បរទេស៖ សហរដ្ឋអាម៉េរិកបានចាប់ផ្តើមហាមឃាត់ការនាំចូលដ្រូនទំនើបកម្រិតខ្ពស់ដែលភាគច្រើនមកពីប្រទេសចិន ក្រោមហេតុផលព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីបច្ចេកវិទ្យាកម្រិតយោធាដែលអាចប៉ះពាល់សន្តិសុខជាតិ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Al Jazeera ។
យោងតាមសេចក្តីព្រាងបទប្បញ្ញត្តិដែលត្រូវបានប្រកាសកាលពីថ្ងៃអង្គារ សប្ដាហ៍នេះបានឱ្យដឹងថា គណៈកម្មាធិការទំនាក់ទំនងសហព័ន្ធអាម៉េរិក (FCC) នឹងហាមឃាត់ការនាំចូលដ្រូន ឬយន្តហោះគ្មានមនុស្សបើកដែលមានសមត្ថភាពហោះហើរជាហ្វូង និងបំពាក់សែនស័រកម្ដៅដែលអាចថតរូបភាពបានច្បាស់ល្អ។ ជាមួយគ្នានេះដែរ អាម៉េរិកក៏បានពន្យារពេលលើកលែងការនាំចូលគ្រឿងបន្លាស់ដ្រូនក្រៅពីប្រទេសចិនរហូតដល់ដើមឆ្នាំ២០២៨ ដើម្បីទុកពេលឱ្យក្រុមហ៊ុនក្នុងស្រុកអាម៉េរិករៀបចំខ្លួន និងរកប្រភពផ្គត់ផ្គង់ជំនួស។ យ៉ាងណាមិញ វិធានការរបស់អាម៉េរិក មិនមែនសង្កត់ធ្ងន់លើការហាមឃាត់ដ្រូន និងគ្រឿងបន្លាស់ទាំងអស់នោះទេ ពោលកំណត់គោលដៅលើក្រុមហ៊ុន និងបច្ចេកវិទ្យារបស់ចិនប៉ុណ្ណោះ ដូចជា DJI និង Autel Robotics ដោយចង់កាត់ផ្ដាច់ចេញពីទីផ្សារបស់ខ្លួន។ នេះក៏ជាសញ្ញាបង្ហាញពីជំហររឹងមាំជាងមុនរបស់វ៉ាស៊ីនតោន ប្រឆាំងនឹងបច្ចេកវិទ្យាស៊ើបការណ៍ផលិតនៅបរទេសផងដែរ។
មន្ត្រី FCC បានថ្លែងថា វិធានការទាំងនេះមានភាពចាំបាច់ណាស់ក្នុងការធានាសន្តិសុខខ្សែចង្វាក់ផ្គត់ផ្គង់ដ្រូន និងទប់ស្កាត់ទិន្នន័យសំខាន់មួយចំនួនមិនឱ្យបរទេសអាចចូលប្រើប្រាស់បាន។ កាលពីឆ្នាំ២០២២ គណៈកម្មាធិការទំនាក់ទំនងសហព័ន្ធអាម៉េរិក (FCC) ក៏ធ្លាប់បានហាមឃាត់បរិក្ខារទូរគមនាគមន៍ និងឧបករណ៍ស៊ើបការណ៍ថតជាវីដេអូមកពីក្រុមហ៊ុនល្បីៗរបស់ចិន រួមមាន Huawei និង ZTE ផងដែរ ក្រោមហេតុផលថា មានហានិភ័យខ្ពស់ចំពោះសន្តិសុខជាតិ។
មន្ត្រីអាម៉េរិក បានព្រមានថា ឧបករណ៍បរិក្ខារមកពីក្រុមហ៊ុនចិន ដូចជា Huawei អាចបង្កផលរំខានដល់បណ្តាញអ៊ីនធឺណេតឥតខ្សែ 5G និងលួចប្រមូលទិន្នន័យសំខាន់ៗ។ ក្នុងនាមជាក្រុមហ៊ុនផលិតបរិក្ខារទូរគមនាគមន៍ធំបំផុតមួយក្នុងពិភពលោក Huawei ត្រូវរងទណ្ឌកម្មធ្ងន់ធ្ងរ ពាក់ព័ន្ធភាពតានតឹងរវាងចិន និង អាម៉េរិក។ លើសពីនេះ កាលពីឆ្នាំ២០១៩ លោក ត្រាំ ធ្លាប់បានចុះហត្ថលេខាលើច្បាប់បណ្តាញទំនាក់ទំនងប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត ដែលបង្កើតឡើងដើម្បីរឹតបន្តឹងលើសេវាទំនាក់ទំនងទាំងឡាយណា ដែលវ៉ាស៊ីនតោនចាត់ទុកថាអាចគំរាមកំហែងដល់សន្តិសុខជាតិ៕




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content