សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

ADB នឹងបង្កើនផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំពី ២៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដល់ជាង ៣៦ ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣៤

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី១៨ ខែកុម្ភ បានអនុម័តផែនការដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនបន្ថែម ៥0% សម្រាប់រយៈពេលមួយទសវត្សរ៍បន្ទាប់ ដែលជាការបន្ថែមមូលដ្ឋានទុនរបស់ខ្លួន ដើម្បីបង្កើនផលជះនៃការអភិវឌ្ឍន៍នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ 

 ផែនការប្រើប្រាស់មូលធន (CUP) ​បានបង្ហាញពីការបង្កើនទំហំនៃការអាចផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំរបស់ ADB ពី ២៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដល់ជាង ៣៦ ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣៤ ។ ការពង្រីកទំហំនៃការផ្តល់ហិរញ្ញប្បទាននេះនឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកកំពុងអភិវឌ្ឍ (DMCs) របស់ ADB ដើម្បីដោះស្រាយ និងអភិវឌ្ឍលើវិស័យអាទិភាពសំខាន់ៗនៅក្នុងតំបន់។

លោក Masatsugu Asakawa ប្រធាន ADB បានមានប្រសាសន៍ថា៖

«ផែនការនេះឆ្លើយតបទៅនឹងតម្រូវការដែលផ្លាស់ប្តូរនៃតំបន់របស់យើង និងបង្កើនផលជះនៃការងាររបស់ ADB ធ្វើអោយប្រសើរឡើងនូវជីវិតរស់នៅរបស់ប្រជាពលរដ្ឋ និងការពារភពផែនដីរបស់យើង។ ជាមួយការប្រើប្រាស់សមត្ថភាពផ្តល់ប្រាក់កម្ចីបន្ថែមរបស់យើង ផែនការប្រើប្រាស់មូលធននេះ អាចឱ្យយើងធ្វើការវិនិយោគជាយុទ្ធសាស្រ្តដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញ ព្រមទាំងបង្កើនគុណភាព ប្រសិទ្ធភាពនៃប្រតិបត្តិការរបស់យើងនៅក្នុងតំបន់»។

ផែនការប្រើប្រាស់មូលធននេះ តំណាងឱ្យជំហានបន្ទាប់នៃការវិវត្តកំពុងបន្តរបស់ ADB។ វាជាលទ្ធផលនៃកំណែទម្រង់ការគ្រប់គ្រងមូលធនឆ្នាំ២០២៣ ដែលបង្កើនយ៉ាងខ្លាំងនូវសមត្ថភាពផ្តល់ហិរញ្ញប្បទានរបស់ ADB។ វាក៏ជាលទ្ធផលនៃការធ្វើបច្ចុប្បន្នភាពកាលពីឆ្នាំមុននៃយុទ្ធសាស្រ្តរួមរបស់ ADB ដែលកំណត់គោលដៅប្រកបដោយមហិច្ឆតាក្នុងវិស័យអាទិភាពចំនួន ៥ ។ ជាមួយគ្នានេះ ADB ក៏បានពង្រឹងការផ្តល់ប្រាក់កម្ចីសម្បទាន និងបង្កើនមូលនិធិអភិវឌ្ឍន៍អាស៊ី ដែលជាប្រភពជំនួយដ៏ធំបំផុតសម្រាប់ប្រទេសសមាជិកក្រីក្រ និងងាយរងគ្រោះបំផុតតាមរយៈផែនការថ្មីៗនេះ។

