កម្ពុជា និងសិង្ហបុរី ពង្រីកការទូទាត់ឆ្លងដែនតាមប្រព័ន្ធ QR Code

ភ្នំពេញ៖ ពលរដ្ឋកម្ពុជានិងសិង្ហបុរី អាចទូទាត់ប្រាក់តាម QR Code ជាផ្លូវការ ភ្ញៀវទេសចរសិង្ហបុរី អាចទទួលបានបទពិសោធន៍នៃការចាយវាយរបស់ពួកគេ នៅកម្ពុជាដូចអ្នកក្នុងស្រុក តាមរយៈការស្កេន KHQR នៅតាមទីតាំងអាជីវកម្មជាង ៤,៥ លានកន្លែងទូទាំងប្រទេសកម្ពុជា និងទេសចរកម្ពុជា អាចស្គែនទូទាត់នៅសិង្ហបុរី។

ធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុន Liquid Group នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវជំហានទី ២ នៃការតភ្ជាប់ប្រព័ន្ធទូទាត់បង់ប្រាក់តាមរយៈ QR Code ឆ្លងដែន រវាងប្រទេសកម្ពុជា និងសិង្ហបុរី ដោយមានការ គាំទ្រពីធនាគារក្នុងស្រុកចំនួនពីរគឺ ធនាគារអេស៊ីលីដា និងធនាគារ ហ្វីលីព ដែលកម្មវិធីនេះប្រព្រឹត្តិនៅសណ្ឋា​គារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់។

ការដាក់ឱ្យដំណើរការនេះ គឺជាជំហានទី ២ ដោយធ្វើឡើងបន្ទាប់ពីមើលឃើញពីភាពវិជ្ជមាននៃជំហានទី ១ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលក្នុងនោះបានអនុញ្ញាតឱ្យអ្នកធ្វើដំណើរពីកម្ពុជា អាចប្រើប្រាស់ Scan QR Code ក្នុងបណ្តាញ RoamQR របស់ក្រុមហ៊ុន Liquid Group នៅប្រទេសសិង្ហបុរី ដោយប្រើប្រាស់គណនីប្រាក់​រៀល​ក្នុងប្រព័ន្ធបាគង។

ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ពិធីនេះបានកត់សម្គាល់ជាផ្លូវការ នូវការដាក់ឱ្យដំណើរការនៃរបៀងឌីជីថល ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរអាច “ទូទាត់ប្រាក់ដូចនៅក្នុងស្រុក“ រវាងកម្ពុជានិងសិង្ហបុរី។

ដំណើរការនៃជំហានទី២នេះ អនុញ្ញាតឱ្យភ្ញៀវទេសចរសិង្ហបុរី អាចទទួលបានបទពិសោធន៍នៃការចាយវាយរបស់ពួកគេ នៅកម្ពុជាដូចអ្នកក្នុងស្រុក តាមរយៈការស្កេន KHQR នៅតាមទីតាំងអាជីវកម្មជាង ៤,៥ លានកន្លែងទូទាំងប្រទេសកម្ពុជា។ ទន្ទឹមគ្នានោះ អ្នកធ្វើដំណើរអាចទូទាត់ប្រាក់ដោយប្រើប្រាស់កម្មវិធីទូទាត់តាមទូរស័ព្ទដៃរបស់ពួកគេដោយផ្ទាល់ ខណៈដែលកម្មវិធីរបស់ធនាគារ និងដៃគូសាច់ប្រាក់អេឡិចត្រូនិកផ្សេងទៀត ដែលមាននៅក្នុងទីផ្សារកម្ពុជានិងសិង្ហបុរី នឹងត្រូវបន្តដាក់ឱ្យដំណើរការជាបន្តបន្ទាប់។

