ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។
ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។ ក្នុងនោះ កម្ពុជានាំចេញទៅអាម៉េរិកក្នុងទំហំទឹកប្រាក់រហូតដល់ ១១.៩៩ ពាន់លានដុល្លារ (កើនឡើង ២៩.២%) ខណៈការនាំចូលពីអាមេរិកវិញមានត្រឹមតែ ៤៧៨.១៥ លានដុល្លារប៉ុណ្ណោះ (កើនឡើង ៦៨.៦%)។
ដោយឡែក ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងចិន វិញ បានកើនឡើងដល់ ១៧.៥ ពាន់លានដុល្លារ (កើនឡើង ២៣.៨%)។ ប៉ុន្តែផ្ទុយស្រឡះពីទីផ្សារអាមេរិក កម្ពុជានាំចូលទំនិញពីចិនរហូតដល់ ១៦ ពាន់លានដុល្លារ (កើនឡើង ២៣.៣%) ខណៈការនាំចេញទៅចិនវិញ មានត្រឹមតែ ១.៥ ពាន់លានដុល្លារប៉ុណ្ណោះ (កើនឡើង ២៨.៧%)។
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់ AMS ថា ទាំងទីផ្សារអាមេរិក និងទីផ្សារចិន សុទ្ធតែជាទីផ្សារធំ និងមានសារៈសំខាន់ដូចគ្នាសម្រាប់កម្ពុជា ប៉ុន្តែមិនអាចប្រៀបធៀបទីផ្សារទាំងពីរនេះក្នុងលក្ខណៈដូចគ្នាបានឡើយ ដោយសារតម្រូវការនៃទំនិញមានភាពខុសគ្នា។
ឯកឧត្តមបានពន្យល់ថា សម្រាប់ទីផ្សារអាម៉េរិក កម្ពុជានាំចេញទំនិញសំខាន់ៗ ដូចជា សម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ ហើយបច្ចុប្បន្ន ក៏កំពុងពង្រីកការនាំចេញសំបកកង់រថយន្ត បន្ទះសូឡា ព្រមទាំងគ្រឿងបង្គុំ និងគ្រឿងបន្លាស់ផ្សេងៗទៀតផងដែរ។
«យើងអាចនិយាយបានថា ទីផ្សារអាម៉េរិកត្រូវការទំនិញដែលអ្នកប្រើប្រាស់នៅទីនោះត្រូវការចាំបាច់ ហើយអាមេរិកមិនមានផលិតខ្លួនឯង។ ដូច្នេះ យើងទាញយកបាននូវអត្ថប្រយោជន៍បែបនេះ តាំងពីយើងចាប់ផ្ដើមធ្វើទីផ្សារជាមួយអាម៉េរិកយូរណាស់មកហើយ។ ចំពោះការនាំចូលវិញ យើងនាំចូលតែរបស់ចាំបាច់ ក្នុងនោះមានឱសថ គ្រឿងបរិក្ខាររថយន្ត ឬគ្រឿងអេឡិចត្រូនិក ដូចជា ទូរស័ព្ទជាដើម»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ។
ដោយឡែកចំពោះទីផ្សារចិនវិញ ឯកឧត្តម ប៉ែន សុវិជាតិ បានគូសបញ្ជាក់ថា កម្ពុជានាំចូលទំនិញ និងវត្ថុធាតុដើមចាំបាច់ជាច្រើន ដូចជា ប្រេងរំអិល ឱសថ ជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត។ បន្ថែមពីនេះ នាពេលថ្មីៗនេះ កម្ពុជាក៏បាននាំចូលរថយន្តអគ្គិសនី ម៉ូតូអគ្គិសនី និងរថយន្តទេសចរណ៍ពីចិនផងដែរ ជាពិសេស អ្វីដែលកម្ពុជា «ចាំបាច់ត្រូវតែនាំចូលពីចិន» គឺវត្ថុធាតុដើម ដូចជា ក្រណាត់ និងគ្រឿងបរិក្ខារសម្រាប់បម្រើឱ្យរោងចក្រកាត់ដេរ ព្រមទាំងផលិតផលអេឡិចត្រូនិក ដូចជា ទូរស័ព្ទដៃ ដែលកំពុងដណ្តើមបានទីផ្សារយ៉ាងខ្លាំង។
ចំពោះមូលហេតុដែលនាំឱ្យមានគម្លាតជញ្ជីងពាណិជ្ជកម្មជាមួយចិន អ្នកនាំពាក្យរូបនេះបានបកស្រាយថា កម្ពុជានាំចេញទៅចិនភាគច្រើនជាផលិតផលកសិកម្ម (ដូចជា អង្ករ ដំឡូងមី ពោត ថ្នាំជក់ និងជលផល) គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត ផលិតផលឈើកែច្នៃ និងស្បែកគោ-ក្របី។

