ភ្នំពេញ ៖ ក្រោយនិន្នាការធ្វើពហិការឈប់ប្រើទំនិញថៃពីសំណាក់ប្រជាជនកម្ពុជា មានក្រុមហ៊ុនធំៗលំដាប់អន្តរជាតិជាច្រើន ពិសេសក្រុមហ៊ុនឧស្សាហកម្មអាហារ និងសម្ភារៈប្រើប្រាស់់ជាច្រើន បានបង្ហាញពីការត្រៀមខ្លួន ផែនការនាំចូលមកបណ្តាក់ទុនវិនិយោគសាងសង់រោងចក្រនៅកម្ពុជាជាបន្តបន្ទាប់នៅរយៈពេលចុងក្រោយនេះ។
ជាក់ស្តែង កាលពីចុងសប្ដាហ៍កន្លងទៅនេះ ប្រតិភូក្រុមហ៊ុន Lion Corporation ដែលជាក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិរបស់ជប៉ុន មានជំនាញក្នុងការផលិតសាប៊ូកក់សក់ សាប៊ូបោកសម្លៀកបំពាក់ ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ ផលិតផលថែរក្សាសម្ផស្ស និងផលិតផលអនាម័យផ្សេងៗទៀត បានចូលជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងគោលបំណងស្វែងរកឱកាសបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតសាប៊ូ និងផលិតផលប្រើប្រាស់់ប្រចាំថ្ងៃនៅក្នុងប្រទេសកម្ពុជា សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកផង និងនាំចេញទៅក្រៅប្រទេសផង។
ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំ និងគ្រប់គ្រងក្រុមហ៊ុន Unilever ប្រចាំប្រទេសស្រីលង្កា មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ក៏បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដើម្បីជម្រាបជូនអំពីវឌ្ឍនភាព សមិទ្ធផល និងការសម្រេចនូវពិពិធកម្មប្រភពនាំចូល ដើម្បីបង្កើនបរិមាណបំពេញការផ្គត់ផ្គង់តម្រូវការបន្ថែម ជាពិសេសការពង្រីកអាជីវកម្មនៅកម្ពុជា តាមរយៈការរៀបចំខ្សែច្រវាក់ផលិតកម្មនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខនេះដោយផ្ទាល់តែម្ដង។
សូមជម្រាបថា ក្រុមហ៊ុន Unilever និងក្រុមហ៊ុន Lion Corporation ត្រូវបានគេដឹងថា ជាក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិផ្តោតសំខាន់លើការផលិតនូវសម្ភារប្រើប្រាស់់ប្រចាំថ្ងៃ ដែលមានមូលដ្ឋានផលិតនៅក្នុងតំបន់អាស៊ាន ដូចជា នៅក្នុងប្រទេសវៀតណាម ប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ស្រីលង្កា និងមីយ៉ាន់ម៉ា ជាដើម។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមើលឃើញថា វត្តមានក្រុមហ៊ុនអន្តរជាតិថ្មីៗចូលមកស្វែងរកឱកាស និងបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់នាពេលនេះ គឺធ្វើឡើងក្រោយពីនិន្នាការពលរដ្ឋខ្មែរធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ ដោយសារការរំលោភបំពានព្រំដែនកម្ពុជាពីសំណាក់យោធាថៃ។
អ្នកឧកញ៉ាបន្តថា ៖
«ការធ្វើពហិការរបស់ប្រជាជនខ្មែរគឺជារឿងសំខាន់ ឈប់ប្រើទំនិញថៃ ហើយងាកមកគាំទ្រ និងប្រើទំនិញដែលផលិតក្នុងស្រុក ប៉ុន្តែទោះជាយ៉ាងណា តម្រូវការទីផ្សារនៅមានភាពទូលាយនៅឡើយ ព្រោះភាគច្រើនទំនិញដែលផលិតក្នុងស្រុកស្ថិតក្នុងឧស្សាហកម្មចំណីអាហារ ខណៈដែលការផលិតសម្ភារប្រើប្រាស់ប្រចាំថ្ងៃនៅមានកម្រិត ដូច្នេះហើយទើបក្រុមហ៊ុនបរទេសទាំងនោះមើលឃើញពីឱកាសវិនិយោគ ដើម្បីបំពេញបន្ថែមតម្រូវការក្នុងស្រុកផង និងឈានដល់ការនាំចេញផង»។
លោកបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិន វីម៉ូ នៅកម្ពុជា និងជាស្ថាបនិកសាលាអន្តរជាតិ អេស អឹម ធី បានលើកឡើងថា បច្ចុប្បន្ន កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដ៏មានសក្តានុពលសម្រាប់ក្រុមហ៊ុនបរទេស ជាពិសេសក្រុមហ៊ុនជប៉ុន ដោយសារកម្ពុជាមានស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចល្អ បរិយាកាសវិនិយោគមានភាពបើកចំហ និងមានច្បាប់គាំទ្រវិនិយោគកាន់តែប្រសើរ។ លើសពីនេះ កម្ពុជាមានទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រនៅកណ្តាលតំបន់អាស៊ាន ដែលអាចភ្ជាប់ទីផ្សារទៅកាន់ប្រទេសជិតខាងបានយ៉ាងងាយស្រួល។
លោកបន្តថា ៖
«សម្រាប់ឧស្សាហកម្មផែ្នកផលិតសាប៊ូ និងផលិតផលថែរក្សាសម្ផស្ស កម្ពុជាកំពុងមានតម្រូវការទីផ្សារក្នុងស្រុកច្រើន ព្រោះកន្លងមក ភាកច្រើនមានតែផលិតថៃចរាចរណ៍នៅលើទីផ្សារ ម៉្យាងទៀតក្រៅពីផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅកម្ពុជា ក្រុមហ៊ុនក៏អាចផលិតសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ ខណៈកម្ពុជាមានប្រទេសដៃគូគ្រប់ជ្រុងជ្រោយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសជាច្រើន»។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content