បរទេស ៖ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយសារតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំងឡើង ដោយប្រេងឆៅ ម៉ាក Brent បានឡើងថ្លៃ ១,៦៣ ភាគរយ ពោលគឺកើនដល់ ៩២,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេង West Texas Intermediate (WTI) ឡើងថ្លៃដល់ ០,៥១ ភាគរយ កើនដល់ ៨៤,៨៩ ដុល្លារ ក្នុងមួយបារ៉ែល។ ជារួម តម្លៃប្រេងអាចឡើងថ្លៃ ឬចុះថ្លៃ ភាគច្រើនអាស្រ័យលើស្ថានភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា។
ជាក់ស្តែង កាលពីថ្ងៃពុធ ក្នុងសប្ដាហ៍នេះ តម្លៃប្រេងឡើងថ្លៃយ៉ាងខ្លាំងក្នុងចន្លោះពី ៧ ទៅ ៨ ភាគរយ បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ គំរាមវាយប្រហារលើអ៊ីរ៉ង់ក្នុងកម្រិតធ្ងន់ធ្ងរ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពអាម៉េរិក ក្នុងប្រទេសហ្សកដានី កាលពីថ្ងៃអង្គារ។ នៅថ្ងៃពុធដដែលនេះ អាម៉េរិក និងអារ៉ាប៊ីសាអូឌីត រួមគ្នាវាយប្រហារលើកងកម្លាំងប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់។ នេះគឺជាលើកទីមួយហើយដែលអារ៉ាប៊ីសាអូឌីតចូលរួមដោយបើកចំហក្នុងប្រតិបត្តិការវាយប្រហារតាមអាកាសជាមួយអាម៉េរិក ដើម្បីសងសឹកចំពោះការវាយប្រហារដោយដ្រូនលើគោលដៅប្រេងរបស់ខ្លួន។
អ្នកជំនាញមកពីក្រុមហ៊ុនថាមពល Rystad Energy បានលើកឡើងថា ការគំរាមកំហែងរបស់លោក ត្រាំ ជំរុញឱ្យតម្លៃប្រេងស្ទុះឡើងភ្លាមៗ ប៉ុន្តែទីផ្សារហាក់ដូចជាមិនមានប្រតិកម្មខ្លាំងនោះទេ ដោយសារជាធម្មតាព័ត៌មានអំពីភូមិសាស្ត្រនយោបាយ ពិតជាជំរុញឱ្យតម្លៃប្រេងឡើងថ្លៃពិតមែន ប៉ុន្តែវាស្ថិតក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ បើទោះបីជាច្រកសមុទ្រ Hormuz ត្រូវបានបិទស្ទើរតែទាំងស្រុងក៏ដោយ ប៉ុន្តែនៅតែមានការផ្គត់ផ្គង់ប្រេងឆៅដែលបន្តដឹកជញ្ជូនចេញពីតំបន់ឆ្នេរកាតារ។ នាវាដឹកឧស្ម័នធម្មជាតិរាវ (LNG) របស់កាតា ឈ្មោះ Al Areesh បានឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយមានការអនុញ្ញាតពីអ៊ីរ៉ង់ ដែលធ្វើឱ្យលំហូរដឹកជញ្ជូនមួយចំនួននៅតែបន្តដំណើរការបានធម្មតា។ ដោយឡែក ក្រុមហ៊ុន Rystad Energy បានប៉ាន់ប្រមាណថា ក្នុងមួយថ្ងៃ មានប្រេងប្រមាណ ១៣ លានបារ៉ែល ត្រូវបានដឹកចេញពីតំបន់ឆ្នេរកាតាទៅកាន់ទីផ្សារអន្តរជាតិ៕




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content