ផែនការប្រើប្រាស់មូលធននេះ រំពឹងថានឹងមានការកើនឡើងយ៉ាងខ្លាំងនៃការសន្យាផ្តល់ប្រាក់កម្ចីរបស់ ADB ក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខ (ជាមួយការបង្កើនបុគ្គលិក និងធនធានជំនួយបច្ចេកទេស) បន្ទាប់ពីមានស្ថិរភាពកំណើនប្រកបដោយនិរន្តរភាពក្នុងរយៈកាលកន្លងទៅ។ ក្រៅពីនេះ សម្រាប់ប្រតិបត្តិការជាមួយផ្នែកផ្សេងពីរដ្ឋាភិបាល (nonsovereign operations) ត្រូវបានរំពឹងថានឹងកើនឡើងក្នុងល្បឿនដ៏លឿនមួយ (ដោយការកើនឡើងនៃការសន្សាផ្តល់ហិរញ្ញប្បទានពី ២0% ទៅ ២៧% ក្នុងរយៈពេលមួយទសវត្សរ៍បន្ទាប់នេះ) ហើយប្រតិបត្តិការជាមួយរដ្ឋាភិបាល(sovereign operations)នឹងកើនឡើងក្នុងល្បឿនមធ្យមជាមួយនឹងគម្រោងអភិវឌ្ឍន៍ដែលពាក់ព័ន្ធ និងច្រើនជាងមុន។

ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ប្រាក់ចំណូលសុទ្ធរបស់ ADB ត្រូវបានព្យាករថានឹងកើនឡើងជាលំដាប់។ ADB មានបំណងវិនិយោគជាយុទ្ធសាស្រ្តមួយផ្នែកនៃចំណូលនេះ ដើម្បីជួយប្រទេសសមាជិកកំពុងអភិវឌ្ឍរបស់ខ្លួនដើម្បីបង្កើតគម្រោងដែលចំណេញ និងមានគុណភាពខ្ពស់ ព្រមទាំងប្រមូលថវិកាប្រកបដោយនិរន្តរភាពតាមរយៈទីផ្សារមូលធន។ គំនិតផ្តួចផ្តើម ថ្មីៗរួមមានការផ្តល់កម្ចីជាមួយនឹងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដើម្បីជំរុញការវិនិយោគលើភាពធន់ និងនិរន្តរភាព ក៏ដូចជាការគាំទ្រអាស្រ័យស្ថានភាពជាក់ស្តែងក្នុងការរៀបចំគម្រោង។

ADB នឹងបង្កើតវិធីសាស្រ្តប្រតិបត្តិការដើម្បីណែនាំការងារនាពេលអនាគតរបស់ខ្លួនក្នុងផ្នែកអភិវឌ្ឍន៍វិស័យឯកជន អន្តរកម្មឌីជីថល ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងទំនិញសាធារណៈ (public goods)។ គំនិតផ្តួចផ្តើមទាំងនេះត្រូវបានរៀបចំឡើងដើម្បីធានាថា ADB អាចសម្រេចបាននូវគោលដៅរួមរបស់ខ្លួនសម្រាប់ឆ្នាំ២០៣០។ វារួមបញ្ចូលទាំងការបង្កើនចំណែកនៃហិរញ្ញវត្ថុអាកាសធាតុដល់ ៥0% នៃការសន្យាផ្តល់ហិរញ្ញប្បទានសរុប និងការឈានដល់ការផ្តល់ហិរញ្ញប្បទានសម្រាប់វិស័យឯកជនសរុបចំនួន ១៣ ពាន់លានដុល្លារពីការផ្តល់ហិរញ្ញប្បទានរបស់ ADB និងពីការកៀរគរថវិកាដោយផ្ទាល់សម្រាប់ឆ្នាំ២០៣០ ។ វឌ្ឍនភាពនៃការអនុវត្តផែនការប្រើប្រាស់មូលធននេះនឹងត្រូវពិនិត្យតាមដានជារៀងរាល់ឆ្នាំ ដើម្បីធានាការឆ្លើយតបរបស់វាទៅនឹងតម្រូវការ និងអាទិភាពដែលកំពុងវិវត្តក្នុងតំបន់។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថា នឹងសម្រេចឱ្យបាននូវវិបុលភាព បរិយាបន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រ។ សូមបញ្ជាក់ថា ADB ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៦ គ្រប់គ្រងលើសមាជិកចំនួន ៦៩ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេសមកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *