានលើកឡើងថា ចិន ត្រូវបានចាត់ទុកថាជាអ្នកផ្គត់ផ្គង់មានតម្លៃទាប ប៉ុន្តែប្រទេសនេះគឺជាដៃគូរយៈពេលវែងក្នុងការផ្លាស់ប្តូរថាមពល។
របាយការណ៍ពី Ember បានសរសេរផងដែរថា ក្រៅពីបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ ការប្រើប្រាស់យានជំនិះអគ្គិសនី (EV) ជាសកល បានកាត់បន្ថយការប្រើប្រាស់ប្រេងប្រហែល ១,៧ លានបារ៉ែលកាលពីឆ្នាំមុន ស្របពេលដែលតម្លៃប្រេងសកលកំពុងឡើងថ្លៃដោយសារជម្លោះមជ្ឈិមបូព៌ា ក្រុមហ៊ុន EV របស់ចិនកំពុងមើលឃើញពីការកើនឡើងនៃការលក់របស់ពួកគេនៅក្រៅប្រទេស។ ការនាំចេញរថយន្តអគ្គិសនី និងរថយន្តកូនកាត់របស់ចិនបានកើនឡើងខ្ពស់បំផុតក្នុងខែមីនា ដោយកើនឡើង ១៤០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នា២០២៥៕




វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content