ភ្នំពេញ ៖ ជាញឹកញយ គេតែងកត់សម្គាល់ឃើញមានករណីខុសឈ្មោះ ឬខុសអក្ខរាវិរុទ្ធនៅលើប្លង់រឹងដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈមន្ទីររាជធានី ខេត្ត ។ កំហុសទាំងនេះ អាចកែតម្រូវបាន ហើយម្ចាស់កម្មសិទ្ធិត្រូវតែរូតរះទៅកែតម្រូវឱ្យបានឆាប់បំផុត ។
សូមបញ្ជាក់ថា ក្នុងករណីខុសឈ្មោះ ឬក៏កំហុសអក្ខរាវិរុទ្ធណាមួយនៅលើប្លង់នោះ កម្មសិទ្ធិករ ឬក៏ម្ចាស់ប្លង់រឹងនោះ មិនអាចផ្ទេរ ឬលក់បន្តទៅអ្នកផ្សេងបាននោះទេ។ អ្វីដែលពិសេស សូម្បីតែយកប្លង់នោះ យកទៅដាក់ជាទ្រព្យធានាដើម្បីយកកម្ចីពីធនាគារប្រើប្រាស់ក៏ធនាគារមិនទទួលស្គាល់ និងមិនផ្ដល់ឥណទានឱ្យដែរ ដូច្នេះហើយ ចាំបាច់ត្រូវតែដាក់ពាក្យស្នើសុំកែតម្រូវជាបន្ទាន់ ។

ការកែតម្រូវឈ្មោះលើប្លង់រឹងនោះ ត្រូវមើលទៅលើអង្គហេតុថាតើជាកំហុសរបស់មន្ត្រីធ្វើប្លង់រឹង ឬក៏ជាកំហុសរបស់ម្ចាស់កម្មសិទ្ធិ ។ កំហុសម្ចាស់កម្មសិទ្ធិ អាចជាឈ្មោះនៅលើសំបុត្រកំណើត និងលើអត្តសញ្ញាណបណ្ណខុសគ្នា ហើយមន្ត្រីមិនបានពិនិត្យក៏យកឯកសារណាមួយក្នុងចំណោមពីរនោះមកបញ្ចូលឈ្មោះ ។ កំហុសនេះ គឺខាងម្ចាស់ដី ឬម្ចាស់ទ្រព្យជាអ្នកទទួលខុសត្រូវដោយខ្លួនឯង ហើយរាល់ការចំណាយត្រូវតែជាម្ចាស់កម្មសិទ្ធិជាអ្នកចំណាយ ។ ក្នុងករណីទាំងសំបុត្រកំណើត និងអត្តសញ្ញាណបណ្ណដូចគ្នាទាំងអស់ ប៉ុន្តែខាងមន្ត្រីបញ្ចូលទិន្នន័យជាអ្នកវាយបញ្ចូលឈ្មោះក្នុងប្រព័ន្ធខុស ក្នុងករណីនេះម្ចាស់ទ្រព្យអាចដាក់ពាក្យស្នើសុំធ្វើការកែតម្រូវនៅមន្ទីររៀបចំដែន នគរូបនីយកម្ម សំណង់ និងសូរិយោដី ។
នីតិវិធីដើម្បីកែតម្រូវឈ្មោះដែលខុសនៅលើប្លង់រឹង សាមីខ្លួនត្រូវយកឯកសារផ្លូវការទៅដាក់ពាក្យស្នើសុំកែតម្រូវឈ្មោះនៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីស្រុក/ខណ្ឌ ឬក៏មន្ទីររាជធានី/ខេត្ត ដែលដីនោះស្ថិតនៅ ។ ចំណែកឯកសារដែលត្រូវភ្ជាប់ទៅជាមួយ មានប្លង់រឹង ច្បាប់ដើម អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន ថតចម្លង១សន្លឹក ត្រូវមានការបញ្ជាក់ត្រឹមត្រូវ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅថតចម្លង១ច្បាប់ សំបុត្រកំណើតថតចម្លង១ច្បាប់ ។
បើតាមលោក វ៉ា វណ្ណា នាយកគ្រប់គ្រងនៃក្រុមហ៊ុន Propertydia ជំនាញលើការកាត់ប្លង់រឹង បានថ្លែងប្រាប់បណ្ដាញព័ត៌មាន AMS ឱ្យដឹងថា កំហុសលើប្លង់រឹងដែលបានចេញដោយក្រសួងដែនដី តាមរយៈមន្ទីរសុរិយោដី តែងតែកើតមាន ។ បើសិនជាកំហុសនោះតិចតួច ម្ចាស់ប្លង់អាចយកទៅឱ្យខាងមន្ត្រីសុរិយោដីជួយកែតម្រូវ ឬកោសលុបទៅតាមបច្ចេកទេស ហើយជាគោលការណ៍មិនអស់ថ្លៃចំណាយទេ ។ សម្រាប់លិខិតដែលត្រៀមដាក់ដើម្បីកែតម្រូវលើឈ្មោះនេះ គឺដូចនឹងលិខិត ឬឯកសារដែលដាក់ក្នុងពេលធ្វើប្លង់ផ្ទេរកម្មសិទ្ធិដូច្នេះដែរ ។

លោក វណ្ណា បានបញ្ជាក់ថា ការខុសឈ្មោះ ឬខុសអក្ខរាវិរុទ្ធនៅលើប្លង់រឹងនេះ គឺត្រូវតែទៅកែតម្រូវឱ្យត្រូវ មិនថាខុសតិច ឬខុសច្រើននោះទេ ព្រោះវាចាំបាច់នៅពេលថ្ងៃខាងមុខ ដូចជាការធ្វើអំណោយទៅទាយាទជំនាន់ក្រោយៗ ឬទិញ-លក់បន្ត ហើយក្នុងករណីមានកំហុស ឬខុសឈ្មោះ មិនបានកែតម្រូវនោះទេវានឹងពិបាកនៅពេលដំណើរការនីតិវិធីធ្វើអំណោយនាថ្ងៃខាងមុខ ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content