បរទេស៖ សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់។
យោងតាមការចេញផ្សាយរបស់ The Defense News មន្ទីរបញ្ចកោណបានប្រកាសផ្តល់កុងត្រាតម្លៃ ៥,១ ពាន់លានដុល្លារ ដល់ក្រុមហ៊ុន HII សម្រាប់ការងារជួសជុល និងធ្វើទំនើបកម្មនាវា នៅរោងចក្រ Newport News Shipbuilding ក្នុងរដ្ឋ Virginia។
ការងារនេះជាការជួសជុល និងធ្វើទំនើបកម្មធំសម្រាប់ពាក់កណ្តាលជីវិតរបស់នាវា ដែលគេហៅថា RCOH (Refueling and Complex Overhaul)។ ជាទូទៅ ការងារប្រភេទនេះមានចំណែកប្រមាណមួយភាគបីនៃការថែទាំសរុបដែលនាវាផ្ទុកយន្តហោះត្រូវទទួលក្នុងមួយជីវិតបម្រើការងាររបស់ខ្លួន។
សម្រាប់ USS Harry S. Truman ការជួសជុលនឹងរួមមានការដាក់ឥន្ធនៈនុយក្លេអ៊ែរថ្មីចូលក្នុងម៉ាស៊ីន និងការធ្វើទំនើបកម្មបន្ទប់ និងធុងស្តុកទំនិញរាប់ពាន់ ព្រមទាំងប្រព័ន្ធផ្សេងៗភាគច្រើននៅលើនាវា។
ការងារនេះក៏នឹងរួមបញ្ចូលការកែលម្អប្រព័ន្ធកម្លាំងថាមពល និងប្រព័ន្ធប្រយុទ្ធឱ្យកាន់តែទំនើប។ កិច្ចសន្យានេះមានជម្រើសបន្ថែម ដែលអាចធ្វើឱ្យតម្លៃចំណាយសរុបកើនដល់ជិត ៥,២ ពាន់លានដុល្លារ ខណៈការងារទាំងមូលរំពឹងថានឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០៣១។
ការប្រកាសជួសជុលនេះធ្វើឡើងបន្ទាប់ពីនាវា Truman បានបញ្ចប់បេសកកម្មពង្រាយទ័ពរយៈពេល ២៥១ ថ្ងៃ ដែលក្នុងអំឡុងពេលនោះបានប្រើប្រាស់គ្រាប់រំសែជិត ១,១ លានផោន និងបានបើកការវាយប្រហារតាមអាកាសចេញពីនាវាផ្ទុកយន្តហោះធំបំផុតក្នុងប្រវត្តិសាស្ត្រ។
បេសកកម្មនេះក៏បានជួបឧប្បត្តិហេតុជាច្រើន ដែលនាំឱ្យមានការស៊ើបអង្កេតជាច្រើនលើក។ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ នាវា Truman បានបុកជាមួយនាវាដឹកទំនិញ Besiktas-M នៅជិតកំពង់ផែ Said ប្រទេសអេហ្ស៊ីប។ ឧប្បត្តិហេតុនេះបាននាំឱ្យលោកមេបញ្ជាការ Capt. Dave Snowden ត្រូវបានដកហូតតំណែង ដោយសារបាត់បង់ទំនុកចិត្តលើការដឹកនាំ។
ក្នុងអំឡុងបេសកកម្មដដែល នាវា Truman ក៏បានបាត់បង់យន្តហោះចម្បាំង F/A-18 Super Hornet ចំនួន ៣ គ្រឿង។ យន្តហោះមួយគ្រឿងត្រូវបាននាវាចម្បាំង USS Gettysburg បាញ់ទម្លាក់ដោយសារការយល់ច្រឡំ ខណៈមួយគ្រឿងទៀតបានជួបបញ្ហាពេលចុះចត និងធ្លាក់ចូលទឹក។
យន្តហោះមួយគ្រឿងទៀតបានរអិលធ្លាក់ពីលើនាវាចូលទៅក្នុងសមុទ្រក្រហម អំឡុងពេលនាវាបើកគេចពីការវាយប្រហារដោយមីស៊ីល៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content