បរទេស៖ តម្លៃប្រេងឆៅឡើងថ្លៃជិតដល់ ១០០ ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ សប្ដាហ៍ ដោយសារការកើនឡើងនៃភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ និងការវាយប្រហាររបស់ក្រុម Houthi លើកប៉ាល់ដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីតនៅសមុទ្រក្រហម។ នេះបើយោងតាមការរាយការណ៍ពី CNA។
នៅថ្ងៃព្រហស្បតិ៍នេះ តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ២ ភាគរយដល់ ៩៦ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ១,៧ ភាគរយដល់ ៨៨,២៧ ដុល្លារក្នុងមួយបារ៉ែល។
ទន្ទឹមនឹងនេះ យោធាអាម៉េរិកប្រកាសថា ពួកគេបានវាយប្រហារលើអ៊ីរ៉ង់ ១២ យប់ជាប់ៗគ្នា ខណៈដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ គំរាមបំផ្លាញស្ពាន ឬរោងចក្រអគ្គិសនីរាល់ពេលដែលអ៊ីរ៉ង់បាញ់ប្រហារលើកប៉ាល់នៅច្រកសមុទ្រ Hormuz។
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លើកឡើងថា កប៉ាល់ដឹកប្រេងមួយគ្រឿងបានផ្ទុះឆេះឡើងក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់ចំផ្លូវទឹកដែលមានបង្កប់គ្រាប់មីនសមុទ្រ ខណៈដែលកប៉ាល់ដឹកប្រេងពីរផ្សេងទៀតបានបត់ត្រឡប់ក្រោយវិញ។
កងទ័ពអ៊ីរ៉ង់ព្រមានថា ច្រកសមុទ្រនេះស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ និងបិទទាំងស្រុង ហើយគ្មានកប៉ាល់ដឹកប្រេងណាមួយត្រូវបានអនុញ្ញាតឱ្យចូល ឬចេញដោយគ្មានការសម្របសម្រួលជាមួយអ៊ីរ៉ង់នោះឡើយ។
ក្រៅពីជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ក្រុមឧទ្ទាម Houthis ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់នោះ បានបើកសមរភូមិថ្មីមួយនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ក្រុមឧទ្ទាមមួយនេះកំណត់គោលដៅវាយប្រហារលើនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីតនៅច្រកសមុទ្រ Bab el-Mandeb និងបានប្រកាសបិទផ្លូវសមុទ្រប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត។
ក្រុម Houthis បើកប្រតិបត្តិការយោធាលើកប៉ាល់ដឹកប្រេងអារ៉ាប៊ីសាអូឌីតចំនួន ២ គ្រឿង ដោយនាវាដឹកប្រេងចំនួន ១ គ្រឿងឈ្មោះ Encelia ត្រូវបានវាយប្រហារនៅសមុទ្រក្រហម។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេចេញសេចក្តីព្រមានមិនឱ្យកប៉ាល់ណាមួយបើកឆ្ពោះទៅកាន់កំពង់ផែរបស់អារ៉ាប៊ីសាអូឌីតជាដាច់ខាត ដែលធ្វើឱ្យនាវាពាណិជ្ជកម្មប្រហែល ១០ គ្រឿងបង្ខំចិត្តដកថយបត់ត្រឡប់ក្រោយវិញ។
ការបិទផ្លូវទឹករបស់ក្រុម Houthis ប្រឆាំងនឹងអារ៉ាប៊ីសាអូឌីតនៅសមុទ្រក្រហម កាន់តែបង្កការគំរាមកំហែងដល់ការផ្គត់ផ្គង់ថាមពលសកល។ គួរឱ្យបញ្ជាក់ដែរថា ច្រកសមុទ្រ Hormuz និង សមុទ្រក្រហមនៅឆ្ងាយពីគ្នាក្តី ប៉ុន្តែតំបន់ទាំងពីរនេះសុទ្ធតែស្ថិតនៅក្នុងភូមិសាស្ត្រមជ្ឈិមបូព៌ា និងជាផ្លូវយុទ្ធសាស្ត្រសមុទ្រដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងទំនិញអន្តរជាតិ។
ច្រកសមុទ្រ Hormuz ស្ថិតនៅចន្លោះឈូងសមុទ្រពែក្ស និងឈូងសមុទ្រអូម៉ង់ ដែលជាច្រកចេញចូលសម្រាប់នាវាដឹកប្រេងចេញពីបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រដូចជា អារ៉ាប៊ីសាអូឌីត, អ៊ីរ៉ង់, អ៊ីរ៉ាក់, និងគុយវ៉ែត។ សមុទ្រក្រហមស្ថិតនៅចន្លោះទ្វីបអាហ្វ្រិក និងឧបទ្វីបអារ៉ាប់ ដែលមានច្រកសមុទ្រ ដែលជាផ្លូវទឹកតភ្ជាប់ឈូងសមុទ្រអាដែនជិតប្រទេសយ៉េមែន, ព្រែកជីកស៊ុយអេ, និងមហាសមុទ្រឥណ្ឌា៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content