បរទេស៖ ក្រុមហ៊ុន Samsung Electro-Mechanics ដែលជាបុត្រសម្ព័ន្ធរបស់ Samsung Group គ្រោងវិនិយោគបន្ថែមចំនួន ១,៨៥ ពាន់លានដុល្លារនៅខេត្ត Thai Nguyen ប្រទេសវៀតណាម ដើម្បីពង្រីកការផលិតបន្ទះតភ្ជាប់ឈីបប្រភេទ FCBGA សម្រាប់ឆ្លើយតបនឹងតម្រូវការកើនឡើងនៃទីផ្សារឈីប AI និងប្រព័ន្ធគណនាកម្រិតខ្ពស់។ នេះបើតាមការរាយការណ៍របស់ Vietnam Investment Review។
ការវិនិយោគនៅវៀតណាមនេះ គឺជាផ្នែកមួយនៃកញ្ចប់ថវិកាសរុបប្រមាណ ៥,០៥ ពាន់លានដុល្លារ ដែលក្នុងនោះមានការវិនិយោគ ៣,១៨ ពាន់លានដុល្លារនៅតំបន់ Sejong ប្រទេសកូរ៉េខាងត្បូង និង ១,៨៥ ពាន់លានដុល្លារនៅខេត្ត Thai Nguyen ប្រទេសវៀតណាម។
Samsung Electro-Mechanics មានគម្រោងពង្រីកការផលិតបន្ទះតភ្ជាប់ឈីបប្រភេទ FCBGA នៅរោងចក្ររបស់ខ្លួនក្នុងប្រទេសវៀតណាម។ រោងចក្រនេះត្រូវបានសាងសង់ និងដំណើរការតាំងពីឆ្នាំ ២០១៥ មក ហើយការពង្រីកថ្មីគ្រោងនឹងបញ្ចប់ការសាងសង់ និងចាប់ផ្តើមប្រតិបត្តិការពេញលេញនៅត្រឹមខែមិថុនា ឆ្នាំ២០៣០។
តាមរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២៥ ដែលបានសវនកម្ម ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Samsung Electro-Mechanics នៅវៀតណាមរកចំណូលបាន ២,១៩ ពាន់លានដុល្លារ និងប្រាក់ចំណេញ ៣៥,១ លានដុល្លារ ខណៈទ្រព្យសកម្មសរុបមានចំនួន ១,៩៥ ពាន់លានដុល្លារ។
តាមរយៈការវិនិយោគនេះ Samsung Electro-Mechanics មានគោលដៅពង្រឹងភាពប្រកួតប្រជែងនៅលើទីផ្សារសកល តាមរយៈការកសាងកិច្ចសហប្រតិបត្តិការរយៈពេលវែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។
តាមផែនការរបស់ក្រុមហ៊ុន ទីតាំង Sejong នៅកូរ៉េខាងត្បូងនឹងត្រូវតម្រង់ទិសឱ្យក្លាយជាមជ្ឈមណ្ឌលផលិតផលតម្លៃខ្ពស់ ខណៈរោងចក្រនៅវៀតណាមនឹងក្លាយជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រសម្រាប់ផលិត និងផ្គត់ផ្គង់តម្រូវការទីផ្សារសកល ព្រមទាំងបង្កើនប្រសិទ្ធភាពសង្វាក់ផលិតកម្ម។
បន្ទះតភ្ជាប់ឈីបប្រភេទ FCBGA មានតួនាទីបញ្ជូនសញ្ញាអេឡិចត្រូនិច និងថាមពលពីឈីបកម្រិតខ្ពស់ទៅកាន់ផ្ទាំងសៀគ្វីដើម ឬ mainboard ដើម្បីឱ្យការគណនាទិន្នន័យប្រព្រឹត្តទៅបានលឿន។ វាក៏ផ្តល់ប្រសិទ្ធភាពខ្ពស់ក្នុងការបញ្ចេញកម្ដៅ និងទ្រទ្រង់ចរន្តអគ្គិសនីកម្រិតធំ ព្រមទាំងជួយការពារឈីបពីការឆេះ ឬទាក់គាំង។
FCBGA ក៏ដើរតួជាស្រទាប់ការពារសម្រាប់ឈីបសម័យថ្មី ដែលមានទំហំតូច និងងាយបាក់បែក។ ជាពិសេស ឈីប AI កម្រិតខ្ពស់ត្រូវការសមត្ថភាពគណនាក្នុងទំហំធំ ដូច្នេះត្រូវការបន្ទះ FCBGA ដែលមានផ្ទៃធំជាងមុន និងមានស្រទាប់ច្រើន ដើម្បីអាចបង្កប់ខ្សែសៀគ្វីបានច្រើនជាន់ និងបញ្ជូនទិន្នន័យបានលឿន។ ហេតុនេះ បន្ទះ FCBGA កម្រិតខ្ពស់មានសារៈសំខាន់ក្នុងការជួយឱ្យឈីប AI អាចបញ្ចេញសមត្ថភាពបានពេញលេញ និងដំណើរការបានដោយរលូន និងមានស្ថិរភាព៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content