ភ្នំពេញ៖ ក្រុមហ៊ុនចិនដែលមានជំនាញ និងបទពិសោធន៍ជោគជ័យលើការផ្តល់សេវារៀបចំថ្នាលបច្ចេកវិទ្យាឧស្សាហកម្មឌីជីថលនៅបានមកស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងស្វែងរកកិច្ចសហការពីគណៈកម្មាធិការវិនិយោគកម្ពុជា។
លោក នាវ តាហុង (Niu Dahong) ប្រធានក្រុមហ៊ុន 86Links Co., Ltd. ក្នុងជំនួបជាមួយឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី១៦ ខែមករា បានលើកឡើងថា៖ក្រុមហ៊ុន 86Links Co., Ltd. គោលបំណងនៃកិច្ចពិភាក្សា ក្រៅអំពីការស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ក្រុមហ៊ុនក៏មានបំណងបង្ហាញជូនពីគម្រោងកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការរៀបចំថ្នាលបច្ចេកវិទ្យាឌីជីថលមួយដែលអាចជួយជំរុញភាពទាក់ទាញការវិនិយោគមកកម្ពុជាតាមរយៈការផ្សព្វផ្សាយពីព័ត៌មានពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ,ការតភ្ជាប់បណ្តាញព័ត៌មាន/ទិន្នន័យនៃតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។
លោកប្រធានក្រុមហ៊ុន បានលើកឡើងថា៖ ថ្នាលបច្ចេកវិទ្យានេះ ក៏អាចធ្វើការតភ្ជាប់ជាមួយថ្នាលព័ត៌មានរបស់ស្ថាប័នជំរុញវិនិយោគ និងពាណិជ្ជកម្មប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោក ហើយដែលថ្នាលព័ត៌មានទាំងនោះ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកព័ត៌មាននានាពីបណ្តាក្រុមហ៊ុនដែលមានបំណងទៅធ្វើការវិនិយោគនៅក្រៅប្រទេស។
ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានជម្រាបជូនពីបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិសេសគណៈកម្មាធិការវិនិយោគកម្ពុជា ដែលមានតួនាទីស្នូលក្នុងការជំរុញទាក់ទាញការវិនិយោគឯកជន និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស។
បន្ថែមលើនេះ ឯកឧត្តមក៏បានគូសរំលេចពីស្ថានភាពវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ និងរបបលើកទឹកចិត្តវិនិយោគដែលពោរពេញដោយភាពអំណោយផល៕