ឯកឧត្តមបញ្ជាក់ថា ៖ «ផលិតផលនាំចេញទាំងនេះមិនទាន់មានតម្លៃបន្ថែមខ្ពស់ដូចទំនិញដែលយើងនាំចូលពីចិននោះទេ។ ទោះបីជាយើងនាំចេញក្នុងបរិមាណច្រើនយ៉ាងណាក៏ដោយ ក៏មិនអាចប្រៀបធៀបស្មើនឹងទំហំទឹកប្រាក់ដែលយើងនាំចូលទំនិញបច្ចេកវិទ្យា យានយន្ត ទូរស័ព្ទ និងគ្រឿងចក្រពីគេបានឡើយ»។
បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាកំពុងរំកិលខ្លួន និងជំរុញការផលិតទំនិញឱ្យមានតម្លៃបន្ថែមខ្ពស់ ដោយផ្លាស់ប្តូរពីឧស្សាហកម្មអតិពលកម្ម (ប្រើប្រាស់កម្លាំងពលកម្មច្រើន) ទៅជាឧស្សាហកម្មដែលប្រើប្រាស់ជំនាញ និងបច្ចេកវិទ្យា ដូចជា ការផលិតគ្រឿងបរិក្ខារអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត និងឧបករណ៍Semiconductor ជាដើម។
ចិន ជាប្រភពធាតុចូល ហើយអាម៉េរិក ជាទីផ្សារលក់ចេញ ផ្អែកលើទិដ្ឋភាពសេដ្ឋកិច្ច លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចមួយរូប បានមើលឃើញថា អាម៉េរិកជាទីផ្សារសំខាន់សម្រាប់ផលិតផលកម្ពុជា ដូចជា សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ខណៈ ចិន ជាប្រភពផ្គត់ផ្គង់ដ៏សំខាន់នូវវត្ថុធាតុដើមសម្រាប់ផលិតកម្ម។ ដូច្នេះ ការនាំចេញទៅអាម៉េរិក និងការនាំចូលពីចិន មានទំនាក់ទំនងគ្នាក្នុងដំណើរការផលិតកម្ម។

ការដែលកម្ពុជានាំចូលវត្ថុធាតុដើមពីចិន ដើម្បីផលិត និងនាំចេញទៅអាមេរិក បង្ហាញពីការពឹងពាក់គ្នាក្នុងខ្សែច្រវាក់ផលិតកម្មសកល។ ជាមួយនឹងចំណុចនេះ លោកមានប្រសាសន៍ថា អ្វីដែលសំខាន់ចំពោះកម្ពុជានៅពេលនេះ គឺការបង្កើនតម្លៃបន្ថែមក្នុងស្រុក ពង្រីកផលិតផលនាំចេញ និងធ្វើពិពិធកម្មទីផ្សារ ដើម្បីឱ្យកំណើនពាណិជ្ជកម្ម ផ្ដល់ផលប្រយោជន៍កាន់តែច្រើនដល់សេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះដែរ វាក៏បានបង្ហាញថា កម្ពុជាកំពុងចូលរួមក្នុងខ្សែច្រវាក់ផលិតកម្មទាំងនៅក្នុងតំបន់ និងសកល ដែលប្រទេសនីមួយៗមាន ជំនាញខុសៗគ្នា។
«ខ្ញុំយល់ថា កម្ពុជា គួរបន្តពង្រឹង និងរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយដៃគូ ពង្រីកទីផ្សារនាំចេញ និងជំរុញបង្កើនសមត្ថភាពផលិតក្នុងស្រុក ដើម្បីបង្កើនភាពធន់ និងជំរុញកំណើនពាណិជ្ជកម្ម ដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ចជាតិបានយូរអង្វែង»។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត ឌុច ដារិន្ទ ។
លោក កាំង ម៉ូនីកា លេខាធិការរងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បានគូសបញ្ជាក់ថា មកដល់ពេលនេះវិស័យឧស្សាហកម្មកាត់ដេរ និងផលិតផលធ្វើដំណើររបស់កម្ពុជា បាន និងកំពុងពឹងផ្អែកលើធាតុចូល ឬវត្ថុធាតុដើមពីប្រទេសចិន ប្រហែល ៦០%។

នៅពេលលើកឡើងពីចម្ងល់ថា តើអ្វីទៅគឺជាឧបសគ្គចម្បងដែលរារាំងកម្ពុជាមិនឱ្យនាំចេញផលិតផលកាត់ដេរ ឬផលិតផលផ្សេងទៀតទៅកាន់ទីផ្សារចិនបានច្រើនដូចការនាំចេញទៅអាមេរិក? លោកបានមើលឃើញថា ៖ «ប្រទេសចិន គឺជាអ្នកផលិតសម្លៀកបំពាក់ដ៏ធំបំផុតរួចទៅហើយ។ ដូចនេះ យើងមិនអាចនាំចេញទៅកាន់ប្រទេសចិនបានច្រើនដូចដែលយើងអាចនាំចេញទៅកាន់សហរដ្ឋអាម៉េរិកនោះទេ»។ ជាមួយគ្នានេះ ស្រពេលដែលទីផ្សារអាម៉េរិក បាន និងកំពុងបើកឱកាសឱ្យមានការនាំចេញពីកម្ពុជា លោក កាំង ម៉ូនីកា យល់ឃើញថា អត្រាពន្ធ និងតម្រូវការរបស់សហរដ្ឋអាម៉េរិក អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការបញ្ជាទិញមកកាន់ប្រទេសកម្ពុជា៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content