ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលគូសបញ្ជាក់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព ការងើបឡើងវិញនៃវប្បធម៌ និងអត្ថន័យនៃស្នាមញញឹមខ្មែរដែលកើតចេញពីការបង្រួបបង្រួមជាតិ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នារាជធានីភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមវត្តមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូមកពី ៨២ ប្រទេស។

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា កិច្ចប្រជុំកំពូលនេះបើកឡើងចំពេលគម្រប់ ៦០ឆ្នាំ បន្ទាប់ពីសំឡេងរបស់លោកឧត្តមសេនីយ៍ ដឺហ្គោល បានបន្លឺឡើងក្នុងពហុកីឡដ្ឋាននៃរាជធានីភ្នំពេញ។ ព្រះអង្គបានរំលឹកថា កម្ពុជាបានឆ្លងកាត់សង្គ្រាម សោកនាដកម្ម និងដំណើរដ៏វែងឆ្ងាយក្នុងការកសាងប្រទេសឡើងវិញ ដែលធ្វើឱ្យប្រជាជនកម្ពុជាយល់ច្បាស់ជាងនរណាទាំងអស់ថា សន្តិភាពមានតម្លៃថ្លៃថ្លាប៉ុណ្ណា ហើយការរក្សាសន្តិភាពទាមទារនូវការអត់ធ្មត់ និងការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបន្សល់ទុកនូវសន្តិភាពយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ។

ព្រះអង្គបានមានព្រះរាជបន្ទូលថា ហ្វ្រង់កូហ្វូនី គឺជាសហគមន៍ដែលបង្រួបបង្រួមប្រជាជាតិនានាតាមរយៈភាសារួម ដោយមិនតម្រូវឱ្យបោះបង់អត្តសញ្ញាណឡើយ ហើយកម្ពុជាគឺជាសក្ខីភាពនៃឧត្តមគតិនេះ ដែលជាខ្មែរ អាស៊ី និងហ្វ្រង់កូហ្វូនីយ៉ាងពេញលេញ។ ទន្ទឹមនឹងនេះ ព្រះអង្គបានរំលឹកពីការខិតខំងើបឈរឡើងវិញនៃវប្បធម៌ខ្មែរ បន្ទាប់ពីរងការបំផ្លិចបំផ្លាញក្នុងសម័យខ្មែរក្រហម និងបានថ្លែងអំណរគុណដល់ប្រទេសបារាំងដែលបានជួយអភិរក្សអង្គរអស់រយៈពេលជាងមួយសតវត្សរ៍។
ក្នុងកាលៈទេសៈដែលពិភពលោកកំពុងប្រឈមមុខនឹងសង្គ្រាម ជម្លោះ ការប្រែប្រួលអាកាសធាតុ និងការធ្លាក់ចុះទំនុកចិត្ត ការជ្រើសរើសប្រធានបទកិច្ចប្រជុំកំពូលលើការរួមគ្នាបន្តកសាងសន្តិភាព គឺជាការប្តេជ្ញាចិត្តដ៏សំខាន់។ ព្រះអង្គសង្ឃឹមថាសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ សេចក្តីសម្រេច និងសេចក្តីអំពាវនាវ នឹងត្រូវប្រែក្លាយទៅជាសកម្មភាពជាក់ស្តែង ដោយមានការចូលរួមពេញលេញពីស្ត្រី និងយុវជន។
ទន្ទឹមនេះ ព្រះអង្គបានមានព្រះរាជបន្ទូលផ្ដាំផ្ញើអំពីអត្ថន័យដ៏ជ្រាលជ្រៅនៃ «ស្នាមញញឹមខ្មែរ» និងការលើកដៃសំពះ ដែលបានឆ្លងកាត់ភាពភ័យខ្លាច និងកើតចេញពីការជ្រើសរើសយកការបង្រួបបង្រួមជាតិ ព្រមទាំងបានដកស្រង់ពុទ្ធឱវាទថា «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ គឺមានតែសេចក្តីស្រឡាញ់តែប៉ុណ្ណោះ ទើបអាចរំលាយសេចក្តីស្អប់បាន» ដោយទ្រង់សព្វព្រះរាជហឫទ័យអញ្ជើញគណៈប្រតិភូទាំងអស់ នាំយកស្នាមញញឹម និងកាយវិការសំពះដ៏កក់ក្តៅនេះ ចាកចេញពីទីក្រុងភ្នំពេញទៅកាន់ប្រទេសរបស់ខ្លួនវិញផងដែរ៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content