បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាម៉េរិក និងក្រុមហ៊ុនបច្ចេកវិទ្យាយោធា Anduril គ្រោងវិនិយោគរួមគ្នាប្រមាណ ៦,៦ ពាន់លានដុល្លារ ដើម្បីពង្រីកសមត្ថភាពផលិតនាវាមុជទឹក និងគ្រឿងបន្លាស់គាំទ្រសម្រាប់កងទ័ពជើងទឹកអាម៉េរិក។
ក្រោមគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្រុមហ៊ុន Anduril នឹងវិនិយោគទុនផ្ទាល់ខ្លួនចំនួន ៣,៧ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតនាវាថ្មីមួយនៅទីក្រុង Baltimore រដ្ឋ Maryland ខណៈកងទ័ពជើងទឹកអាម៉េរិកនឹងវិនិយោគបន្ថែមជិត ៣ ពាន់លានដុល្លារ សម្រាប់សកម្មភាពផលិតកម្ម។
យោងតាមការចុះផ្សាយរបស់កាសែត Defense News នៅសប្តាហ៍នេះ រោងចក្រថ្មីដែលមានឈ្មោះថា «Arsenal-2» រំពឹងថានឹងចាប់ផ្តើមដំណើរការនៅចុងទសវត្សរ៍នេះ។ រោងចក្រនេះត្រូវបានរំពឹងថានឹងបង្កើតការងារផ្ទាល់ប្រមាណ ៣,១០០ កន្លែង និងគាំទ្រការងារប្រយោលជាង ១១,០០០ កន្លែងនៅក្នុងតំបន់។
ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនេះ កងទ័ពជើងទឹកអាម៉េរិកបានផ្តល់កិច្ចសន្យាផ្អែកលើលទ្ធផលការងារ ដែលមានតម្លៃរហូតដល់ ២,៩ ពាន់លានដុល្លារ ដល់ក្រុមហ៊ុន Anduril ដើម្បីផលិតគ្រឿងបន្លាស់សម្រាប់គាំទ្រដល់នាវាមុជទឹកប្រភេទនេះ។
Anduril បានកត់សម្គាល់ថា ការទូទាត់ប្រាក់ក្រោមប្រព័ន្ធកិច្ចសន្យានេះភ្ជាប់ដោយផ្ទាល់ទៅនឹងលទ្ធផលផលិតកម្ម។ មានន័យថា ក្រុមហ៊ុនជាអ្នកទទួលខុសត្រូវលើហានិភ័យភាគច្រើននៃការអនុវត្តគម្រោង ជំនួសឱ្យប្រជាពលរដ្ឋដែលជាអ្នកជាប់ពន្ធ។
លោក Christian Brose ប្រធានផ្នែកយុទ្ធសាស្ត្ររបស់ Anduril បានពិពណ៌នាកិច្ចព្រមព្រៀងនេះថា ជាការផ្លាស់ប្តូរទម្រង់នៃការទិញសព្វាវុធបែបប្រពៃណី ដោយលោកបានគូសបញ្ជាក់ថា រដ្ឋាភិបាលកំពុងទូទាត់ប្រាក់លើលទ្ធផលជាក់ស្តែងដែលកើតចេញពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឯកជនរបស់ក្រុមហ៊ុន។
ការកើនឡើងនៃទំហំវិនិយោគនេះធ្វើឡើង ខណៈរដ្ឋាភិបាលវ៉ាស៊ីនតោន និងដៃគូអន្តរជាតិកំពុងស្វែងរកដំណោះស្រាយចំពោះការកកស្ទះយ៉ាងធ្ងន់ធ្ងរនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់វិស័យការពារជាតិ ដែលបណ្តាលមកពីភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើង បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងជម្លោះបន្តបន្ទាប់នៅមជ្ឈិមបូព៌ា។
បច្ចុប្បន្ន Anduril កំពុងផលិតផ្នែកសំខាន់ៗនៃនាវាមុជទឹកថ្នាក់ Virginia រួមទាំងបំពង់បាញ់មីស៊ីល Torpedo នៅរោងចក្រផលិតមួយក្នុងរដ្ឋ California។ នៅពេលរោងចក្រ Baltimore បើកដំណើរការ ក្រុមហ៊ុនមានផែនការប្រមូលផ្តុំប្រតិបត្តិការដើម្បីផលិតសមាសភាគរចនាសម្ព័ន្ធធំៗ និងផ្នែកដងខ្លួននាវា។
នាវាមុជទឹកវាយប្រហារថ្នាក់ Virginia ដែលបច្ចុប្បន្នត្រូវបានសាងសង់តាមរយៈកិច្ចសហការរវាងក្រុមហ៊ុន General Dynamics’ Electric Boat និង Huntington Ingalls Industries គឺជាសសរទ្រូងដ៏សំខាន់នៃកងនាវាមុជទឹករបស់កងទ័ពជើងទឹកអាម៉េរិក សម្រាប់បេសកកម្មវាយប្រហារ កិច្ចការស៊ើបការណ៍ និងប្រតិបត្តិការប្រឆាំងនាវាមុជទឹក។
ក្រុមហ៊ុន Anduril ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយលោក Palmer Luckey និងធ្លាប់ល្បីល្បាញលើការផលិតកម្មវិធីសម្រាប់ដ្រូន និងឧបករណ៍យោធាស្វ័យប្រវត្តិ។ គម្រោងនៅ Baltimore នេះនឹងក្លាយជាជំហានសំខាន់មួយក្នុងការផ្លាស់ប្តូរទិសដៅរបស់ក្រុមហ៊ុនឆ្ពោះទៅរកសមត្ថភាពឧស្សាហកម្មជើងទឹកធុនធ្ងន់ បន្ទាប់ពីការបើកសម្ពោធរោងចក្រ «Arsenal-1» តម្លៃ ១ ពាន់លានដុល្លារ នៅរដ្ឋ Ohio ដែលបានចាប់ផ្តើមផលិតយន្តហោះប្រយុទ្ធស្វ័យប្រវត្តិកាលដើមឆ្នាំនេះ៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content