អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

ភ្នំពេញ៖ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ បានប្រកាសដាក់ចេញនូវវិធានការពន្ធគយថ្មីក្នុងអត្រា ១០% លើមុខទំនិញនាំចូលពីប្រទេសកម្ពុជា បន្ទាប់ពីបានបញ្ចប់ការស៊ើបអង្កេតផ្លូវការស្របតាមមាត្រា ៣០១ (Section 301)នៃច្បាប់ពន្ធអាមេរិក។

ផ្អែកតាមសេចក្ដីប្រកាសខាងលើនេះ វិធានការពន្ធគយនេះមិនត្រឹមតែអនុវត្តចំពោះកម្ពុជានោះទេ ប៉ុន្តែសហរដ្ឋអាម៉េរិក ក៏បានសម្រេចដំឡើងពន្ធគយក្នុងអត្រា ១២.៥% លើប្រទេសចំនួន ៣៨ ផ្សេងទៀតដែលក្នុងនោះរួមមានទាំងប្រទេសជិតខាងក្នុងតំបន់អាស៊ានផងដែរ ដូចជា ប្រទេសថៃ និងវៀតណាម ជាដើម។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងចំណាត់ការនេះ សហរដ្ឋអាមេរិកបានបន្ធូរបន្ថយមកលើកម្ពុជា ដោយលើកលែងពន្ធសម្រាប់ទំនិញមួយចំនួន ជាពិសេស ផលិតផលសម្លៀកបំពាក់ និងគ្រាប់ស្វាយចន្ទី។ ការលើកលែងនេះត្រូវបានធ្វើឡើងចំពោះមុខទំនិញក្នុងបញ្ជីពិសេស ក្នុងរូបភាពជាសម្ភារប្រើប្រាស់ ឬផលិតផលកសិកម្ម ដែលសហរដ្ឋអាមេរិកមិនមានលទ្ធភាពផលិតបាននៅក្នុងស្រុក ។

ការសម្រេចចិត្តនេះដែរ ត្រូវបានគេមើលឃើញថាអាចនឹងបង្កើតឱ្យមានផលប៉ះពាល់ចម្រុះលើជញ្ជីងពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់នាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក ប៉ុន្តែការលើកលែងពន្ធលើផលិតផលកសិកម្ម ដូចជា គ្រាប់ស្វាយចន្ទី រំពឹងថា នឹងជួយរក្សាស្ថិរភាព និងភាពប្រកួតប្រជែងនៃវិស័យកសិ-ឧស្សាហកម្មកម្ពុជានៅលើឆាកអន្តរជាតិ។

លោក Casey Barnett អតីតប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៦ បានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា៖ «ថ្ងៃនេះ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានដាក់ពន្ធគយអត្រា ១០% លើកម្ពុជា បន្ទាប់ពីការស៊ើបអង្កេតតាមមាត្រា ៣០១ ត្រូវបានបញ្ចប់។ ក្នុងពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកបានដាក់ពន្ធគយអត្រា ១២.៥% លើប្រទេសចំនួន ៣៨ផ្សេងទៀត រួមទាំងប្រទេសថៃ និងវៀតណាមផងដែរ។ លើសពីនេះ សហរដ្ឋអាមេរិកបានផ្តល់ការលើកលែងពន្ធដល់កម្ពុជា សម្រាប់បញ្ជីទំនិញដែលសហរដ្ឋអាមេរិកមិនផលិត ដូចជា គ្រាប់ស្វាយចន្ទីជាដើម។ ចំណុចសំខាន់នោះគឺសហរដ្ឋអាមេរិកផ្តល់ជូនកម្ពុជានូវការលើកលែងពន្ធពិសេសសម្រាប់ផលិតផល សម្លៀកបំពាក់ ដោយផ្អែកលើបរិមាណកប្បាស ឬក្រណាត់កប្បាសអាមេរិក ដែលកម្ពុជានាំចូល។ ការលើកលែងពន្ធសម្រាប់ការនាំចូលកប្បាសអាមេរិកនេះ មានគោលបំណងជំរុញផលិតកម្មក្នុងសហរដ្ឋអាមេរិក និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន»។