សេវាកម្មនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ មើលឃើញអំពីអត្រាប្តូរប្រាក់បរទេស ប្រកបដោយតម្លាភាពរៀងរាល់ពេលមានការទូទាត់ប្រាក់ រួមទាំងសួរបញ្ជាក់ជានិច្ច ដើម្បី​​ធានាបាននូវភាពច្បាស់លាស់ និងទំនុកចិត្តក្នុងការប្រតិបត្តិការនីមួយៗ។ ការទូទាត់ត្រូវបានបញ្ចប់ភ្លាមៗដោយមិនចាំបាច់ដូរប្រាក់សុទ្ធ ដោយរាល់ប្រតិបត្តិការនឹងត្រូវគណនាដោយស្វ័យប្រវត្តិពីប្រាក់ដុល្លារសិង្ហបុរី (SGD) មកជាប្រាក់រៀល (KHR) ដែលផ្តល់នូវបទពិសោធន៍ទូទាត់ដ៏រលូន និងបង្កភាពងាយស្រួលដូចនៅក្នុងស្រុករបស់ខ្លួន។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងថា៖

“នេះជាដំណាក់កាលទី ២ នៃការតភ្ជាប់ការទូទាត់ឆ្លងដែនតាមរយៈ QR Code រវាងកម្ពុជា និងសិង្ហបុរី។ ការភ្ជាប់រវាងកម្ពុជា និងសិង្ហបុរី គោលបំណងធំគឺការប្រើប្រាស់​លុយជាតិរបស់ខ្លួនរៀងៗខ្លួន។”

លោកជំទាវទេសាភិបាល បានលើកឡើងថា ដំណាក់កាលទី ១៖ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្ពុជាអាចទូទាត់ប្រាក់នៅសិង្ហបុរីបានយ៉ាងងាយស្រួលនិងមានសុវត្ថិភាពតាមរយៈប្រព័ន្ធបាគងនិងកម្មវិធីធនាគារចល័តផ្សេងៗ។ ដំណាក់កាលទី២នេះ យើងបាន​ឈានទៅមុខមួយជំហានទៀតដោយអនុញ្ញាតឱ្យអ្នកទេសចរសិង្ហបុរីអាចស្កេនKHQR ដើម្បីធ្វើការទូទាត់ប្រាក់ដោយរលូននៅទូទាំងប្រទេសកម្ពុជា។សមិទ្ធ​ផល​​​នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងដៃគូវិស័យសាធារណៈ និងឯកជន ជាពិសេសគឺ ធនាគារអេស៊ីលីដា (ACLEDA Bank), ធនាគារហ្វីលីព (Phillip Bank) និង Liquid Group។ ភាពជាដៃគូនេះបង្ហាញពីចក្ខុវិស័យរួមគ្នាក្នុងការធ្វើទំនើបកម្មការទូទាត់ឆ្លងដែន លើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក និងពង្រឹងបរិយាបន្នហិរញ្ញវត្ថុតាមរយៈការច្នៃប្រឌិតថ្មីៗ។

លោកជំទាវបានបន្តថា ក្រៅពីសិង្ហបុរី កម្ពុជាបានបង្កើតការតភ្ជាប់ការទូទាត់ឆ្លងដែនជាមួយបណ្តាប្រទេសជាច្រើនរួចមកហើយ រួមមាន៖ថៃ, វៀតណាម, ឡាវ, ម៉ាឡេស៊ី, កូរ៉េខាងត្បូង, ជប៉ុន និងចិន (តាមរយៈ AliPay និង UnionPay)ខណៈឥណ្ឌា និងហ្វីលីពីន ត្រូវបានរំពឹងថានឹងចូលរួមក្នុងពេលឆាប់ៗខាងមុខនេះ។

