រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie) ត្រូវបានប្រកាសបើកដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅសួនច្បារមុខវត្តបទុមវតី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មអន្តរជាតិ។
ពិធីបើកជាផ្លូវការនេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) រួមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តំណាងគណៈកម្មការនៃរដ្ឋសភា និងព្រឹទ្ធសភា រដ្ឋបាលរាជធានី-ខេត្ត ដៃគូជាតិ និងអន្តរជាតិ ព្រមទាំងតំណាងវិស័យឯកជនសំខាន់ៗ ជាច្រើនរូប។

«ភូមិហ្វ្រង់កូហ្វូនី» គឺជាព្រឹត្តិការណ៍អមដ៏ធំមួយដែលត្រូវបានរៀបចំភ្ជាប់ជាមួយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។ សម្រាប់ឆ្នាំ២០២៦ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លើទីធ្លាសួនច្បារមុខវត្តបទុមវតី ដែលមានផ្ទៃដីទំហំប្រមាណ ១០,០០០ ម៉ែត្រក្រឡា។
ក្រៅពីការផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ ការរៀបចំព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះ គឺជាចលករដ៏សំខាន់ក្នុងការជំរុញការទូតសេដ្ឋកិច្ច ការទាក់ទាញវិនិយោគ និងការពង្រីកទីផ្សារនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសនិយាយភាសាបារាំង ដែលមានសមាជិក និងប្រទេសសង្កេតការណ៍សរុបចំនួន ៨៨ ប្រទេស គ្របដណ្តប់លើប្រជាជនជាង ៣២១ លាននាក់ និងមានទំហំសេដ្ឋកិច្ចប្រមាណ ១៦% នៃផលិតផលក្នុងស្រុកសរុប (GDP) ពិភពលោក។
ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីជាមួយបណ្តាប្រទេសហ្វ្រង់កូហ្វូនី កម្ពុជាមានកំណើនពាណិជ្ជកម្មគួរឱ្យកត់សម្គាល់ជាមួយដៃគូសំខាន់ៗ ដូចជា ប្រទេសបារាំង កាណាដា បែលហ្ស៊ិក ស្វីស និងវៀតណាម ជាដើម។ ជាក់ស្តែង ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងដៃគូហ្វ្រង់កូហ្វូនីធំៗទាំងនេះ មានតម្លៃរាប់ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។

ជាក់ស្តែង ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងដៃគូហ្វ្រង់កូហ្វូនីសំខាន់ៗ បានបង្ហាញពីកំណើនយ៉ាងរឹងមាំ៖១-កម្ពុជា-បារាំង៖ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ សម្រេចបានប្រមាណ ៤៨៨ លានដុល្លារអាមេរិក កើនឡើងជិត ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
២-កម្ពុជា-កាណាដា៖ ពេញមួយឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកាណាដា បានកើនឡើងដល់ជាង ១,៣៣៤ លានដុល្លារអាមេរិក ដែលក្នុងនោះការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារកាណាដាមានទំហំរហូតដល់ ១,២៧១ លានដុល្លារ។
មុខទំនិញយុទ្ធសាស្ត្រដែលកម្ពុជានាំចេញទៅកាន់ទីផ្សារប្រទេសនិយាយភាសាបារាំងទាំងនេះ រួមមាន សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ កង់ គ្រឿងបង្គុំអេឡិចត្រូនិក និងកសិផលកែច្នៃ (អង្ករក្រអូប គ្រាប់ស្វាយចន្ទី ម្រេច) ខណៈដែលកម្ពុជានាំចូលមកវិញនូវផលិតផលឱសថ គ្រឿងចក្រ បច្ចេកវិទ្យា គ្រឿងបន្លាស់យានយន្ត និងទំនិញប្រើប្រាស់ដែលមានគុណភាពខ្ពស់។
តាមរយៈវេទិកា «ភូមិហ្វ្រង់កូហ្វូនី» និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា វិស័យឯកជន និងសហគ្រាសធុនតូច និងមធ្យម (MSMEs) របស់កម្ពុជា ត្រូវបានរំពឹងថានឹងទទួលបានឱកាសកាន់តែទូលំទូលាយក្នុងការផ្គូផ្គងធុរកិច្ច (Business Matching) ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ទៅកាន់ទីផ្សារអឺរ៉ុប និងអាមេរិកខាងជើងបន្ថែមទៀត៕







វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content