បរទេស ៖ ការស្ទង់ប្រជាមតិថ្មីមួយរបស់ស្ថាប័ន YouGov ទៅលើមនុស្សពេញវ័យជាង ២០០០ នាក់នៅទូទាំងប្រទេសបានបង្ហាញថា ប្រជាជនអាល្លឺម៉ង់ដ៏ច្រើនលើសលប់មិនមានជំនឿចិត្តទៅលើកងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងការពារជាតិរបស់ខ្លួននោះទេថា អាចមានសមត្ថភាពការពារប្រទេសពីការវាយប្រហារណាមួយពីប្រទេសបច្ចាមិត្តនៅពេលអនាគត។
យោងតាមការដកស្រង់ និងចេញផ្សាយដោយកាសែតរុស្ស៊ី RT បានបញ្ជាក់ថា មានប្រជាជនប្រមាណជា៧០ ភាគរយនៃអ្នកឆ្លើយតបការស្តង់មតិនៅក្នុងប្រទេសអាល្លឺម៉ង់ បានសម្តែងការខ្វះទំនុកចិត្តលើកម្លាំងទ័ពអាល្លឺម៉ង់ដែលនេះជាកម្រិតទំនុកចិត្តទាបបំផុតក្នុងចំណោមប្រទេសលោកខាងលិចទាំង៧ ដែលត្រូវបានស្ទង់មតិ ពោលគឺស្ថិតនៅក្រោយឆ្ងាយពីសហរដ្ឋអាមេរិក និងបារាំង។ ក្នុងនោះដែរទោះបីជា ៤០ ភាគរយទទួលស្គាល់ថា កញ្ចប់ថវិកាចំណាយលើវិស័យការពារជាតិនៅមានកម្រិតទាបក៏ដោយ ក៏សាធារណជនប្រឆាំងយ៉ាងខ្លាំងចំពោះការរ៉ាប់រងបន្ទុកហិរញ្ញវត្ថុនេះ ដោយក្នុងនោះប្រមាណជាង៣ ភាគ ៤ បានប្រឆាំងនឹងការដំឡើងពន្ធ ខណៈដែលភាគច្រើនទាត់ចោលការកាត់បន្ថយសេវាសាធារណៈ ឬការបង្កើនបំណុលរដ្ឋដើម្បីយកមកចំណាយសម្រាប់វិស័យការពារជាតិ និងបង្កើនសមត្ថភាពកងទ័ព។
លទ្ធផលនេះបានលេចឡើងស្របពេលដែលរដ្ឋាភិបាលមានផែនការបង្កើនចំនួនកងទ័ពសកម្មពី ១៨៣,០០០ នាក់ ដល់ ២៦០,០០០ នាក់ និងពង្រីកកម្លាំងបម្រុងដល់ ២០០,០០០ នាក់ ខណៈដែលជម្លោះនៅតែបន្តនៅឡើយក្នុងប្រទេសអ៊ុយក្រែន។ បន្ថែមពីលើបញ្ហានេះ អាល្លឺម៉ង់ ក៏កំពុងជួបសម្ពាធពីបរទេសផងដែរ ខណៈប្រធានាធិបតីអាមេរិក Donald Trump បានអំពាវនាវឱ្យសម្ព័ន្ធមិត្តណាតូនៅអឺរ៉ុបបង្កើនការចំណាយលើវិស័យការពារជាតិចំណែកឯទីក្រុងម៉ូស្គូបានព្រមាន និងប្រឆាំងទៅនឹងការកើនឡើងនៃចំនួនយោធានៅក្នុងតំបន់។
ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងក្នុងស្រុកដើម្បីកសាងកម្លាំងកងទ័ពឡើងវិញបានជួបប្រទះនឹងការប្រឆាំងពីសាធារណជន រួមទាំងការតវ៉ាលើប្រព័ន្ធចុះឈ្មោះយោធាដែលត្រូវបានដាក់ឱ្យប្រើប្រាស់ឡើងវិញ ខណៈដែលចំនួនយុវជនដែលបដិសេធមិនធ្វើកាតព្វកិច្ចយោធាមានការកើនឡើងលើសលប់ដោយសារយតែបញ្ហាគ្មានជំនឿចិត្តលើរដ្ឋាភិបាល៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content