អគ្គនាយកក្រុមហ៊ុន Liquid Group លោក Jeremy Tan, មានប្រសាសន៍ថា ៖

“ដំណើរការនៃជំហានទី២  រុញឱ្យកម្ពុជានិងសិង្ហបុរី បង្កើតបានការតភ្ជាប់ប្រព័ន្ធទូទាត់ QR ឆ្លងដែនទ្វេភាគី ដោយពេញលេញជាផ្លូវការ​។ ចាប់ពីនេះទៅ អ្នកធ្វើដំណើរ​អាចដើរកម្សាន្តនៅកម្ពុជាដោយមិនចាំបាច់ប្រើសាច់ប្រាក់សុទ្ធនោះទេ ពោលគឺគ្រាន់តែប្រើ KHQR Scan តាមរយៈកម្មវិធីទូទាត់តាមទូរស័ព្ទដៃដែលខ្លួនមានជាការស្រេច។ លោកបន្ថែមថា សមិទ្ធផលនេះឆ្លុះបញ្ចាំងពីកិច្ចសហការ យ៉ាងជិតស្និទ្ធរវាងប្រព័ន្ធអេកូឡូស៊ីទូទាត់របស់យើង និងគាំទ្រដល់ការប្រើប្រាស់ការទូទាត់ឆ្លងដែន ដែលជាផ្នែកមួយនៃការធ្វើដំណើរប្រចាំថ្ងៃកាន់តែងាយស្រួលជាងមុន។”

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា មានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ត្រូវបាន ធនាគារជាតិនៃកម្ពុជា ជ្រើសរើសឱ្យធ្វើជាធនាគារតំណាង (Sponsoring Bank) សម្រាប់គំនិតផ្តួចផ្តើមនៃការទូទាត់ QR ឆ្លងដែន ជាមួយសិង្ហបុរី ដែលដឹកនាំដោយ NBC ។

លោកក៏បានបញ្ជាក់ថា នៅក្នុងជំហានទី១ ធនាគារ អេស៊ីលីដា បានអនុវត្តដោយជោគជ័យនូវការទូទាត់ QR ឆ្លងដែនរួចមកហើយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់នៅកម្ពុជាស្កេន SGQR របស់សិង្ហបុរី នៅតាមបណ្តាហាងក្នុងបណ្តាញ RoamQR។ ការរីកចម្រើននេះជួយលើកកម្ពស់ការប្រើប្រាស់ ប្រាក់រៀលក្នុងតំបន់អាស៊ានផង ជំរុញបរិយាបន្នហិរញ្ញវត្ថុផង និងបង្កើនសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។

លោកបន្ថែមថា នេះគឺជាជំហានបន្តដ៏ជោគជ័យមួយ របស់អេស៊ីលីដាក្នុងការតភ្ជាប់ QR ឆ្លងដែន ជាមួយបណ្តាប្រទេសអាស៊ានផ្សេងទៀត ដោយមានកិច្ចសហការពីដៃគូសំខាន់ៗដូចជា ធនាគារ អេស៊ីលីដា (កម្ពុជា) និង Liquid Group (សិង្ហបុរី) រួមទាំងមានការគាំទ្រពីធនាគារកណ្តាលដូចជា United Overseas Bank Limited និង DBS Bank Ltd នៅសិង្ហបុរី។ គួរជម្រាបជូនថា គំនិតផ្តួចផ្តើមនេះបង្កើតឱ្យមានហេដ្ឋារចនាសម្ព័ន្ធ KHQR-SGQR ដ៏រឹងមាំ ក្រោមការត្រួតពិនិត្យរបស់ NBC ។

នៅក្នុងថ្ងៃដែលដាក់ឱ្យដំណើរការលើកទី២នេះ បានផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់នៅសិង្ហបុរី អាចស្កេន KHQR របស់កម្ពុជាដោយផ្ទាល់តាមរយៈកម្មវិធីធនាគារតាមទូរស័ព្ទដៃ។ លើសពីនេះ QR ឆ្លងដែន បានជួយសម្រួលដល់ការទូទាត់សម្រាប់អ្នកធ្វើដំណើរសិង្ហបុរីក្នុងការទិញទំនិញ និងប្រើប្រាស់សេវាកម្មផ្សេងៗនៅកម្ពុជាព្រមទាំងបង្កើនភាពងាយស្រួល សុវត្ថិភាព ជំរុញវិស័យទេសចរណ៍ ប្រសិទ្ធភាពអាជីវកម្ម ពង្រឹង​រូបិយបណ្ណក្នុងស្រុក ក៏ដូចជាបង្កើនល្បឿនពេលធ្វើប្រតិបត្តិការ និងការសន្សំសំចៃចំណាយផងដែរ។

