បរទេស៖ តម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិបានធ្លាក់ចុះបន្តិចនៅព្រឹកថ្ងៃសុក្រ ខណៈវិនិយោគិនកំពុងតាមដានហានិភ័យនៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា និងលទ្ធភាពដែលរដ្ឋបាលអាម៉េរិកអាចបន្ធូរបន្ថយទណ្ឌកម្មលើកប៉ាល់ស្រមោល ដើម្បីសម្រួលការដឹកជញ្ជូនប្រេងតាមផ្លូវសមុទ្រ។ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
តម្លៃប្រេងឆៅ Brent ដែលជាសន្ទស្សន៍គោលសំខាន់សម្រាប់ទីផ្សារអន្តរជាតិ បានធ្លាក់ចុះ ០,៣៩% មកនៅត្រឹម ១០៥,៥១ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate (WTI) របស់អាម៉េរិកបានធ្លាក់ចុះ ០,៥៥% មកនៅត្រឹម ៩៧,៤៣ ដុល្លារក្នុងមួយបារ៉ែល។
ទោះបីតម្លៃប្រេងឆៅអន្តរជាតិបានថយចុះក៏ដោយ ក៏ការប្រែប្រួលនេះមិនមានន័យថាតម្លៃសាំង និងម៉ាស៊ូតនៅកម្ពុជានឹងធ្លាក់ចុះភ្លាមៗនោះទេ។ កម្ពុជានាំចូលផលិតផលប្រេងដែលបានចម្រាញ់រួច ដូចជាសាំង និងម៉ាស៊ូត ជាជាងនាំចូលប្រេងឆៅសុទ្ធមកចម្រាញ់ដោយផ្ទាល់។
លើសពីនេះ ស្ថានីយប្រេងក្នុងស្រុកមានស្តុកប្រេងដែលបានទិញទុកមុន ហើយតម្លៃលក់រាយក៏ត្រូវគិតគូរពីថ្លៃដើមស្តុកចាស់ និងថ្លៃដឹកជញ្ជូនផងដែរ។ កត្តាទាំងនេះធ្វើឱ្យតម្លៃប្រេងនៅកម្ពុជាមិនចាំបាច់ប្រែប្រួលស្របគ្នាភ្លាមៗជាមួយទីផ្សារប្រេងឆៅពិភពលោកឡើយ។
ការធ្លាក់ចុះតម្លៃប្រេងនៅព្រឹកថ្ងៃសុក្របានកើតឡើង បន្ទាប់ពីតម្លៃប្រេង WTI បានកើនឡើងជាង ៣% កាលពីថ្ងៃព្រហស្បតិ៍ ដោយសារស្តុកប្រេងឆៅរបស់អាម៉េរិកធ្លាក់ចុះយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានយល់ព្រមបញ្ចេញប្រេងម៉ាស៊ូតជាង ២០ លានបារ៉ែលទៅកាន់ទីផ្សារ រួមជាមួយនឹងប្រេងដែលនៅសល់ពីផែនការបញ្ចេញប្រេងបម្រុងបន្ទាន់ដែលបានប្រកាសកាលពីខែមីនា ដើម្បីបង្កើនការផ្គត់ផ្គង់ និងទប់ស្កាត់សម្ពាធលើតម្លៃ។
ទោះជាយ៉ាងណា វិធានការបង្កើនការផ្គត់ផ្គង់ទាំងនេះមិនទាន់អាចបំបាត់ការព្រួយបារម្ភរបស់វិនិយោគិនបានទាំងស្រុងនោះទេ ខណៈស្ថានការណ៍នៅមជ្ឈិមបូព៌ានៅតែជាកត្តាសំខាន់ដែលអាចជំរុញឱ្យតម្លៃប្រេងកើនឡើងវិញ។ ភាពតានតឹងពាក់ព័ន្ធនឹងជម្លោះរវាងអារ៉ាប៊ីសាអូឌីត និងក្រុម Houthi នៅយេម៉ែន បន្តបង្កើនហានិភ័យចំពោះការដឹកជញ្ជូនតាមផ្លូវសមុទ្រ ជាពិសេសនៅសមុទ្រក្រហម និងច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់របស់ពិភពលោក។
ក្នុងកាលៈទេសៈនេះ ការវាយប្រហារលើនាវាដឹកទំនិញ និងការរំខានដល់ផ្លូវដឹកជញ្ជូនអាចបង្កើនថ្លៃដឹកជញ្ជូន និងធ្វើឱ្យការផ្គត់ផ្គង់ប្រេងកាន់តែមិនប្រាកដប្រជា។ ដូច្នេះ ទោះបីមានការបញ្ចេញប្រេងបម្រុង និងការកើនឡើងនៃការផ្គត់ផ្គង់ក៏ដោយ ក៏តម្លៃប្រេងនៅតែអាចរងសម្ពាធពីហានិភ័យភូមិសាស្ត្រនយោបាយ។
ជាមួយគ្នានេះ មន្ត្រីអាម៉េរិកម្នាក់បានបង្ហើបកាលពីថ្ងៃពុធថា រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងពិចារណាលុបចោលទណ្ឌកម្មលើកប៉ាល់ស្រមោលមួយចំនួន ដែលត្រូវបានប្រើប្រាស់ក្នុងការដឹកជញ្ជូនប្រេងពីប្រទេសដែលស្ថិតក្រោមទណ្ឌកម្ម រួមមានរុស្ស៊ី អ៊ីរ៉ង់ និងវេណេស៊ុយអេឡា។ ជំហាននេះមានគោលបំណងជួយកាត់បន្ថយថ្លៃដឹកជញ្ជូនតាមសមុទ្រ និងសម្រួលដល់លំហូរផ្គត់ផ្គង់ប្រេងទៅកាន់ទីផ្សារពិភពលោក។
ការពិចារណានេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក ត្រាំ បានលើកលែងទណ្ឌកម្មជាបណ្ដោះអាសន្នលើប្រេងម៉ាស៊ូតរបស់រុស្ស៊ី។ ចំណាត់ការនេះបានបង្កឱ្យមានការរិះគន់ពីប្រធានាធិបតីអ៊ុយក្រែន មន្ត្រីនៅបណ្ដាប្រទេសអឺរ៉ុប និងសមាជិកព្រឹទ្ធសភាអាម៉េរិកមួយចំនួនមកពីគណបក្សសាធារណរដ្ឋផ្ទាល់។
ជារួម ទិសដៅតម្លៃប្រេងក្នុងរយៈពេលខាងមុខនឹងអាស្រ័យលើការវិវត្តនៃស្ថានការណ៍នៅមជ្ឈិមបូព៌ា កម្រិតនៃការផ្គត់ផ្គង់ប្រេង និងជំហានគោលនយោបាយរបស់អាម៉េរិកចំពោះទណ្ឌកម្មប្រេង។ សម្រាប់កម្ពុជា ការប្រែប្រួលតម្លៃប្រេងនៅទីផ្សារអន្តរជាតិនឹងត្រូវការពេលវេលា និងការវាយតម្លៃលើថ្លៃដើមនាំចូល មុនពេលអាចឆ្លុះបញ្ចាំងទៅលើតម្លៃលក់រាយក្នុងស្រុក៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content