ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានស្នើសុំការគាំទ្រពីប្រទេសរូម៉ានី ក្នុងការទទួលបានប្រព័ន្ធអនុគ្រោះពន្ធទូទៅបន្ថែម (GSP+) របស់សហភាពអឺរ៉ុប ដើម្បីបន្តរក្សាឱកាសអនុគ្រោះពាណិជ្ជកម្មរបស់កម្ពុជា នៅពេលប្រទេសនេះចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួច (LDC) នាពេលខាងមុខ។
សំណើនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូធុរកិច្ចរូម៉ានី ដែលដឹកនាំដោយលោក Mihai Andritoiu កុងស៊ុលកិត្តិយសកម្ពុជាប្រចាំប្រទេសរូម៉ានី និងជាប្រធានសមាគមជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។
ជំនួបនេះធ្វើឡើងក្នុងឱកាសដែលគណៈប្រតិភូធុរកិច្ចរូម៉ានី អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសរូម៉ានី ដែលមាននិវេសនដ្ឋាននៅទីក្រុងសូហ្វីយ៉ា ប្រទេសប៊ុលហ្គារីផងដែរ។
ក្នុងជំនួបនេះ ឯកឧត្តម លឹម វិសាល បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ និងបានគូសបញ្ជាក់ពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរូម៉ានី ដែលមានតាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ ដោយមានរយៈពេលប្រមាណ ៦៣ឆ្នាំមកហើយ។ ឯកឧត្តមក៏បានជម្រាបជូនគណៈប្រតិភូអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងការវិនិយោគផងដែរ។
ពាក់ព័ន្ធនឹងពាណិជ្ជកម្ម ឯកឧត្តម លឹម វិសាល បានថ្លែងអំណរគុណដល់ប្រទេសរូម៉ានី ក្នុងនាមជាសមាជិកសហភាពអឺរ៉ុប ចំពោះការគាំទ្រដល់ការផ្តល់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម «អ្វីៗទាំងអស់លើកលែងតែសព្វាវុធ» (EBA) ដល់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបានបង្ហាញក្តីសង្ឃឹមថា រូម៉ានីនឹងបន្តគាំទ្រកម្ពុជាក្នុងការទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP+ បន្ទាប់ពីកម្ពុជាចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចក្នុងប៉ុន្មានឆ្នាំខាងមុខ។
ការស្វែងរកការគាំទ្រនេះ ក៏ស្របពេលដែលសហភាពអឺរ៉ុបបានបង្ហាញក្តីរំពឹងទុកចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការរៀបចំឆ្ពោះទៅរកក្របខណ្ឌប្រព័ន្ធអនុគ្រោះពន្ធ GSP+ សម្រាប់កម្ពុជានាពេលអនាគត។ កាលពីដើមខែវិច្ឆិកា ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា GSP+ នឹងក្លាយជាកាតាលីករយុទ្ធសាស្ត្របន្ថែម ក្នុងការលើកកម្ពស់សក្តានុពលសមាហរណកម្មសេដ្ឋកិច្ច និងការទាក់ទាញការវិនិយោគផ្ទាល់ពីអឺរ៉ុបមកកម្ពុជា។
ឯកឧត្តមក៏បានរំលេចពីខួបលើកទី២៥ នៃការអនុវត្តគំនិតផ្តួចផ្តើម EBA របស់សហភាពអឺរ៉ុប ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាកន្លងមក។
គួរបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ GSP មានសារៈសំខាន់ក្នុងការជួយសម្រួលដល់ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ព្រមទាំងអាចជួយបំពេញបន្ថែមលើការបាត់បង់អត្ថប្រយោជន៍មួយចំនួនពីប្រព័ន្ធ EBA នៅទីផ្សារអឺរ៉ុប។
លើសពីនេះ ប្រព័ន្ធនេះក៏ត្រូវបានរំពឹងថានឹងជួយទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជា សម្រាប់ការផលិត ការកែច្នៃ និងការវេចខ្ចប់ផលិតផល ដើម្បីនាំចេញទៅកាន់ទីផ្សារចក្រភពអង់គ្លេសផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content