លោក ចាន់ ម៉ាច អគ្គនាយក ធនាគារ ហ្វីលីព មានប្រសាសន៍ថា ធនាគារ ហ្វីលីព មានកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយនៃដំណើរនៃការតភ្ជាប់រវាងមនុស្ស អាជីវកម្ម និងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ដោយសិង្ហបុរីជាកន្លែងដែលក្រុមក្រុមហ៊ុនយើងបានបង្កើតឡើង ហើយកម្ពុជាវិញជាទីតាំងដែលផ្តល់នូវភាពរីកចម្រើន`។

ការដាក់ឱ្យដំណើរការលើកនេះ បានបញ្ជាក់ពីការផ្លាស់ប្តូរដ៏ធំមួយ ឆ្ពោះទៅរកការធ្វើពាណិជ្ជកម្មអន្តរជាតិ ដែលអាចកាត់បន្ថយភាពរអាក់រអួល មិនត្រូវការប្រើសាច់ប្រាក់សុទ្ធ និងការកសាងការតភ្ជាប់អាស៊ាន និងការផ្តល់អំណាចដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដើម្បីធ្វើប្រតិបត្តិការ តាមរយៈស្កេន QR Code ក្នុងស្រុក ដែលមាននៅគ្រប់ទីកន្លែង មិនថា តំបន់ទេសចរ និងអ្នកធុរកិច្ចសិង្ហបុរី ពួកគេអាចទូទាត់ប្រតិបត្តិការភ្លាមៗនៅកម្ពុជា ដោយមិនចាំបាច់ប្តូររូបិយបណ្ណសាច់ប្រាក់ជាក់ស្តែងនោះទេ។

ក្រៅពីភាពងាយស្រួល ការតភ្ជាប់នេះដើរតួជាកាតាលីករសម្រាប់សមាហរណកម្មតំបន់ឱ្យកាន់តែទូលំទូលាយ។ គម្រោងនេះគឺជាគ្រឹះដ៏សំខាន់សម្រាប់ការជំរុញក្របខ័ណ្ឌការតភ្ជាប់ការទូទាត់ក្នុងតំបន់អាស៊ាន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចឌីជីថលរួមតែមួយ។ លំហូរមូលនិធិនេះ ត្រូវបានរំពឹងថានឹងជួយជំរុញពាណិជ្ជកម្មទ្វេភាគី និងទេសចរណ៍ ដោយផ្តល់នូវជម្រើសទូទាត់ដែលប្រកបដោយសុវត្ថិភាព តម្លាភាព និងទាន់ពេលវេលា (Real-time) ជំនួសឱ្យការប្រើសាច់ប្រាក់។លើសពីនេះ ក៏អនុញ្ញាតឱ្យអាជីវករកម្ពុជា ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) អាចទទួលការទូទាត់ឌីជីថលអន្តរជាតិតាមរយៈ KHQR ប្រព័ន្ធនេះនឹងជួយជំរុញបរិយាបន្នហិរញ្ញវត្ថុ និងកាត់បន្ថយចំណាយប្រតិបត្តិការសម្រាប់អាជីវករក្នុងស្រុកផងដែរ។

សូមជម្រាបថា KHQR គឺជាប្រព័ន្ធកូដ QR ស្តង់ដារដែលត្រូវបានដាក់ឱ្យដំណើរការដោយធនាគារជាតិនៃកម្ពុជា (NBC) ក្នុងឆ្នាំ២០២២ ដើម្បីបង្រួបបង្រួមការទូទាត់រាយ តាមទូរស័ព្ទដៃនៅទូទាំងប្រទេសកម្ពុជា។ KHQR អនុញ្ញាតឱ្យអតិថិជនប្រើប្រាស់កម្មវិធីធនាគារ ឬការប្រើប្រាស់លុយអេឡិចត្រូនិក ដែលជាសមាជិក ដើម្បីស្កេនកូដ QR តែមួយ សម្រាប់ការទូទាត់ជាប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិក។ ប្រព័ន្ធនេះជួយពង្រឹងបរិយាបន្នហិរញ្ញវត្ថុ និងអនុញ្ញាតឱ្យមានប្រតិបត្តិការឆ្លងដែនដោយរលូន រហ័ស សុវត្ថិភាព ចំពោះអាជីវករ និងអ្នកប្រើប្រាស់។

