ព្រះសីហនុ ៖ ក្នុងគោលបំណងបង្កើនភាពទាក់ទាញទេសចរជាតិ និងអន្តរជាតិ ទស្សនានៅក្នុងខេត្តព្រះសីហនុ នារដូវកាលបៃតង ក៏ដូចជាការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវេទិកាធុរកិច្ចទេសចរណ៍ ក្រោមការផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍ និងការវិនិយោគក្នុងខេត្តមួយនេះ ជាពិសេសភ្ញៀវទេសចរជនជាតិចិន ។
ថ្លែងក្នុងពិធីបើកវេទិកាធុរកិច្ចទេសចរណ៍ កាលពីព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខារីស្ស៊ត ខេត្តព្រះសីហនុ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា វិស័យទេសចរណ៍ និងការវិនិយោគ គឺជាក្បាលម៉ាស៊ីន មិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយ។ វិស័យទេសចរណ៍ មិនត្រឹមតែនាំមកនូវចំណូល និងការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពាននាំមកនូវឱកាសវិនិយោគផ្ទាល់ផងដែរ ដូច្នេះការបង្កើតវេទិកាធុរកិច្ចទេសចរណ៍នេះ គឺជាវេទិកាដ៏ស័ក្តិសមបំផុតក្នុងការប្រមូលផ្ដុំមតិយោបល់ ក៏ដូចជាការស្វែងរកកិច្ចសហការថ្មីៗរវាងរដ្ឋ និងវិស័យឯកជន ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានគូសបញ្ជាក់ជូននូវទស្សនាទានគន្លឹះចំនួន៣ ដើម្បីទាក់ទាញទេសចរក្នុងរដូវកាលបៃតងនេះ ដោយក្នុងនោះរួមមាន ១) ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដោយត្រូវបន្តកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាប្រឈម និងបន្តបង្កើតបរិយាកាសធុរកិច្ចឱ្យកាន់តែងាយស្រួលនៅក្នុងខេត្តព្រះសីហនុ , ទី២) ពង្រឹងគុណភាពសេវាកម្ម និងពង្រីកផលិតផលទេសចរណ៍ថ្មីៗបន្ថែម ដើម្បីត្រៀមខ្លួនទទួលយកលំហូរទេសចរ និងវិនិយោគិនអន្តរជាតិ , ទី៣) ជំរុញការផ្សព្វផ្សាយពីភាពទាក់ទាញ និងកម្ពុជាសុវត្ថិភាព ព្រមទាំងសក្ដានុពលពិតប្រាកដរបស់ខេត្តព្រះសីហនុ ទៅកាន់ពិភពលោក ជាពិសេស ទីផ្សារប្រទេសចិន ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ដើម្បីអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ស្របតាមផែនការមេអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ បាន និងកំពុងយកចិត្តទុកដាក់ក្នុងកិច្ចអភិវឌ្ឍន៍ និងស្ដារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាពិសេស ខិតខំជំរុញធ្វើឱ្យប្រសើរឡើងនូវសេវាកម្មក្នុងវិស័យទេសចរណ៍ ដូចជា ការធ្វើដំណើរ ការស្នាក់នៅ ម្ហូបអាហារ និងសេវាកម្សាន្តផ្សេងៗ រួមទាំងសកម្មភាពវប្បធម៌ ស្នាមញញឹម រួសរាយរាក់ទាក់ ដែលជាប្រពៃណីរបស់ប្រជាជនកម្ពុជាក្នុងការធ្វើបដិសណ្ឋារកិច្ច ។

ឯកឧត្តមបានបន្តថា រដ្ឋបាលខេត្តព្រះសីហនុ បានខិតខំជំរុញឱ្យមានកិច្ចអភិវឌ្ឍន៍តំបន់រមណីយដ្ឋានទេសចរណ៍ សកម្មភាពទេសចរណ៍ សកម្មភាពកម្សាន្តលើឆ្នេរខ្សាច់ ការមើលផ្កាថ្ម និងជីវចម្រុះបាតសមុទ្រ ស្ទូចត្រី ការកម្សាន្តតាមបណ្ដាកោះនានា ការជិះទូកកាយ៉ាក ការជិះទូកកម្សាន្តតាមដងព្រែក សហគមន៍ទេសចរណ៍ កសិ-ទេសចរណ៍ រៀបចំមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ ហាងលក់វត្ថុអនុស្សាវរីយ៍ វិថីម្ហូបអាហារ និងរៀបចំឱ្យមានព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗ ក្នុងគោលបំណងប្រែក្លាយខេត្តព្រះសីហនុទៅជាគោលដៅធុរកិច្ច និងសម្រាកលំហែដ៏ទាក់ទាញទាំងក្នុងតំបន់ និងពិភពលោក សំដៅចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់តាមរយៈការធ្វើពិពិកម្មផលិតផលទេសចរណ៍ ការបន្តពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ និងការអនុវត្តច្បាប់របស់គ្រប់ភាគីពាក់ព័ន្ធ ។
ឯកឧត្តមបញ្ជាក់ថា តាមរយៈវេទិកាធុរកិច្ចទេសចរណ៍ឆ្នាំ២០២៦ សង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យទេសចរណ៍នឹងបន្តជួយជំរុញការផ្សព្វផ្សាយ និងស្វែងយល់ពីឱកាសវិនិយោគលើវិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ព្រមទាំងរួមគ្នាកសាងបណ្ដាញទំនាក់ទំនងទេសចរណ៍រវាងកម្ពុជា និងចិន ហើយរដ្ឋបាលខេត្តនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ការិយាល័យកុងស៊ុលចិន បណ្ដាខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាព និងភ្នាក់ងារទេសចរណ៍នានាដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្ត ព្រមទាំងធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សុខុមាលភាព និងបដិសណ្ឋារកិច្ចល្អ នៅគ្រប់គោលដៅកម្សាន្តទាំងលើដីគោក និងនៅលើផ្ទៃទឹក តាមរយៈយន្តការបង្ការ និងឆ្លើយតបបន្ទាន់ ដើម្បីផ្ដល់ជូនភ្ញៀវទេសចរនូវភាពកក់ក្ដៅ សុវត្ថិភាព និងទំនុកចិត្តខ្ពស់ ៕











វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content