បរទេស ៖ បណ្តាក្រុមអ្នកតស៊ូមតិនៃពលរដ្ឋចូលនិវត្តន៍ដ៏លេចធ្លោរបស់សហរដ្ឋអាម៉េរិក បានអំពាវនាវឱ្យសភាបើកការស៊ើបអង្កេតលើក្រុមហ៊ុន Meta ដោយបានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះថា បានរកប្រាក់ចំណេញជាច្រើនពីយុទ្ធនាការផ្សាយពាណិជ្ជកម្មបោកប្រាស់ដែលមានការកំណត់គោលដៅទៅលើពលរដ្ឋវ័យចំណាស់ និងចូលនិវត្តរបស់អាម៉េរិក។
អត្ថបទចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា តាមរយៈលិខិតរួមមតិមួយដែលមានទាំងសម្ព័ន្ធអ្នកតស៊ូមតិ, សម្ព័ន្ធសម្រាប់អ្នកចូលនិវត្តន៍ ( Alliance for Retired Americans), សហជីពកម្មករប្រៃសណីយ៍អាម៉េរិកផ្នែកអ្នកចូលនិវត្តន៍ (American Postal Workers Union Retirees) និងសហព័ន្ធគ្រូបង្រៀនអាម៉េរិក (American Federation of Teachers) ផងដែរនោះ ត្រូវបានបញ្ជូនទៅដល់គណៈគម្មការនៃសភា ផ្នែកស្រាវជ្រាវរួចរាល់ហើយ ដោយពួកគេបានចោទប្រកាន់ក្រុមហ៊ុន Meta ថា កំពុងទាញយកប្រយោជន៍ពីក្រុមមនុស្សវ័យចំំណាយតាមរយៈបណ្តាញសង្គមរបស់ខ្លួន ដូចជា ការកើនឡើងយ៉ាងគំហុកនៃផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មបោកប្រាស់ពាក់ព័ន្ធនឹងកម្មវិធីធានារ៉ាប់រងសុខភាព Medicare នៅលើវេទិកាចម្បងៗរបស់ Meta រួមមាន Facebook, Instagram, WhatsApp និង Threadsផងដែរ។
លោក Richard Fiesta នាយកប្រតិបត្តិនៃសម្ព័ន្ធសម្រាប់អ្នកចូលនិវត្តន៍អាម៉េរិក បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ ពាណិជ្ជកម្ម បែប Medicare ក្លែងបន្លំបានរីករាលដាលនៅលើវេទិការបស់ Meta ហើយមនុស្សចាស់ជាច្រើនកំពុងរងគ្រោះដោយសារការបោកប្រាស់នេះ ខណៈពេលដែល Meta ទទួលបានប្រាក់ចំណេញយ៉ាងច្រើន។
ជាការឆ្លើយតបនឹងការចោទប្រកាន់នេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta បានបដិសេធការរិះគន់នេះ ហើយបានលើកឡើងថា ក្រុមហ៊ុនកំពុងចាត់វិធានការយ៉ាងសកម្មដើម្បីប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធឌីជីថល ដែលកាន់តែមានភាពស្មុគស្មាញឡើងៗ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា Meta បានធ្វើការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារអនុវត្តច្បាប់ ដើម្បីតាមដាន និងកម្ចាត់បណ្តាញឧក្រិដ្ឋជនដែលធ្វើប្រតិបត្តិការនៅលើបណ្តាញរបស់ខ្លួន។
សូមជម្រាបថា ការអំពាវនាវឱ្យមានការស៊ើបអង្កេតពីសភានេះ បានបង្កើនសម្ពាធនយោបាយ និងគតិយុត្តិកាន់តែខ្លាំងលើក្រុមហ៊ុន Meta ទាក់ទងនឹងប្រព័ន្ធត្រួតពិនិត្យការផ្សាយពាណិជ្ជកម្មរបស់ខ្លួន។ កាលពីដើមឆ្នាំនេះ ក្រុមសមាជិកសភាអាម៉េរិក ក៏ធ្លាប់បានដាក់សម្ពាធលើលោក Mark Zuckerberg ដែលជាស្ថាបនិកនិង CEO របស់ Meta ជុំវិញប្រសិទ្ធភាពនៃវិធិសាស្ត្រប្រឆាំងការបោកប្រាស់អនឡាញនេះផងដែរ។
គួរឲ្យដឹងដែរថា ក្រោយការពិនិត្យដិតដល់ដែលបានធ្វើឡើងបន្ទាប់ពីមានការអំពាវនាវរបស់សភាកាលពីចុងឆ្នាំមុន ការស៊ើបអង្កេតសហព័ន្ធ ដោយផ្អែកលើរបាយការណ៍បានបង្ហាញថា ការផ្សាយពាណិជ្ជកម្មបោកប្រាស់អាចមានចំណែករហូតដល់ ១០ភាគរយ នៃចំណូលសរុបរបស់ក្រុមហ៊ុន Meta សរុបគិតត្រឹមឆ្នាំ២០២៤កន្លងទៅតែប៉ុណ្ណោះ៕




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content