ភ្នំពេញ ៖ កម្ពុជា កំពុងប្រឈមនឹងគ្រោះរាំងស្ងួត និងរលកកម្ដៅខ្លាំងចាប់ពីសប្ដាហ៍ទី៣ ខែតុលា នេះ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ដោយសារគ្រោះធម្មជាតិអែលនីញ៉ូ(EL Nino)។ ដំណាំយុទ្ធសាស្ដ្រសេដ្ឋកិច្ចជាតិ ដូចជា ស្រូវ ពោត ដំឡូងមី ប្រឈមនឹងហានិភ័យខ្ពស់ក្នុងគ្រោះធម្មជាតិដែលមានរលកកម្ដៅកើនឡើងខ្ពស់មួយនេះ ប៉ុន្ដែអ្នកជំនាញកសិកម្មបានបញ្ជាក់ថា ក្នុងចំណោមនោះ ដំណាំចន្ទី គឺស្ថិតនៅក្នុងកម្រិតហានិភ័យទាបជាងគេ។
គិតត្រឹមតែរយៈពេល ៨ខែ ឆ្នាំ២០២៦ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីស្រស់ជិត ២លានតោន ឬ ១ ៨០០ ០០០ តោន ដែលគិតជាទឹកប្រាក់ចាក់ចូលចរន្តសេដ្ឋកិច្ចជាតិ មានចំនួនប្រមាណ ១ ៩០០លានដុល្លារ។ តួលេខនេះ បានកើនឡើង ២៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

ដោយមើលឃើញពីសក្ដានុពលសេដ្ឋកិច្ចកើតចេញពីវិស័យស្វាយចន្ទីធំជាងគេក្នុងចំណោមដំណាំផ្សេងទៀត អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច និងមន្ដ្រីជំនាញកសិកម្ម បានបង្ហាញក្ដីបារម្ភចំពោះបាតុភូតអែលនីញ៉ូដែលគេព្យាករណ៍ថា វាអាក្រក់ជាងពេលណាណាទាំងអស់សម្រាប់កម្ពុជា និងបានបង្រៀនកសិករឱ្យបង្កើនភាពបត់បែនផ្នែកកសិកម្ម ដើម្បីសម្របខ្លួនទៅតាមកាលៈទេសៈអាកាសធាតុ។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អ៊ួន ស៊ីឡុត បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី១៤ ខែតុលា នេះថា សមាគម បានផ្ដល់វគ្គបណ្ដុះបណ្ដាលស្ដីពីទំនើបកម្មដំណាំស្វាយចន្ទី ឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារ និងលក្ខខណ្ឌអាកាសធាតុដល់កសិករចំនួន ៣២ ០០០គ្រួសារ នៅក្នុងខេត្ដគោលដៅចំនួន ១០ ដែលគិតត្រឹមខែតុលា ឆ្នាំ២០២៦ នេះ វគ្គបណ្ដុះបណ្ដាលធ្វើបានចំនួន ៣៧ វគ្គរួចហើយ ក្នុងចំណោម ៤០វគ្គ ដែលបានដាក់ចេញដោយសមាគមស្វាយចន្ទីកម្ពុជាសម្រាប់ឆ្នាំ២០២៦។
លោក អ៊ួន ស៊ីឡុត និយាយថា៖ «យើងមិនទាន់អាចវាយតម្លៃថា អែលនីញ៉ូ មានផលប៉ះពាល់កម្រិតណាទេ! តែបើរលកកម្ដៅខ្លាំងលើសពី ៤១អង្សាសេ ចន្ទី នឹងមានបញ្ហា ហើយយើងទទួលការព្យាករណ៍មកថា អែលនីញ៉ូលើកនេះធ្ងន់ជាង ឆ្នាំ២០១១ ខ្លាំងជាងឆ្នាំ២០២០។ ដូច្នេះ វាជាក្ដីបារម្ភរបស់យើងមួយដែរ»។
ចន្ទី ជាប្រភេទដំណាំត្រូពិក មិនត្រូវការទឹកច្រើន ធន់នឹងអាកាសធាតុក្ដៅក្នុងរង្វង់ពី៤០ ទៅ៤១អង្សារសេ។ បើរលកកម្ដៅកើនលើសពី ៤១អង្សាសេ ដំណាំចន្ទីដែលភាគច្រើនចាប់ផ្ដើមចេញត្រួយ ផ្កា និងផ្ដល់ផ្លែចន្លោះចុងខែវិច្ឆិកា ដល់ដើមខែមីនា នៃឆ្នាំនីមួយៗនោះ នឹងខូចគុណភាពលំអង រលាក និងក្រៀមផ្កា គាំងក្ដឹប ជ្រុះផ្កា និងផ្លែខ្ចី ហើយខ្សោះជាតិទឹក ស្វិតផ្លែ បណ្ដាលឱ្យទិន្នផលធ្លាក់ចុះខ្លាំង។

