បរទេស ៖ កាលពីថ្ងៃចន្ទកន្លងទៅនេះ ចិន បានដាក់អង្គភាពរបស់ជប៉ុនចំនួន ៤០ ចូលទៅក្នុងបញ្ជីខ្មៅរឹតបន្តឹងការនាំចេញ និងបញ្ជីស្ថិតនៅក្រោមការពិនិត្យឃ្លាំមើល ដែលវិធានការនេះជាគោលបំណងរបស់ទីក្រុងប៉េកាំងដើម្បីកាត់ផ្ដាច់មិនឱ្យទីក្រុងតូក្យូប្រើប្រាស់ទំនិញដែលអាចប្រើប្រាស់បានពីរមុខងារ (ប្រើប្រាស់បានទាំងស៊ីវិល និងយោធា) រួមមានទាំងរ៉ែកម្រផងដែរ។
តាមការចេញផ្សាយដោយ CNBC បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មចិនបានបន្ថែមអង្គភាពចំនួន ២០ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញ ដោយក្នុងនោះរួមមាន វិទ្យាស្ថានជាតិសម្រាប់សិក្សាការពារជាតិ និងមជ្ឈមណ្ឌលស្រាវជ្រាវសម្រាប់ប្រព័ន្ធកងទ័ពជើងគោក ជើងទឹក និងជើងអាកាស។ លើសពីនេះ អង្គភាពជាច្រើនស្ថិតនៅក្រោមក្រុមហ៊ុន Mitsubishi Electric និង Mitsubishi Heavy Industries ក៏ជាគោលដៅនៃការរឹតបន្តឹងនេះដែរ។ យោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា អ្នកនាំចេញរបស់ចិនទាំងនៅក្នុងស្រុក និងក្រៅប្រទេស ត្រូវបានហាមឃាត់មិនឱ្យផ្ទេរទំនិញប្រើប្រាស់បានពីរមុខងារដែលមានប្រភពដើមពីប្រទេសចិនទៅកាន់អង្គភាពដែលមានឈ្មោះក្នុងបញ្ជីខ្មៅខាងលើនោះឡើយ ហើយរាល់សកម្មភាពដែលកំពុងបន្តទាំងអស់ត្រូវតែបញ្ឈប់ជាបន្ទាន់។
ក្នុងពេលជាមួយគ្នានេះ ចិន ក៏បានបន្ថែមអង្គភាពចំនួន ២០ ផ្សេងទៀត រួមមានក្រុមហ៊ុន Mitsui E&S Co., ក្រុមហ៊ុនផលិតដ្រូន Terra Drone Corporation, ក្រុមហ៊ុនកែច្នៃឥន្ធនៈនុយក្លេអ៊ែរ និងអង្គភាពជាច្រើនរបស់ក្រុមហ៊ុន OKI Electric Industry ទៅក្នុងបញ្ជីតាមដានឃ្លាំមើល ដែលតម្រូវឱ្យមានការពិនិត្យយ៉ាងម៉ត់ចត់លើការផ្តល់អាជ្ញាបណ្ណ។ វិធានការទាំងពីរខាងលើនេះអនុវត្តមានប្រសិទ្ធភាពភ្លាមៗ។ ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា ខ្លួននឹងអនុវត្តការពិនិត្យឡើងវិញកាន់តែតឹងរ៉ឹងលើអ្នកប្រើប្រាស់ចុងក្រោយដែលជាអង្គភាពស្ថិតក្នុងបញ្ជីតាមដាន។ រាល់ការនាំចេញទាំងឡាយណាដែលពាក់ព័ន្ធនឹងយោធាជប៉ុន ហើយអាចពង្រឹងសមត្ថភាពការពារជាតិរបស់ជប៉ុន នឹងមិនត្រូវបានអនុម័តនោះឡើយ។
គួរកត់សម្គាល់ថា ចាប់តាំងពីខែមករា ទីក្រុងប៉េកាំង បានហាមឃាត់ការនាំចេញទំនិញប្រើប្រាស់បានពីរមុខងារទៅកាន់ប្រទេសជប៉ុន រួមមានដុចជា រ៉ែកម្រ មេដែកអចិន្ត្រៃយ៍ និងរ៉ែសំខាន់ៗដទៃទៀតដែលចាំបាច់សម្រាប់បច្ចេកវិទ្យាការពារជាតិ។ ចិន ចាប់ផ្តើមបង្កើនសម្ពាធលើទីក្រុងតូក្យូ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានលើកឡើងថា ការវាយប្រហារណាមួយរបស់ចិនលើកោះតៃវ៉ាន់ អាចនឹងជំរុញឱ្យមានការឆ្លើយតបផ្នែកយោធាពីទីក្រុងតូក្យូ។ ការលើកឡើងនេះបានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីទីក្រុងប៉េកាំង។
ទន្ទឹមនឹងនេះ សេដ្ឋវិទូបានវិភាគថា ចិន ព្យាយាមប្រើប្រាស់អំណាចរបស់ខ្លួនតាមរយៈខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗធ្វើជាឧបករណ៍ដាក់សម្ពាធផ្នែកនយោបាយទាំងឡាយណាដែលខ្លួនប្រឆាំង ដោយមិនបាច់ប្រើប្រាស់កម្លាំងយោធា។ ជាក់ស្តែង បណ្តាប្រទេសដែលបង្ហាញការគាំទ្រដល់កោះតៃវ៉ាន់ នឹងប្រឈមមុខហានិភ័យខ្ពស់។ យ៉ាងណាក៏ដោយ ទោះបីជាជប៉ុនវិនិយោគលើការចម្រាញ់ និងកែច្នៃរ៉ែក្នុងស្រុក ដើម្បីអាចកាត់បន្ថយការពឺងផ្អែកលើរ៉ែកម្ររបស់ចិនតាំងពីឆ្នាំ២០១០ មកក៏ដោយ ប៉ុន្តែនៅតែចៀសមិនផុតពីការជាប់ពាក់ព័ន្ធជាមួយនឹងខ្សែច្រវាក់ផ្គត់ផ្គង់ដែលពឹងផ្អែកលើប្រទេសចិន និងវៀតណាមដដែល។ លោក Koki Akimoto អ្នកសេដ្ឋកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវ Daiwa បានប៉ាន់ប្រមាណថា ប្រសិនបើចិនកាត់ផ្តាច់ការនាំចេញរ៉ែដ៏កម្រក្នុងរយៈពេលមួយឆ្នាំ និងបន្តរឹតបន្តឹងការផ្គត់ផ្គង់ជាប់លាប់រហូតនោះ ផលិតផលក្នុងស្រុកសរុប (GDP) ពិតប្រាកដរបស់ជប៉ុននឹងធ្លាក់ចុះប្រមាណ ១.៣ ភាគរយ ឬ ស្មើនឹងប្រមាណ ៧ ទ្រីលានយ៉េន (៤៣.៣ ពាន់លានដុល្លារ)ជាក់ជាមិនខាន៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content