បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហាញពីឱកាសវិនិយោគ និងសក្តានុពលចំណេញសម្រាប់វិស័យធុរកិច្ច ដើម្បីទាក់ទាញដើមទុន និងដៃគូពាណិជ្ជកម្មក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឱ្យមកវិនិយោគនៅតំបន់អាក់ទិក និងតំបន់ចុងបូព៌ារបស់រុស្ស៊ី។
ការលើកឡើងនេះធ្វើឡើងក្នុងសុន្ទរកថាទៅកាន់ថ្នាក់ដឹកនាំ និងនាយកប្រតិបត្តិក្រុមហ៊ុនធុរកិច្ច នៅក្នុងកិច្ចប្រជុំកំពូលនាយកប្រតិបត្តិធុរកិច្ចនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC CEO Summit) កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT ការកៀរគរវិនិយោគនេះក៏ធ្វើឡើងមុនកិច្ចពិភាក្សាសំខាន់ៗដែលគ្រោងនឹងប្រព្រឹត្តទៅរវាងលោក Putin ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping ផងដែរ។
យុទ្ធសាស្ត្រទាក់ទាញវិនិយោគរបស់ទីក្រុងមូស្គូ ផ្តោតសំខាន់លើផ្លូវសមុទ្រខាងជើង (Northern Sea Route) ដែលជាច្រកដឹកជញ្ជូនតាមតំបន់អាក់ទិក និងកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីវិស័យពាណិជ្ជកម្ម ជាពិសេសក្នុងពេលដែលផ្លូវដឹកជញ្ជូនតាមសមុទ្រនៅមជ្ឈិមបូព៌ាជួបប្រទះការរំខាន ដោយសារជម្លោះរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។
ជាក់ស្តែង ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកមួយចំនួននៅអាស៊ីបានចាប់ផ្តើមពង្រីកការសាកល្បង និងប្រតិបត្តិការលើផ្លូវសមុទ្រនេះ។ ក្រុមហ៊ុន Sea Legend របស់ចិន បានដាក់ឱ្យដំណើរការសេវាដឹកជញ្ជូនកុងតឺន័រតាមកាលវិភាគនៅលើផ្លូវនេះកាលពីខែសីហា ខណៈក្រុមហ៊ុន PanStar របស់កូរ៉េខាងត្បូង បានបញ្ចប់ការធ្វើដំណើរសាកល្បងទៅកាន់ទ្វីបអឺរ៉ុបកាលពីខែកញ្ញា។ ចំណែកប្រទេសឥណ្ឌា គ្រោងបញ្ជូននាវាដឹកទំនិញសាកល្បងលើកដំបូងរបស់ខ្លួនតាមផ្លូវនេះនៅឆ្នាំ២០២៧។
ទោះជាយ៉ាងណា ការជំរុញសក្តានុពលសេដ្ឋកិច្ចនៅតំបន់អាក់ទិកកើតឡើង ស្របពេលដែលបញ្ហាអភិបាលកិច្ច និងសន្តិសុខក្នុងតំបន់នៅតែមានភាពតានតឹង។ រុស្ស៊ីជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាអាក់ទិក (Arctic Council) ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ប៉ុន្តែកិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននេះជាមួយទីក្រុងមូស្គូ ត្រូវបានផ្អាកភាគច្រើនដោយរដ្ឋសមាជិកចំនួន៧ផ្សេងទៀត ក្រោយសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើងក្នុងឆ្នាំ២០២២។
ទោះបីជាទំនាក់ទំនងជាមួយប្រទេសលោកខាងលិចកំពុងរងសម្ពាធក៏ដោយ លោក Putin បានបង្ហាញជំហរបើកចំហចំពោះលទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយទីក្រុងវ៉ាស៊ីនតោនលើគម្រោងនៅតំបន់អាក់ទិក។ កាលពីខែតុលា លោកបានឱ្យដឹងថា រុស្ស៊ី និងសហរដ្ឋអាម៉េរិកកំពុងសិក្សាពីលទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាលើវិស័យមួយចំនួន ដូចជាថាមពល និងបច្ចេកវិទ្យាទំនើប។
ជាមួយគ្នានេះ មន្ត្រីអឺរ៉ុបកំពុងបង្កើនការយកចិត្តទុកដាក់លើសន្តិសុខ និងការការពារនៅតំបន់ភាគខាងជើង។ បន្ទាប់ពីសហភាពអឺរ៉ុបអនុម័តយុទ្ធសាស្ត្រអាក់ទិកថ្មីកាលពីខែតុលា ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បានថ្លែងថា ទីក្រុងប្រ៊ុចសែលមានផែនការបង្កើនការវិនិយោគលើប្រព័ន្ធឃ្លាំមើល ហេដ្ឋារចនាសម្ព័ន្ធ ការចល័តយោធា និងសមត្ថភាពការពារជាតិ។
ចក្រភពអង់គ្លេសក៏បានចាត់វិធានការពង្រីកវត្តមានកងទ័ពជើងទឹករបស់ខ្លួននៅតំបន់អាក់ទិក និងអាត្លង់ទិកខាងជើងផងដែរ។ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak ធ្លាប់អំពាវនាវឱ្យទីក្រុងឡុងដ៍ត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការវាយប្រហារលើទីតាំងយោធារុស្ស៊ីនៅឧបទ្វីប Kola។
ជាការឆ្លើយតប ទីក្រុងមូស្គូបានច្រានចោលចលនាយោធារបស់ប្រទេសលោកខាងលិច។ កាលពីខែសីហា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានចោទប្រកាន់អង្គការណាតូថា កំពុងជំរុញឱ្យតំបន់អាក់ទិកឆ្ពោះទៅរកការធ្វើសកម្មភាពយោធូបនីយកម្ម។ លោកក៏បានបញ្ជាក់ជាថ្មីពីគោលដៅរបស់រុស្ស៊ីក្នុងការរក្សាតំបន់នេះឱ្យក្លាយជាតំបន់សន្តិភាព និងកិច្ចសហប្រតិបត្តិការផងដែរ។
ការបង្ហាញឱកាសវិនិយោគរបស់លោក Putin ទៅកាន់ថ្នាក់ដឹកនាំធុរកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនេះ បង្ហាញពីការខិតខំរបស់រុស្ស៊ីក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសនៅតំបន់អាស៊ី ជាពិសេសលើវិស័យពាណិជ្ជកម្ម ថាមពល និងភស្តុភារកម្ម តាមរយៈការបង្វែរទិសដៅសហប្រតិបត្តិការឆ្ពោះទៅខាងកើត ស្របពេលដែលទំនាក់ទំនងជាមួយរដ្ឋធានីនៃប្រទេសលោកខាងលិចនៅតែស្ថិតក្រោមសម្ពាធ៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content