ភ្នំពេញ ៖ ក្រុមហ៊ុន Hyundai Cambodia បានបង្ហាញរថយន្តស៊េរីថ្មីជាប្រភេទរថយន្តអគ្គិសនី គឺ Hyundai ELEXIO នៅលើទីផ្សារប្រទេសកម្ពុជា ដោយរំពឹងថារថយន្តប្រភេទថ្មីនឹងអាចទទួលបានការគាំទ្រពីអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាពីព្រោះតែលក្ខណៈពិសេសជាច្រើនរបស់រថយន្តមួយនេះ ។ ការបង្ហាញរថយន្តស៊េរីថ្មីនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៦ កញ្ញា ២០២៦ នៅអគារតាំងបង្ហាញតាមបណ្ដោយផ្លូវព្រះមុនីវង្ស ។
លោក សេង វណ្ណារិទ្ធ ប្រធានផ្នែកលក់នៃក្រុមហ៊ុន Hyundai Cambodia បានមានប្រសាសន៍ថា Hyundai ELEXIO មិនមែនគ្រាន់តែជារថយន្តអគ្គិសនីថ្មីប៉ុណ្ណោះទេ តែវាតំណាងឱ្យការបោះជំហានថ្មីមួយទៀតរបស់Hyundai Cambodia ក្នុងការនាំយកបច្ចេកវិទ្យាថ្មី ការរចនាថ្មី និងបទពិសោធន៍ថ្មី និងការបើកបររថយន្តអគ្គិសនី សម្រាប់អតិថិជនកម្ពុជា ។

លោកសង្ឃឹមថា Hyundai ELEXIO នឹងក្លាយជាជម្រើសថ្មីមួយសម្រាប់អ្នកកំពុងស្វែងរករថយន្តអគ្គិសនី ដែលរួមបញ្ចូលគ្នារវាងភាពទាន់សម័យ ភាពទំនើប បច្ចេកវិទ្យា ភាពងាយស្រួល ផាសុកភាព សុវត្ថិភាព ប្រសិទ្ធភាពក្នុងការបើកបរ សម្រាប់ធ្វើដំណើរប្រចាំថ្ងៃនិងដំណើរកម្សាន្ត ។
លោកហេង បញ្ញា ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន Hyundai Cambodia ក៏បានមានប្រសាសន៍ថា បើក្រលេកទៅមើលទៅលើទីផ្សាររថយន្តកម្ពុជា នាពេលបច្ចុប្បន្ន នោះនឹងឃើញថាទស្សនៈរបស់អ្នកប្រើប្រាស់កំពុងផ្លាស់ប្តូរទៅរកបរិបទថ្មីមួយ ។អ្នកប្រើប្រាស់នាសម័យថ្មី ពិចារណាលើរថយន្តលើសពីរូបរាង និងតម្លៃរថយន្ត ដោយពួកគេចង់បានរថយន្តដែលមានបច្ចេកវិទ្យាឆ្លាតវៃ ប្រព័ន្ធសុវត្ថិភាពល្អ ការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងការផ្ដល់បទពិសោធន៍ដែលអាចសមស្របទៅនឹងជីវិតប្រចាំថ្ងៃរបស់ពួកគេ ។ លោកថា ៖«ការផ្លាស់ប្តូរនេះ កំពុងបង្កើតឱកាសថ្មីសម្រាប់ទីផ្សាររថយន្តនៅកម្ពុជា » ។