លោកបានបញ្ជាក់ថា៖ នេះជាឱកាស ប៉ុន្តែក៏ជាហានិភ័យផងដែរ។ ក្នុងឆ្នាំ ២០២៥ កម្ពុជាបាននាំចេញសម្លៀកបំពាក់ទៅសហរដ្ឋអាមេរិកក្នុងទឹកប្រាក់ ៤ ពាន់លានដុល្លារ។ ក្នុងឆ្នាំដដែលនោះ កម្ពុជាបាននាំចូលកប្បាស និងក្រណាត់ពីប្រទេសចិនក្នុងទឹកប្រាក់២.៨ ពាន់លានដុល្លារ ដែលត្រូវបានប្រើប្រាស់ដើម្បីផលិត​សម្លៀកបំពាក់នាំចេញទៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ចំណែកឯការនាំចូលកប្បស និងក្រណាត់ពីសហរដ្ឋអាមេរិកវិញ មានត្រឹមតែ ១៣៧,០០០ ដុល្លារប៉ុណ្ណោះ ដែលជាចំនួនតិចតួចបំផុត។

លោកបានបន្តថា៖

«ហានិភ័យនោះគឺថា ក្នុងរយៈពេលខ្លី កម្ពុជាអាចបាត់បង់ការបញ្ជាទិញទៅឱ្យប្រទេសឥណ្ឌូនេស៊ី និងបង់ក្លាដែស ដែលទទួលបានអត្រាពន្ធ ១០% ពីសហរដ្ឋអាមេរិកដូចគ្នា ព្រមទាំងការលើកលែងពន្ធសម្រាប់សម្លៀកបំពាក់ផងដែរ។ ប្រទេសទាំងពីរនេះជាដៃគូប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យកាត់ដេរ ហើយពួកគេមានឧស្សាហកម្មផលិតក្រណាត់ដ៏ធំស្រាប់។ កម្ពុជា ខ្វះរោងចក្រផលិតក្រណាត់។ ដូច្នេះ កម្ពុជាត្រូវតែធ្វើសកម្មភាពឱ្យបានឆាប់រហ័ស ដើម្បីទាក់ទាញការវិនិយោគលើផលិតកម្មក្រណាត់ បើពុំដូច្នោះទេ នឹងបាត់បង់ការបញ្ជាទិញបន្តិចម្តងៗ។ ឧបសគ្គ រួមមានតម្លៃអគ្គិសនីខ្ពស់នៅកម្ពុជា និងដំណើរការវាយតម្លៃផលប៉ះពាល់បរិស្ថានដ៏លំបាក»។

អតីតប្រធានសភាពាណិជ្ជកម្មអាមេរិករូបនេះ បានលើកឡើងផងដែរថា៖

«កម្ពុជាក៏ប្រឈមនឹងហានិភ័យ និងឱកាសផងដែរ ចំពោះពន្ធគយសំណុំទីពីរ ដែលនឹងត្រូវប្រកាសដោយ USTR ជាការឆ្លើយតបទៅនឹងការស៊ើបអង្កេតតាមមាត្រា ៣០១ ស្តីពីសមត្ថភាពផលិតកម្មលើស។ ពន្ធទីពីរនេះ ត្រូវបានរំពឹងថានឹងចេញក្នុងរយៈពេលពីរខែខាងមុខ។ កម្ពុជាអាចនឹងទទួលបានអត្រាអំណោយផលក្នុងពន្ធបន្ទាប់នេះ ប៉ុន្តែក៏អាចមានលក្ខខណ្ឌតម្រូវឱ្យកាត់បន្ថយការពឹងផ្អែកលើវត្ថុធាតុដើមពីប្រទេសចិនផងដែរ។ បន្ទាប់ពីពន្ធស្តីពីសមត្ថភាពផលិតកម្មលើសនេះ USTR ត្រូវបានរំពឹងថានឹងវិលត្រឡប់មកពិភាក្សាជាមួយកម្ពុជាឡើងវិញ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក (Agreement on Reciprocal Trade) ដើម្បីបញ្ចប់ការធ្វើវិសោធនកម្ម និងជំរុញឱ្យរដ្ឋសភាកម្ពុជាផ្តល់សច្ចាប័ន»។

លោកបានបន្ថែមថា៖ ឧបសគ្គមួយទៀតចំពោះឧស្សាហកម្មកាត់ដេររបស់កម្ពុជា គឺកង្វះវឌ្ឍនភាពជាសាធារណៈ ឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប។ កម្ពុជានឹងបាត់បង់ការលើកលែងក្រោមប្រព័ន្ធ EBA (អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ) ពីសហភាពអឺរ៉ុបក្នុងពេលឆាប់ៗនេះ លុះត្រាតែមានសញ្ញានៃវឌ្ឍនភាពឆ្ពោះទៅសម្រេចបាន FTA ឬរបបពន្ធអំណោយផលផ្សេងទៀតនៅពេលការលើកលែង EBA ផុតកំណត់។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានប្រាប់បណ្តាញសារព័ត៌មាន AMS នាព្រឹកថ្ងៃទី២៤ ខែកក្កដាថា៖ ទី១,​ពន្ធគយស្តីពីពលកម្មបង្ខំមាត្រា ៣០១ (Section 301) ដែលទើបតែត្រូវបានប្រកាស គឺធ្វើឡើងបន្ទាប់ពីការផុតកំណត់​នៃយន្តការពន្ធគយកម្រិតសកលជាបណ្តោះអាសន្ន មាត្រា១២២ (Section 122)។ ដូច្នេះ វាមិនមែនជាពន្ធគយបន្ថែមទៅលើពន្ធគយកម្រិតសកល ១០% មុននោះទេ ប៉ុន្តែវាជាវិធានការថ្មីមួយដែលត្រូវបានអនុវត្តក្រោមមាត្រា៣០១ នៃច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិក (U.S. Trade Act)។ ទីពីរ,​ វាជារឿងសំខាន់ដែលត្រូវកត់សម្គាល់ថា វិធានការមាត្រា៣០១ នេះ មិនមែនតម្រង់ទិសចម្បងទៅលើអត្ថិភាពនៃពលកម្មបង្ខំនៅក្នុងវិស័យផលិតកម្មកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើររបស់កម្ពុជានោះទេ។ ផ្ទុយទៅវិញ ការស៊ើបអង្កេតរបស់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ផ្តោតលើថា តើដៃគូពាណិជ្ជកម្មបានបង្កើត និងអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវវិធានការនានា ដើម្បីរារាំងការនាំចូលទំនិញ ឬវត្ថុធាតុដើមដែលផលិតដោយពលកម្មបង្ខំពីខាងក្រៅប្រទេស ចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុករបស់ពួកគេដែរ ឬទេ។

លោកបានលើកឡើងថា៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអន្តរជាតិដែលកំពុងវិវឌ្ឍនេះ កម្ពុជាទើបតែបានពង្រឹងក្របខ័ណ្ឌគតិយុត្តរបស់ខ្លួន ដោយបានចេញប្រកាសរួមថ្នាក់ក្រសួង (Joint Ministerial Regulation) ដែលហាមឃាត់ការនាំចូលទំនិញទាំងឡាយណាដែលផលិតឡើងទាំងស្រុង ឬមួយផ្នែកដោយពលកម្មបង្ខំ។ ការណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសុចរិតភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់របស់កម្ពុជា និងស្របតាមស្តង់ដារប្រភពផ្គត់ផ្គង់ប្រកបដោយការទទួលខុសត្រូវកម្រិតអន្តរជាតិ។

លោក កាំង ម៉ូនីកា បានបញ្ជាក់ថា៖ ផ្អែកលើទស្សនវិស័យនៃសមត្ថភាពប្រកួតប្រជែងពាណិជ្ជកម្ម កម្ពុជានៅតែស្ថិតក្នុងជំហរដែលមានប្រៀបធៀបនៅក្រោមវិធានការបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក។ កម្ពុជាស្ថិតក្រោមអត្រាពន្ធ ១០% ខណៈដែលប្រទេសប្រភពផ្គត់ផ្គង់ប្រកួតប្រជែងមួយចំនួនទៀតត្រូវរងនូវអត្រាពន្ធខ្ពស់ជាងនេះ គឺ ១២.៥%។

ពាក់ព័ន្ធនឹងការលើកលែងពន្ធពិសេសសម្រាប់ផលិតផលសម្លៀកបំពាក់ ដោយផ្អែកលើបរិមាណកប្បាស ឬក្រណាត់កប្បាសអាមេរិក ដែលកម្ពុជានាំចូលនោះ លោកបានលើកឡើងថា៖យន្តការផ្តល់ការអនុគ្រោះពាក់ព័ន្ធនឹងកប្បាសរបស់សហរដ្ឋអាមេរិកកំពុងស្ថិតក្នុងការអភិវឌ្ឍនៅឡើយ ដោយវិធានលម្អិតសម្រាប់ការអនុវត្តត្រូវបានរំពឹងថានឹងប្រកាសជូននៅពេលក្រោយ។ កត្តានេះជារឿងប្រឈមផង និងជាឱកាសផងសម្រាប់កម្ពុជា។

ក្នុងរយៈពេលខ្លី ប្រទេសដែលមានឧស្សាហកម្មវាយនភណ្ឌដើមខ្សែរឹងមាំជាងមុន ជាពិសេសឧស្សាហកម្មអំបោះ តម្បាញ និងការផលិតក្រណាត់ អាចនឹងមានផលប្រៀបក្នុងការទាញយកអត្ថប្រយោជន៍ពីការអនុគ្រោះណាមួយដែលភ្ជាប់ទៅនឹងការប្រើប្រាស់កប្បាស ឬវត្ថុធាតុដើមវាយនភណ្ឌរបស់សហរដ្ឋអាមេរិក ប្រសិនបើលក្ខខណ្ឌបែបនេះត្រូវបានអនុម័ត។

លោកបានបញ្ជាក់ថា ៖

«សម្រាប់កម្ពុជា នេះក៏ជាឱកាសយុទ្ធសាស្ត្រមួយផងដែរ។ វាបានពង្រឹងនូវសារៈសំខាន់នៃការបង្កើនល្បឿនការវិនិយោគលើការផលិតវាយនភណ្ឌដើមខ្សែឱ្យកាន់តែឆាប់រហ័ស ។ ការអភិវឌ្ឍឧស្សាហកម្មទាំងនេះ មិនត្រឹមតែជួយឱ្យកម្ពុជាបង្កើនសមត្ថភាពទាញយកអត្ថប្រយោជន៍ពីយន្តការអនុគ្រោះពាណិជ្ជកម្មនាពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើនតម្លៃបន្ថែមក្នុងស្រុកទៀតផង»។

ហេតុដូចនេះ សមាគមរោងចក្រកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) សូមបន្តអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា មេត្តាពន្លឿនការអភិវឌ្ឍគោលនយោបាយ និងបរិយាកាសវិនិយោគប្រកបដោយការគាំទ្រ ដើម្បីទាក់ទាញការវិនិយោគលើផ្នែកវាយនភណ្ឌដើមខ្សែ។ ដោយមានក្របខ័ណ្ឌគោលនយោបាយត្រឹមត្រូវ កម្ពុជាអាចផ្លាស់ប្តូរបរិបទពាណិជ្ជកម្មដែលកំពុងវិវឌ្ឍនេះ ឱ្យទៅជាកាតាលីករ សម្រាប់ការលើកកម្ពស់កម្រិតឧស្សាហកម្ម ការធ្វើសមាហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់កាន់តែជ្រៅជ្រះ និងការលូតលាស់ប្រកបដោយចីរភាពក្នុងរយៈពេលវែង។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាណពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញសារព័ត៌មាន AMS នារសៀលថ្ងៃទី២៤ ខែកក្កដា ដែរថា៖ ការលើកលែង ឬការបន្ថយពន្ធពីសហរដ្ឋអាមេរិកលើការនាំចូលផ្នែកកាត់ដេរនេះ គឺជាសញ្ញាល្អមួយរវាងពាណិជ្ជកម្មអាមេរិក និងកម្ពុជា បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ។

អ្នកឧកញ៉ាបានបន្តថា៖

«កន្លងមកនេះ យើងឃើញថាកំណើននៃការធ្វើពាណិជ្ជកម្មរវាងអាមេរិក និងកម្ពុជា មានការកើនឡើង ទាំងការនាំចូលពីអាមេរិក និងទាំងការនាំចេញពីកម្ពុជាទៅកាន់អាមេរិក។ ដូច្នេះ ការលើកលែងពន្ធលើកនេះទៀត គឺជាឱកាសល្អសម្រាប់ទាក់ទាញអ្នកវិនិយោគអាមេរិកមកកាន់កម្ពុជា»។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះ បានបញ្ជាក់ថា៖ ថ្មីៗនេះ តំណាងអាមេរិក-អាស៊ាន ដឹកនាំគណៈប្រតិភូ និងក្រុមហ៊ុនជាច្រើនបានមកប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគបន្ថែម។ នេះជាចំណុចសំខាន់ និងជាសញ្ញាល្អដល់អ្នកវិនិយោគិនបរទេសទាំងអស់ ឲ្យឃើញពីភាពរីកចម្រើន ការធានាបាន និងទំនុកចិត្តពីក្រុមហ៊ុនអាមេរិក ក៏ដូចជាជប៉ុន និងកូរ៉េខាងត្បូងជាដើម។ សញ្ញាល្អនេះ នឹងជួយទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត ហើយនេះគឺជាឱកាសសម្រាប់ប្រទេសកម្ពុជាយើង។

អ្នកឧកញ៉ា បានមានប្រសាសន៍ថា៖

«ចំពោះការនាំចេញនៅត្រីមាសទី១នេះ ទំនិញកម្ពុជាដែលនាំទៅកាន់អាមេរិកមានការកើនឡើងគួរឲ្យកត់សម្គាល់។ ដូច្នេះ នេះជារឿងល្អសម្រាប់ប្រទេសកម្ពុជា ដែលយើងឃើញថា មានអត្រាកំណត់ពន្ធគយថ្មី ដោយកម្ពុជានៅតែស្ថិតក្នុងភាពអនុគ្រោះល្អ អាចប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងៗបាន ដែលនេះគឺជាសញ្ញាល្អមួយទៀតសម្រាប់ប្រទេសកម្ពុជា»។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៖ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ បានកើនឡើងយ៉ាងល្អប្រសើរ ដោយសម្រេចបានរហូតដល់ជាង ៧.៤ ពាន់លានដុល្លារអាមេរិក កើនឡើង ៣១.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានរហូតដល់ ៥.៦ពាន់លានដុល្លារកើនឡើង២៩.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំ ៥.៥ពាន់លានដុល្លារ ចំណែកការនាំចូលពីសហរដ្ឋ​អាមេរិកមកកម្ពុជា ក៏មានការកើនឡើងយ៉ាងគំហុកផងដែរ ដោយសម្រេចបានទំហំ ៣០៧លានដុល្លារ មានកំណើន ៨៦.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ទំនិញដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអាមេរិកភាគច្រើននៅតែជាផលិតផលវាយនភ័ណ្ឌ សម្លៀកបំពាក់ និងស្បែកជើង(GFT)ផលិតផលធ្វើដំណើរនិងកាបូប ឧបករណ៍អគ្គិសនី និងសមាសភា​អេឡិចត្រូនិកនិងផលិតផលកសិកម្មនិងកសិ-ឧស្សាហកម្ម។ដោយឡែកទំនិញដែលកម្ពុជានាំចូលពីសហរដ្ឋអាម៉េរិកវិញរួមមានគ្រឿងចក្រ រថយន្ត ឧបករណ៍បច្ចេកវិទ្យា ផលិតផលឱសថនិងទំនិញប្រើប្រាស់ផ្សេងៗទៀត​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *