អាស៊ែបៃហ្សង់ ៖ នៅក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបជាមួយឯកឧត្តម Ilham Aliyev ប្រធានាធិបតីប្រទេសអាស៊ែបៃហ្សង់ កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំពឹងថា នៅពេលឆាប់ៗខាងមុខនេះ វិនិយោគិន និងធុរជនរបស់ប្រទេសអាស៊ែបៃហ្សង់ នឹងបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីឈ្វេងយល់ពីឱកាសនានាក្នុងការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ។
សម្ដេចធិបតីបានមានប្រសាសន៍ថា ការបង្កើនទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ បង្កើត និងកំណត់ឱកាសជាក់ស្ដែងសម្រាប់ការវិនិយោគ និងការតភ្ជាប់ធុរកិច្ច ។

សម្ដេចបន្តថា នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសអាស៊ែបៃហ្សង់ សម្ដេចបានពិភាក្សាអំពីលទ្ធភាពនៃការរៀបចំជំនួបរវាងអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសកម្ពុជា និងប្រទេសអាស៊ែបៃហ្សង់ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងសេវាហោះហើរ ដែលនឹងជួយសម្រួលដល់ការតភ្ជាប់ផ្លូវអាកាសរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ។
សូមជម្រាបថា ៖ នៅក្នុងដំណើរទស្សនកិច្ចនោះដែរ កម្ពុជា-អាស៊ែបៃហ្សង់ ក៏បានរៀបចំវេទិកាធុរកិច្ចមួយ ដែលសហការរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសេដ្ឋកិច្ចនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដោយមានក្រុមហ៊ុនអាស៊ែបៃហ្សង់ចូលរួមសរុបប្រមាណ ៩០ក្រុមហ៊ុន ដែលជាឱកាសក្នុងការពង្រីកពាណិជ្ជកម្ម ការវិនិយោគរវាងប្រទេសទាំងពីរ ។
នៅក្នុងវេទិកានោះដែរ អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានស្នើទៅរដ្ឋាភិបាលនៃប្រទេសអាស៊ែបៃហ្សង់បើកស្ថានទូតពេញលេញនៅរាជធានីភ្នំពេញ និងបង្កើតជើងហោះហើររត្រង់វាងប្រទេសកម្ពុជា និងអាស៊ែបៃហ្សង់ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ជំរុញការធ្វើធុរកិច្ច វិនិយោគនិងទេសចរណ៍រវាងប្រទេសទាំងពីរ ។ ទន្ទឹមនេះដែរ អ្នកឧកញ៉ា ក៏បានអញ្ជើញវិនិយោគិន និងធុរជននៃប្រទេសអាស៊ែបៃហ្សង់ធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា ដើម្បីបានមើលឃើញផ្ទាល់ពីឱកាសទីផ្សារ និងសក្ដានុពលវិនិយោគ ក៏ដូចជាឱកាសក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ។

គួររម្លឹកថា នៅក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតី និងប្រតិភូកម្ពុជា នៅក្នុងប្រទេសអាស៊ែបៃហ្សង់ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើឯកសារចំនួន៣ផងដែរ ក្នុងនោះរួមមាន ៖
១-អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។
២-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាង វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង សាកលវិទ្យាល័យ ADA ដែល ចំណុះឱ្យក្រសួងការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។
៣-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធនិងការចៀសវាងពន្ធ ៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content