ភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ជាច្រើនអាណត្តិមកហើយ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនដើម្បីធ្វើយ៉ាងណាអាចពង្រឹងភាពធន់នៃសេដ្ឋកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ និងស្ថិតស្ថេរ ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានមានប្រសាសន៍ថា ក្នុងគោលដៅឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពធន់កាន់តែរឹងមាំ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយសំខាន់ៗជាច្រើន និងបានអនុវត្តជាច្រើនអាណត្តិរួចមកហើយ ។ ដោយឡែក នៅក្នុងអាណត្តិនេះ រាជរដ្ឋាភិបាលក៏នៅតែបន្តអនុវត្តន៍គោលនយោបាយនោះបន្តទៀត។
សម្ដេចមានប្រសាសន៍ថា ៖
« ដើម្បីឱ្យមានភាពធន់រឹងមាំ កម្ពុជាបានជំរុញផលិតភាពឱ្យកាន់តែរឹងមាំ និងមានកំណើន ហើយដើម្បីជំរុញផលិតភាពក្នុងស្រុកកាន់ខ្ពស់នោះ កម្ពុជាក៏បានត្រៀមនូវធនធានមនុស្ស ដីធ្លី ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាថ្មីៗចុងក្រោយ ហើយក្រៅពីការងារទាំងនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវនយោបាយ ព្រមទាំងយុទ្ធសាស្ត្រកំណែទម្រង់ស្ថាប័នរាជរដ្ឋាភិបាលមួយចំនួនផងដែរ » ។
សម្ដេចបានបញ្ជាក់ថា អ្វីដែលរាជរដ្ឋាភិបាលដាក់ចេញដើម្បីអភិវឌ្ឍន៍មិនមែនមានតែមនុស្សប៉ុន្មាននាក់នោះទេ តែរាជរដ្ឋាភិបាលមានអ្នកជំនាញ មានបញ្ញាវ័ន្ត និងមានទាំងអ្នកប្រតិបត្តិផ្ទាល់ជាច្រើន ដែលទាំងនេះសុទ្ធតែជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ។ រដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រតាំងពីត្រីកោណរហូតមកដល់បច្ចុប្បន្ននេះ គឺយុទ្ធសាស្ត្របញ្ចកោណ ដែលយុទ្ធសាស្ត្រទាំងនេះ ក៏មិនមែនចេះតែដាក់ឱ្យតែបាន ឬដាក់ឱ្យតែពិរោះនោះឡើយ ប៉ុន្តែបានគិតគូរច្បាស់លាស់ដើម្បីឱ្យសេដ្ឋកិច្ចរបស់កម្ពុជាមានភាពធន់រឹងមាំ ។

បើតាមសម្ដេចធិបតីបានបញ្ជាក់ កត្តាជំរុញ និងធ្វើឱ្យភាពធន់សេដ្ឋកិច្ចកាន់តែរឹងមាំ ដែលរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តន៍ជាច្រើនអាណត្តិរួចមកហើយនោះ មានដូចជា មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា។ ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលក៏បានកែទម្រង់រដ្ឋបាលសាធារណៈ កែទម្រង់ប្រព័ន្ធតុលាការ កែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។ ទាំងនេះ សុទ្ធតែធានាបាននូវភាពធន់របស់កម្ពុជា ។ គោលនយោបាយនេះក៏មិនមែនដាក់ចេញត្រឹមតែអាណត្តិនេះទេ ប៉ុន្តែនៅអាណត្តិក្រោយៗទៀតក៏នៅតែបន្តផ្ដោតការយកចិត្តទុកដាក់ជាអាទិភាព ព្រោះគោលនយោបាយទាំងនេះ ជាគោលនយោបាយដែលដាក់ប្រជាពលរដ្ឋ និងប្រទេសជាតិជាធំ ។
សម្ដេចបានបញ្ជាក់ទៀថា ប្រទេសជាតិមួយត្រូវតែមាននិរន្តរភាពគោលនយោបាយ ហើយបើសិនជាប្រទេសជាតិមួយគ្មាននិរន្តរភាពជាគោលនយោបាយ នឹងធ្វើឱ្យការដឹកនាំប្រទេសនោះមានបញ្ហា ។ ដូច្នេះ ការធានានិរន្តរភាពគោលនយោបាយពិតជាមានសារសំខាន់ណាស់ ហេតុនេះហើយទើបយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា មានចតុកោណ បញ្ចកោណ និងទៅតាមដំណាក់កាលមួយៗ ដែលមានការគិតគូរច្បាស់លាស់ ព្រោះតែគោលនយោបាយទាំងនេះ មិនអាចធ្វើបានសម្រេចក្នុងតែពេលមួយថ្ងៃនោះទេ ៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content