ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានសហការជាមួយវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (IBS) រៀបចំសិក្ខាសាលាស្តីពី «កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពវិជ្ជាជីវៈសម្រាប់យុវជន» ក្រោមអធិបតីភាពលោកជំទាវ ឌិត នីតា ប្រធានគណៈកម្មាធិការអប់រំ និងមូលនិធិអភិវឌ្ឍន៍បុគ្គលិក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងឯកឧត្តម លីម ប៊ុនហុក សហនាយកនៃវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រង សាស្ត្រាចារ្យ និងនិស្សិតនៃវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ សរុបជាង ១០០នាក់។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ផ្តល់ចំណេះដឹង និងបង្កើនការយល់ដឹងដល់ប្អូនៗសិស្សនិស្សិតអំពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តួនាទីរបស់វិស័យនេះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ព្រមទាំងឱកាសការងារ និងជំនាញដែលជាតម្រូវការនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីជួយឱ្យយុវជនត្រៀមខ្លួនបានកាន់តែប្រសើរសម្រាប់ការសិក្សា ក៏ដូចជាអាជីពនាពេលអនាគត។

ក្នុងឱកាសនោះ លោកជំទាវ ឌិត នីតា ប្រធានគណៈកម្មាធិការអប់រំ និងមូលនិធិអភិវឌ្ឍន៍បុគ្គលិក នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់យុវជនកម្ពុជា ដោយលើកឡើងថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាបំណិនជីវិតដែលយុវជនគ្រប់រូបគួរមាន ដើម្បីអាចគ្រប់គ្រងចំណូល-ចំណាយ កំណត់គោលដៅ សន្សំ និងធ្វើសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានល្អប្រសើរ ជាពិសេសជួយឱ្យកសាងមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងគាំទ្រដល់ការរៀបចំផែនការជីវិត និងអាជីពការងារនាពេលអនាគត។ លោកជំទាវបានសង្កត់ធ្ងន់ថា ការត្រៀមខ្លួនសម្រាប់អាជីពគួរចាប់ផ្តើមតាំងពីនៅជានិស្សិត តាមរយៈការអភិវឌ្ឍចំណេះដឹង ជំនាញទំនាក់ទំនង និងឌីជីថល ព្រមទាំងក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ ដើម្បីត្រៀមខ្លួនបានល្អសម្រាប់ការងារ និងឱកាសអាជីពនាពេលអនាគត។
ជាមួយគ្នានេះ លោក ឈន វឌ្ឍនៈ អគ្គលេខាធិការ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានធ្វើបទបង្ហាញអំពីតួនាទីរបស់សមាគម ទិដ្ឋភាពទូទៅនៃវិស័យមីក្រូហិរញ្ញវត្ថុ និងឱកាសការងារក្នុងវិស័យ ដោយផ្តល់ឱ្យប្អូនៗសិស្សនិស្សិតនូវការយល់ដឹងកាន់តែច្បាស់អំពីការងារ និងអាជីពដែលអាចស្វែងរកបានក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ លោកបានចែករំលែកអំពីការចូលរួមចំណែកដ៏សំខាន់របស់វិស័យមីក្រូហិរញ្ញវត្ថុក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងបង្ហាញពីតម្រូវការ និងឱកាសអាជីពផ្សេងៗក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ ការចែករំលែកនេះបានជួយឱ្យនិស្សិតស្វែងយល់កាន់តែច្បាស់ពីទិសដៅអាជីព ព្រមទាំងចំណេះដឹង និងជំនាញដែលសមស្របទៅនឹងតម្រូវការរបស់និយោជក។
បន្ថែមពីនេះ លោក រុំ រដ្ឋា នាយកអង្គភាពពាណិជ្ជកម្ម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានធ្វើបទបង្ហាញអំពីសារៈសំខាន់នៃការសន្សំ ដោយលោកបានសង្កត់ធ្ងន់ថា ការសន្សំគួរចាប់ផ្តើមតាំងពីវ័យក្មេង ទោះបីជាចំនួនតិចតួចក៏ដោយ ដើម្បីបង្កើតទម្លាប់ហិរញ្ញវត្ថុល្អ មានថវិកាសម្រាប់តម្រូវការបន្ទាន់ ព្រមទាំងកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាស់កម្ចីក្រៅផ្លូវការ និងជាពិសេសជួយឱ្យការចាត់ចែងហិរញ្ញវត្ថុបានល្អប្រសើរផងដែរ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងបន្តលើកកម្ពស់កិច្ចសហការជាមួយវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ និងដៃគូពាក់ព័ន្ធ តាមរយៈកម្មវិធីចែករំលែកចំណេះដឹង ទស្សនកិច្ចសិក្សា កម្មវិធីហាត់ការ និងសកម្មភាពផ្សេងៗ ដើម្បីពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងតភ្ជាប់យុវជនជាមួយឱកាសការងារក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។











វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content