អ្នកវិភាគសេដ្ឋកិច្ច លោកបណ្ឌិត ឌុច ដារិន្ទ បានមានប្រសាសន៍ថា បាតុភូត អែលនីញ៉ូ ដែលគេមើលឃើញថា អាចគំរាមដល់វិស័យកសិកម្ម ជាពិសេសលើប្រភេទដំណាំសក្ដានុពលរបស់កម្ពុជានោះ គប្បីទាំងវិស័យរដ្ឋ និងឯកជន ត្រូវបញ្ចេញសកម្មភាពព្រមគ្នា ក្នុងការអន្ដរាគមន៍លើវិស័យនេះ។ លោកបានផ្ដល់អនុសាសន៍ថា កសិករ ត្រូវជ្រើសរើសប្រភេទពូជដាំដុះធន់នឹងអាកាសធាតុ សន្សំទឹកស្រះ ឬបឹង កែលម្អប្រព័ន្ធស្រោចស្រព ដើម្បីរក្សាបានទិន្នផលឱ្យនៅដដែល ឬបើថយ គឺថយក្នុងកម្រិតតិចតួច។
ចំណែកអ្នកប្រមូលទិញគ្រាប់ស្វាយចន្ទីវិញ ត្រូវបង្កើនបណ្ដាញផ្គត់ផ្គង់ពីតំបន់ផ្សេងៗដែលមានសក្ដានុពល ដោយចុះកិច្ចសន្យាទិញ-លក់ជាមុនជាមួយកសិករ ហើយគួរវិនិយោគលើការស្ដុកទុក និងសម្ងួតទុកសម្រាប់លក់ចេញតាមតម្រូវការទីផ្សារ។ ទន្ទឹមគ្នានេះ វិស័យរដ្ឋ និងឯកជន ត្រូវផ្ដល់ព័ត៌មានជាក់លាក់ និងទៀងទាត់សម្រាប់កសិករ និងអ្នកប្រមូលទិញអំពីស្ថានភាពប្រែប្រួលអាកាសធាតុ និងទីផ្សារជាក់ស្ដែង។
ទោះជាយ៉ាងណា អ្នកវិភាគសេដ្ឋកិច្ចរូបនេះ បានសង្កត់ធ្ងន់ថា កម្ពុជា ត្រូវជំរុញឱ្យមានសិប្បកម្ម និងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីទៅជាផលិតផលសម្រេចក្នុងស្រុកតែម្ដង ដើម្បីបង្កើនតម្លៃសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ លោកបណ្ឌិត ចង់ឃើញសន្ទុះតម្លៃគ្រាប់ស្វាយចន្ទីកើនឡើងទ្វេដង តាមរយៈការកែច្នៃលក់ចេញទៅកាន់ផ្សារទំនើប និងទៅក្រៅប្រទេសដោយខ្លួនឯង ជាជាងលក់ចេញគ្រាប់ស្វាយចន្ទីឆៅ។
ត្រង់ចំណុចនេះ លោក អ៊ួន ស៊ីឡុត ដែលជាប្រធានសមាគមស្វាយចន្ទីកម្ពុជា សង្កេតឃើញថា ក្នុងស្ថានភាពបច្ចុប្បន្ន កម្ពុជាមិនទាន់មានរោងចក្រ ឬសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីថ្មីៗបើកដំណើរការនោះទេ ដោយរង់ចាំគម្រោងសួនកសិឧស្សាហកម្មរបស់រាជរដ្ឋាភិបាល ដែលបានព្យួរក្នុងឆ្នាំ២០២៦។ ដូច្នេះ រោងចក្រ ឬសិប្បកម្ម មិនទាន់អាចដឹកគ្រឿងម៉ាស៊ីនកែច្នៃចូល ដើម្បីដំណើរការផលិតបាននោះទេ។
យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា វៀតណាម នៅតែជាច្រកនាំចេញគ្រាប់ស្វាយចន្ទីស្រស់ធំជាងគេរបស់កម្ពុជា។ រីឯតម្លៃកាលពីឆ្នាំ២០២៥ គិតជាមធ្យម ៥ ២០០រៀល/គីឡូក្រាម ខណៈនៅឆ្នាំ២០២៦ តម្លៃគិតជាមធ្យម ៥ ៤០០រៀល/គីឡូក្រាម។ ក្នុងរយៈពេលមួយឆ្នាំ២០២៥ កម្ពុជា ផលិតបានគ្រាប់ស្វាយចន្ទីស្រស់ជាង ១លានតោន ឬ ១ ០២០ ៧៥៧តោន គិតជាទឹកប្រាក់ប្រមាណ ១,៥ ពាន់លានដុល្លារ ដែលតួលេខនេះ បានកើនឡើង ២៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content