ភ្នំពេញ ៖ ការបង្កើនការវិនិយោគលើសន្តិភាព ពិសេសគោរពតាមច្បាប់អន្តរជាតិ និងប្រព័ន្ធអន្តរជាតិ នឹងធ្វើឱ្យប្លុកហ្វ្រង់កូហ្វូនី ក្លាយជាកន្លែងរស់នៅកាន់តែប្រសើរឡើង នេះបើតាមការអះអាងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres កាលពីថ្ងៃ អាទិត្យ ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅកម្ពុជា ។

ក្នុងនាមជាអគ្គលេខាធិការយូអិន មុនពេលចាកចេញពីតំណែង តាមរយៈសារជាវីដេអូទៅកាន់មេដឹកនាំហ្វ្រង់កូហ្វូនី លោក Guterres បានបញ្ជាក់ថា ៖ «ដូចដែលប្រធានបទលបានរៀបចំឡើង សន្តិភាព គឺជាការវិនិយោគដ៏ល្អបំផុត ដែលគួរតែយកចិត្តទុកដាក់វិនិយោគ»។
ក្រៅពីអំពាវនាវឱ្យបង្កើនការវិនិយោគលើសន្តិភាព លោក Guterres ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចូលរួមរបស់ស្ត្រី និងយុវជន ក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត ព្រមទាំងការពង្រឹងពហុភាគីនិយម ដើម្បីដោះស្រាយបញ្ហាប្រឈមរួមរបស់ពិភពលោក ។
តាមសារព័ត៌មានរវ៉ាន់ដា Taarifa ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានព្រមានថា បច្ចុប្បន្ន ការចំណាយលើវិស័យយោធានៅទូទាំងពិភពលោក មានទំហំធំជាងជំនួយសម្រាប់ការអភិវឌ្ឍរហូតដល់ ១៣ ដង ។
លោក Guterres បានបញ្ជាក់ថា ពិភពលោកកំពុងបង្កើនការបញ្ជាទិញអាវុធក្នុងទំហំទឹកប្រាក់ដ៏ច្រើនសម្បើម រីឯការវិនិយោគលើសន្តិភាពវិញ ទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រកាន់តែតិចតួចទៅៗ ខណៈប្រទេសជាច្រើនក៏កំពុងប្រឈមមុខនឹងសម្ពាធផងដែរ ដោយត្រូវជ្រើសរើសរវាងការសងបំណុល និងការផ្តល់សេវាបម្រើដល់ប្រជាជនរបស់ខ្លួន ។
ឆ្លើយតបបញ្ហានេះ លោក Guterres បានអះអាងថា ការវិនិយោគឡើងវិញលើសន្តិភាព មានន័យថា ការគាំទ្រការទូត ការគោរពច្បាប់អន្តរជាតិ និងការចែករំលែកវិបុលភាពឱ្យបានទូលំទូលាយ ។
លោកថា ៖ «ការពង្រឹងប្រព័ន្ធពហុភាគីនិយម គួរតែចាប់ផ្តើមពីការផ្តល់អាសនៈអចិន្ត្រៃយ៍ដល់ទ្វីបអាហ្វ្រិក ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងការកសាងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិមួយដែលមានភាពយុត្តិធម៌»។
ចុងបញ្ចប់នៃសាររបស់លោក Guterres បានគូសបញ្ជាក់ពីតួនាទីរបស់សហគមន៍ហ្វ្រង់កូហ្វូនី ក្នុងការកសាងទំនុកចិត្ត និងសន្តិភាព ដោយលោកបានចាត់ទុកភាសារួមថា ជាដើមទុនដ៏សំខាន់សម្រាប់បង្កើតទំនុកចិត្តរវាងប្រទេស និងប្រជាជន ហើយក្នុងនាមជាអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរបស់អង្គការអន្តរជាតិមួយនេះ ក្នុងការជំរុញសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព សិទ្ធិមនុស្ស និងពហុភាសានិយម ៕ ប្រភព ៖ Taarifa ប្រែសម្រួល ៖ ឈឹម ទីណា





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content