លោកបន្តថា ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ មានបទពិសោធន៍រយៈពេល៣៥ឆ្នាំ ក្នុងការបង្កើតរថយន្តអគ្គិសនី ។ ស្របពេលនេះ Hyundai ELEXIO ត្រូវបានណែនាំមកកាន់ទីផ្សារដោយផ្សារភ្ជាប់ជាមួយគោលបំណងច្បាស់លាស់ ដើម្បីផ្ដល់ជូនអ្នកប្រើប្រាស់នូវជម្រើស EV ដែលប្រកបដោយទំនុកចិត្ត បច្ចេកវិទ្យាទំនើប រចនាបថទាន់សម័យ និងមុខងារដែលឆ្លើយតបទៅនឹងតម្រូវការនៃការរស់នៅសម័យថ្មី ។ចំណុចសំខាន់របស់ELEXIO គឺការរួមបញ្ចូលគ្នារវាង Smart Technology , Modern Design និង Electric Performance នៅក្នុងរថយន្ត SUV មួយដែលត្រូវបានបង្កើតឡើងសម្រាប់ជីវិតប្រចាំថ្ងៃ ។ ជាពិសេសទីផ្សារបច្ចុប្បន្ន ត្រូវការទំនុកចិត្ត ការទស្សនា និងការធ្វើពិសោធន៍ដោយផ្ទាល់ ។ ដូច្នេះ Hyundai Cambodia មិនត្រឹមតែផ្ដល់រូបភាព ELEXIO តាមរយៈការផ្សព្វផ្សាយប៉ុណ្ណោះទេ តែក៏បាននាំមកនូវឱកាសពិសេសសម្រាប់អ្នកប្រើប្រាស់រថយន្តនៅប្រទេសកម្ពុជាបានឃើញ បានស្គាល់ បានសាកសួរ និងបានបើកសាកល្បងដោយផ្ទាល់ ។
គួរបញ្ជាក់ថា Hyundai ELEXIO មានចំណុចពិសេសជាច្រើនដែលរំពឹងថានឹងអាចទាក់ចិត្តអតិថិជននៅក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមាន អាគុយសាកមួយពេញអាចជិះបាន៥៤០គីឡូម៉ែត្រ បញ្ចូលថាមពលលឿន អាចសាកនៅស្ថានីយសាកថាមពលក៏បាន និងសាកនៅផ្ទះក៏បាន ។លក្ខណៈពិសេសផ្សេងទៀត មានដំបូលកញ្ចក់ Panoramic បង្កើនភាពទូលាយ និងពន្លឺក្នុងកាប៊ីន អាចបញ្ចេញថាមពលពីរថយន្តទៅផ្គត់ផ្គង់ឧបករណ៍អគ្គិសនីខាងក្រៅ ទ្វារក្រោយបើក-បិទដោយស្វ័យប្រវត្តិ កញ្ចប់ការពារសំឡេងពីរជាន់ ជួយកាត់បន្ថយសំឡេងរំខានពីខាងក្រៅ ។ ក្រៅពីនេះ មានឧបករណ៍សាកទូរស័ព្ទឥតខ្សែ ២កន្លែង Smart មាន១គ្រាប់ និងមានលក្ខណៈពិសេសជាច្រើនទៀត ដែលនឹងធ្វើឱ្យអតិថិជនចាប់ចិត្ត ។

នៅក្នុងឱកាសសន្និសីទសារព័ត៌មាន និងបង្ហាញរថយន្តអគ្គិសនីHyundai ELEXIO នាព្រឹកថ្ងៃទី២៦ កញ្ញា ២០២៦នោះ ក្រុមហ៊ុន Hyundai Cambodia បានបង្ហាញរថយន្ត Hyundai ELEXIO ចំនួនពីរ Options ជាមួយនឹងការបញ្ជាក់ តម្លៃនៅលើទីផ្សារប្រទេសកម្ពុជា ក្នុងនោះ សម្រាប់ Hyundai ELEXIO Smart តម្លៃពេញ $28,900 ចំណែក រថយន្ត Hyundai ELEXIO Tech មានតម្លៃពេញ $33,900 ។ សម្រាប់អតិថិជនដែលកុម្មង់ទិញរថយន្តណាមួយ នឹងមានការបញ្ចុះតម្លៃពិសេស ថែមទាំងទទួលបានការធានារយៈពេលវែង រហូតដល់ 8 ឆ្នាំ ឬ 160,000គីឡូម៉ែត្រពីក្រុមហ៊ុនផងដែរ ៕








វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content