បរទេស៖ យន្តហោះចម្បាំងសរុបប្រមាណ ១០០គ្រឿង របស់កងកម្លាំងយោធាមកពីប្រទេសអារ៉ាប៊ីសាអូឌីត តួគី និងប៉ាគីស្ថាន បានចូលរួមក្នុងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហ៊ូទី (Houthi) នៅប្រទេសយេមែន ក្រោមប្រតិបត្តិការដែលមានឈ្មោះថា «Operation Dawn of Yemen»។
យោងតាមអត្ថបទដែលចេញផ្សាយដោយសារព័ត៌មាន RT ប្រតិបត្តិការរួមគ្នានេះ មានគោលបំណងជួយការពារ និងគាំទ្រដោយផ្ទាល់ដល់កងទ័ពជើងគោក។ ប្រតិបត្តិការនេះធ្វើឡើងក្រោមក្រុមសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលគាំទ្ររដ្ឋាភិបាលផ្លូវការរបស់យេមែន។
សម្ព័ន្ធមិត្តទាំង ៣ ប្រទេស រួមមាន អារ៉ាប៊ីសាអូឌីត តួគី និងប៉ាគីស្ថាន ហើយត្រូវបានគេស្គាល់ថាជាប្លុក «Muslim NATO»។ អ្នកនាំពាក្យក្រុមសម្ព័ន្ធមិត្ត លោកឧត្តមសេនីយ៍ត្រី Turki al-Maliki បានបញ្ជាក់ថា ការវាយប្រហារតាមអាកាសបានបំផ្លាញទីតាំងសំខាន់ៗរបស់ក្រុមហ៊ូទីចំនួនជាង ៣២៤កន្លែងរួចមកហើយ។
ការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំនេះ កើតឡើងបន្ទាប់ពីរដ្ឋាភិបាលយេមែនបានបើកការវាយបកយ៉ាងខ្លាំង ដើម្បីដណ្តើមយកទឹកដីដែលក្រុមហ៊ូទីបានកាន់កាប់តាមតំបន់ឆ្នេរសមុទ្រក្រហម និងនៅក្បែរច្រកសមុទ្រយុទ្ធសាស្ត្រ Bab el-Mandeb ត្រឡប់មកវិញ។
ប្រតិបត្តិការនេះក៏កើតឡើងស្របពេលមានការផ្លាស់ប្តូរផ្នែកសន្តិសុខ និងនយោបាយការបរទេសសំខាន់ៗនៅទីក្រុងរីយ៉ាដ បន្ទាប់ពីកិច្ចប្រជុំបន្ទាន់របស់ «Mecca Defense Alliance» ដែលជាសម្ព័ន្ធសហការរវាងអារ៉ាប៊ីសាអូឌីត តួគី និងប៉ាគីស្ថាន។ ប្រទេសទាំង៣បានប្រកាសចាប់ផ្តើមអនុវត្តកាតព្វកិច្ចការពារគ្នាទៅវិញទៅមកជាផ្លូវការ។
សម្ព័ន្ធភាពនេះត្រូវបានបង្កើតឡើងកាលពីខែសីហា ដោយមានគោលការណ៍ការពារគ្នាយ៉ាងរឹងមាំ ដែលមានលក្ខណៈស្រដៀងនឹងមាត្រា ៥របស់អង្គការណាតូ។ គោលការណ៍នេះអនុញ្ញាតឱ្យមានការបញ្ជូនកម្លាំងយោធា និងអាវុធទៅកាន់ប្រទេសជាសមាជិកយ៉ាងឆាប់រហ័ស ដើម្បីប្រឈមនឹងការគំរាមកំហែងដែលកំពុងកើនឡើងនៅក្នុងតំបន់។
ការសម្រេចចិត្តរួមគ្នារបស់អារ៉ាប៊ីសាអូឌីត តួគី និងប៉ាគីស្ថាន បានធ្វើឡើងបន្ទាប់ពីមានការវាយប្រហារជាច្រើនលើកពីក្រុមហ៊ូទីលើហេដ្ឋារចនាសម្ព័ន្ធរបស់អារ៉ាប៊ីសាអូឌីត និងព័ត៌មានអំពីការប៉ុនប៉ងវាយប្រហារសំដៅលើទីក្រុងស័ក្តិសិទ្ធិរបស់សាសនាអ៊ិស្លាម គឺទីក្រុង Mecca និង Medina។
រដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត លោក Khalid bin Salman បានបញ្ជាក់ឡើងវិញពីភាពស្និទ្ធស្នាល និងការរួមសាមគ្គីគ្នារបស់ប្រទេសទាំង៣ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តក្នុងការការពារប្រទេស និងទីកន្លែងស័ក្តិសិទ្ធិទាំងនោះ។
ការកើនឡើងនៃសកម្មភាពយោធានេះ បានធ្វើឱ្យសង្គ្រាមនៅប្រទេសយេមែនកាន់តែក្តៅគគុក ជាពិសេសនៅតំបន់ក្បែរច្រកផ្លូវសមុទ្រសំខាន់ៗក្នុងពិភពអារ៉ាប់។ ចាប់តាំងពីខែកញ្ញាមក ប្រជាជនជាង ១៤៥.០០០នាក់ ត្រូវបានបង្ខំឱ្យរត់ភៀសខ្លួនចេញពីផ្ទះសម្បែង។
កងទ័ពរដ្ឋាភិបាលយេមែនបានរាយការណ៍ថា ខ្លួនបានដណ្តើមយកទីតាំងសំខាន់ៗនៅតាមឆ្នេរសមុទ្រមកវិញ ខណៈមេដឹកនាំក្រុមហ៊ូទីបានបដិសេធការអះអាងនេះ និងចោទប្រកាន់ទីក្រុងរីយ៉ាដថា នៅតែបន្តវាយប្រហារលើទ្រព្យសម្បត្តិ និងទីកន្លែងរស់នៅរបស់ប្រជាជនស៊ីវិល៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content