RoamQR™ គឺជាបណ្តាញទូទាត់ QR ដែលមានសមត្ថភាព ប្រតិបត្តិការអន្តរ (Interoperable) ដែលត្រូវបានបង្កើតឡើង និងដំណើរការដោយក្រុមហ៊ុន Liquid Group បណ្តាញនេះតភ្ជាប់ធនាគារ ទឹកប្រាក់អេឡិចត្រូនិក គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ និងអ្នកទទួលទូទាត់ (Acquirers) ដើម្បីអនុញ្ញាតឱ្យមានការទូទាត់ QR ក្នុងស្រុក និងឆ្លងដែន។ ក្នុងនាមជាបណ្តាញដែលកំពុងពង្រីកខ្លួនលើសពីប្រទេសសិង្ហបុរី RoamQR™ ក៏ដើរតួជាបណ្តាញតភ្ជាប់ប្រព័ន្ធ QR ជាតិដូចជា KHQR និងប្រព័ន្ធផ្សេងទៀតនៅទូទាំងតំបន់ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាច “ស្កេនក្នុងស្រុក ទូទាត់សកល“។

Liquid Group គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដែលមានឯកទេសខាងការទូទាត់ឌីជីថលឆ្លងដែន និងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឌីជីថល។ តាមរយៈតួនាទីរបស់ខ្លួនក្នុងបណ្តាញ RoamQR និងភាពជាដៃគូក្នុងតំបន់ Liquid Group បង្កលក្ខណៈងាយស្រួលដល់ប្រតិបត្តិការដែលមានសុវត្ថិភាព អាចសហការគ្នាទៅវិញទៅមកបានដោយ រលូននៅទូទាំងអាស៊ី ដោយតភ្ជាប់ប្រព័ន្ធទូទាត់ជាតិ និងគាំទ្រដល់ការលូតលាស់នៃពាណិជ្ជកម្ម និងការធ្វើដំណើរឆ្លងដែន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងប្រទេសកម្ពុជា និងជាធនាគារដំបូងគេដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា (CSX)។ ធនាគារ អេស៊ីលីដា មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន រួមមាន៖ ក្រុមហ៊ុន អេស៊ីលីដា យូនិវើរស៊ីធី អហ្វ ប៊ីស៊ីនេស ខូអិលធីឌី, ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត, និងក្រុមហ៊ុន អេស៊ីលីដា ភីអិលស៊ី មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅក្នុងសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ាផងដែរ។ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួន ១១,៩៤ ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៩,២៨ ប៊ីលានដុល្លារអាមេរិក ជាមួយនឹងអតិថិជនជាង ៦,១៨ លាននាក់។

ធនាគារ ហ្វីលីព គឺជាសមាជិកនៃ Phillip Capital Group ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បង្កើតឡើងក្នុងឆ្នាំ១៩៧៥។ ក្នុងនាមជាផ្នែកមួយនៃបណ្តាញដែលគ្របដណ្តប់ជាង ១៥ ប្រទេស គ្រុប (Group) នេះផ្ដល់នូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយគុណភាព និងនវានុវត្តន៍យ៉ាងពេញលេញដល់អតិថិជនរាយ ក្រុមហ៊ុន និងស្ថាប័ននានានៅទូទាំងពិភពលោក។ នៅកម្ពុជា ធនាគារ ហ្វីលីព ឈរជើងជាធនាគារពាណិជ្ជខ្នាតមធ្យម ដែលមានសាខាជាង ៧០ នៅទូទាំងប្រទេស។ រួមជាមួយក្រុមហ៊ុនពាក់ព័ន្ធដូចជា Phillip Trustee, Phillip General Insurance, និង Phillip Life Assurance ធនាគារ ហ្វីលីព បានតភ្ជាប់ទិដ្ឋភាព​ហិរញ្ញវត្ថុរបស់កម្ពុជាទៅកាន់សកល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/10/2026

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​


Leave a Reply

Your email address will not be published.Required fields are marked *