បរទេស៖ តម្លៃប្រេងឆៅនៅក្នុងសប្ដាហ៍នេះបានធ្លាក់ចុះមកនៅក្រោម ៩០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលទីផ្សារមានភាពធូរស្រាលពីក្ដីបារម្ភបន្តិចអំពីជម្លោះយោធាក្រោយពេលអាម៉េរិកបានងាកមកប្រើប្រាស់វិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងកាត់បន្ថយការប្រើកម្លាំងយោធា នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC ។
នៅថ្ងៃពុធ សប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ២,៥២ ភាគរយ ពោល គឺមកនៅត្រឹម ៨៦,៣៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) បានធ្លាក់ចុះ ២,១៧ ភាគរយ មកនៅត្រឹម ៨០,៥៦ ដុល្លារក្នុងមួយបារ៉ែល។
លោក Dan Coatsworth ប្រធានផ្នែកទីផ្សារក្រុមហ៊ុន AJ Bell បានលើកឡើងថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាម៉េរិកប្រឆាំងលើអ៊ីរ៉ង់មិនធ្ងន់ធ្ងរខ្លាំងដូចការរំពឹងទុកនោះទេ ដែលធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះ និងជួយឱ្យទីផ្សារមានលំនឹងឡើងវិញបន្តិច ខណៈដែលអត្រាផលតបស្នងនៃប័ណ្ណបំណុលរដ្ឋាភិបាលអាម៉េរិកក៏បានធ្លាក់ចុះពីកម្រិតខ្ពស់ផងដែរ។
ស្រដៀងគ្នានេះ លោក Paolo Broccardo នាយកប្រតិបត្តិក្រុមហ៊ុន BankPro បានលើកឡើងថា ការផ្អាកសកម្មភាពយោធាបានជួយកាត់បន្ថយហានិភ័យដែលគេធ្លាប់ព្រួយបារម្ភចំពោះការផ្គត់ផ្គង់ប្រេងពីតំបន់ឈូងសមុទ្រ។
ថ្មីៗនេះ អាម៉េរិក បានងាកមកប្រើប្រាស់វិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជំនួសឱ្យសកម្មភាពយោធា ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់។ វិធានការដាក់ទណ្ឌកម្មនេះនឹងអនុវត្តជាដំណាក់កាលដោយផ្តល់ពេលវេលាឱ្យបណ្តាប្រទេសនានាកាត់បន្ថយទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៊ីរ៉ង់។ ទន្ទឹមនឹងនេះ ការផ្អាកសកម្មភាពយោធា និងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតពីបណ្តាប្រទេសនានាក្នុងតំបន់ក៏ជួយឱ្យការដឹកជញ្ជូនប្រេងឆៅអាចបន្តឆ្លងកាត់តាមច្រកសមុទ្រ Hormuz ផងដែរ។
មេបញ្ជាការកងទ័ពប៉ាគីស្ថានបានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតេអេរ៉ង់ក្នុងគោលបំណងគាំទ្រដល់គំនិតផ្ដួចផ្ដើមការទូត ខណៈដែលប្រទេសកាតា បានប្រកាសថា ខ្លួនកំពុងបន្តកិច្ចខិតខំប្រឹងប្រែងធ្វើជាអ្នកសម្របសម្រួលរវាងភាគីទាំងពីរផងដែរ។ លើសពីនេះ អ៊ីរ៉ង់ និងអូម៉ង់ កំពុងពិភាក្សាគ្នាអំពីការបើកច្រករបៀងដឹកជញ្ជូនបណ្តោះអាសន្នរួមគ្នាមួយនៅតាមច្រកសមុទ្រ Hormuz និងបេសកកម្មបោសសម្អាតគ្រាប់មីន ដែលជាជំហានដំបូងឆ្ពោះទៅរកកិច្ចព្រមព្រៀងក្នុងការគ្រប់គ្រងផ្លូវទឹកនេះ។
រដ្ឋមន្ត្រីការបរទេសអូម៉ង់បានសរសេរនៅលើបណ្តាញសង្គមថា ការគ្រប់គ្រងច្រកសមុទ្រនេះ និងដំណោះស្រាយអចិន្ត្រៃយ៍នាពេលអនាគត នឹងអាចសម្រេចបានផ្លែផ្កាជាបន្តបន្ទាប់ក្នុងពេលវេលាដ៏សមស្រប ខណៈដែលកិច្ចចរចាជាមួយដៃគូក្នុងតំបន់នឹងត្រូវធ្វើឡើងដើម្បីគាំទ្រដល់សន្តិភាព កិច្ចសហប្រតិបត្តិការ ស្ថិរភាព និងសេរីភាពនៃការធ្វើនាវាចរណ៍៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content