បរទេស៖ សហភាពអឺរ៉ុប គ្រោងនឹងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន ព្រមទាំងពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះដើម្បីបញ្ចូលជាដែនដីអាម៉េរិក នេះបើយោងតាមសេចក្ដីរាយការណ៍ពី France24 ។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី von der Leyen បានទៅដល់កោះហ្រ្គីនឡែន ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ ដែលបង្ហាញពីការគាំទ្រដល់រដ្ឋាភិបាលកោះមួយនេះ និងប្រទេសដាណឺម៉ាក។ គេរំពឹងថា ប្រធានគណៈកម្មការអឺរ៉ុបរូបនេះនឹងប្រកាសពីផែនការវិនិយោគលើវិស័យសំខាន់ៗ រួមមាន រ៉ែ ប្រព័ន្ធទំនាក់ទំនងផ្កាយរណប និងថាមពលកកើតឡើងវិញនៅកោះហ្រ្គីនឡែន។

លោកស្រី von der Leyen បានបង្ហើបថា កញ្ចប់ជំនួយ និងការវិនិយោគនេះនឹងមានទំហំធំ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនៅឡើយទេថានឹងចាប់ផ្តើមនៅពេលណា។ ជាមួយនឹងកិច្ចដំណើរបំពេញទស្សនកិច្ចរបស់លោកស្រី von der Leyen បានឆ្លុះបញ្ចាំងពីសារៈសំខាន់ផ្នែកភូមិសាស្ត្រនយោបាយនៃតំបន់អាកទិកចំពោះមហាអំណាចធំៗ ដូចជា អាម៉េរិក រុស្ស៊ី ចិន និងអឺរ៉ុប ខណៈដែលការរលាយទឹកកកបានបើកផ្លូវនាវាចរណ៍ថ្មីៗ និងធ្វើឱ្យការទាញយកធនធានរ៉ែនៅក្នុងតំបន់នេះកាន់តែមានភាពងាយស្រួល។ ស្របពេលជាមួយគ្នានេះដែរ លោក Jens-Frederik Nielsen នាយករដ្ឋមន្ត្រីកោះហ្រ្គីនឡែន បានបង្ហើបថា លោកចង់ពង្រឹងចំណងមិត្តភាពដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយសហភាពអឺរ៉ុប។
យ៉ាងណាមិញ លោក Donald Trump បានធ្វើឱ្យទំនាក់ទំនងរវាងអាម៉េរិក និងអឺរ៉ុបមានភាពរង្គោះរង្គើរ ព្រមទាំងភាពច្របូកច្របល់នៅក្នុងសម្ព័ន្ធមិត្តយោធាណាតូបន្ទាប់ពីលោកទាមទារកោះហ្រ្គីនឡែនបញ្ចូលជាដែនដីអាម៉េរិក។
លោក ត្រាំ បានលើកហេតុផលថា ប្រទេសដាណឺម៉ាក ដែលជាសមាជិកណាតូដូចគ្នានោះ មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារកោះនេះឡើយ។ យ៉ាងណាក៏ដោយ មកទល់ពេលនេះ កិច្ចចរចាត្រីភាគីរវាងអាម៉េរិក កោះហ្រ្គីនឡែន និង ដាណឺម៉ាក នៅមិនទាន់សម្រេចបានលទ្ធផលវិជ្ជមាននៅឡើយនោះទេ ខណៈដែលកិច្ចប្រជុំកំពូល ណាតូ កាលពីខែកក្កដាកន្លងទៅនេះ លោក ត្រាំ បានទាមទារចង់យកកោះហ្គ្រីនឡែនសាជាថ្មីម្ដងទៀត។
សូមរំលឹកថា បើទោះបីជាកោះហ្គ្រីនឡែន បានដកខ្លួនចេញពីតំបន់សហភាពអឺរ៉ុបក្នុងអំឡុងឆ្នាំ១៩៨៥ ពិតមែន ប៉ុន្តែប្រជាជនរបស់កោះមួយនេះនៅតែជាពលរដ្ឋរបស់សហភាពអឺរ៉ុបដដែល។ សហភាពអឺរ៉ុបបានផ្តល់ប្រាក់ជំនួយដល់កោះហ្គ្រីនឡែនជាយូរមកហើយ ដែលភាគច្រើនជាការបង់ថ្លៃសិទ្ធិនេសាទ និងគាំទ្រប្រព័ន្ធអប់រំនៅទីនោះ៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content