ភ្នំពេញ៖ កម្ពុជាសម្រេចបានការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិមានតម្លៃ ២៨,៨ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២៦ កើនឡើង ២០,៤% ខណៈទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជាសម្រេចបានជាង ៦២ ពាន់លានដុល្លារអាម៉េរិក កើនឡើង ២០,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល ១០ខែនេះ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ២៨,៨ពាន់លានដុល្លារអាម៉េរិក ខណៈការនាំចូលទំនិញពីបរទេសមានតម្លៃ ៣៣,៤ពាន់លានដុល្លារអាម៉េរិក កើនឡើង ២១,២%។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មសរុបបានកើនឡើងពី ៥២,៥ពាន់លានដុល្លារ មកជាង ៦២ពាន់លានដុល្លារអាម៉េរិក។
ក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់ៗ ចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១៩,៥ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៣,៣%។ ក្នុងនោះ កម្ពុជានាំចេញទំនិញទៅចិនមានតម្លៃ ១,៦៨ពាន់លានដុល្លារអាម៉េរិក ខណៈការនាំចូលពីប្រទេសនេះមានទំហំ ១៧,៩៦ពាន់លានដុល្លារអាម៉េរិក។
សហរដ្ឋអាមេរិកឈរនៅលំដាប់ទី២ ជាមួយទំហំពាណិជ្ជកម្មសរុប ១៣,៨២ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៩,១%។ អាមេរិកក៏ជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជាផងដែរ ដោយការនាំចេញទៅកាន់ទីផ្សារនេះមានតម្លៃ ១៣,២៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៧,៨% ខណៈការនាំចូលពីអាមេរិកមានតម្លៃប្រមាណ ៥៥០លានដុល្លារអាម៉េរិក។
ចំណែកវៀតណាមឈរនៅលំដាប់ទី៣ ជាមួយទំហំពាណិជ្ជកម្ម ៧,១៦ពាន់លានដុល្លារអាម៉េរិក កើនឡើង ៨,៨%។ ក្នុងនោះ កម្ពុជានាំចេញទៅវៀតណាមមានតម្លៃ ៣,៤ពាន់លានដុល្លារអាម៉េរិក និងនាំចូលពីប្រទេសនេះមានតម្លៃ ៣,៧៦ពាន់លានដុល្លារអាម៉េរិក។ រីឯជប៉ុនឈរនៅលំដាប់ទី៤ ដោយមានទំហំពាណិជ្ជកម្មសរុប ២,៤៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨,៤%។
ផ្ទុយទៅវិញ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃបានធ្លាក់ចុះ ២៧,៨% មកនៅត្រឹម ២,៣១ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ១០ខែដើមឆ្នាំនេះ។ ការធ្លាក់ចុះនេះកើតឡើងដោយសារការនាំចូលពីប្រទេសថៃបានថយចុះ ៣៣,១% ខណៈការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារថៃក៏បានថយចុះ ៦,៣% ផងដែរ។
ទន្ទឹមនឹងនេះ ទីផ្សារអឺរ៉ុបមួយចំនួនក៏បានបង្ហាញពីកំណើនពាណិជ្ជកម្មគួរឱ្យកត់សម្គាល់ផងដែរ។ ជាក់ស្ដែង ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអេស្ប៉ាញសម្រេចបាន ១,២២ពាន់លានដុល្លារអាម៉េរិក កើនឡើង ២១,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្នន័យពាណិជ្ជកម្មទាំងនេះបង្ហាញថា ក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបានបន្តកើនឡើង ដោយមានចិនជាដៃគូពាណិជ្ជកម្មធំបំផុត និងសហរដ្ឋអាមេរិកជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content