ភ្នំពេញ ៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ដើម្បីពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០។
យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០នេះ គឺជាការធ្វើបច្ចុប្បន្នភាពពីឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុពីឆ្នាំ២០១៥-២០២៥ និងជាការធ្វើបច្ចុប្បន្នកម្មជាលើកទី៤ គិតចាប់តាំងពីការរៀបចំឱ្យមានឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ នៅឆ្នាំ២០០១មក។
ឯកឧត្តមទេសាភិបាល បានមានប្រសាសន៍ថា ៖
“ឯកសារដ៏មានសាៈសំខាន់នេះ បានជួយឱ្យវិស័យហិរញ្ញវត្ថុកម្ពុជាសម្រេចបានសមិទ្ធផលជាច្រើន ដែលជួយគាំទ្រនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្ន រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សមាហរណកម្មនៅក្នុងតំបន់និងអន្តរជាតិ។”
គួរបញ្ជាក់ផងដែរថា ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តមានវឌ្ឍនភាព ទទួលបានជំនឿទុកចិត្តពីសាធារណជន និងចូលរួមយ៉ាងសកម្មក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចនានា។ គិតត្រឹមឆ្នាំ ២០២២ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ១២,៦% ដល់ ៣១៩,២ ទីលានរៀល (៧៧,៥ ពាន់លានដុល្លារអាមេរិក) ក្នុងនោះឥណទានអតិថិជនបានកើនឡើង ១៨,៩% ដល់ ២២៦,៧ ទ្រីលានរៀល (៥៥,១ ពាន់លានដុល្លារអាមេរិក)។ ជាមួយគ្នានេះ ប្រាក់បញ្ញើអតិថិជនមានកំណើន ៩,២% ដល់ ១៧៤,៤ ទ្រីលានរៀល (៤២,៤ ពាន់លានដុល្លារអាមេរិក) និងដើមទុនមានកំណើន ១៣,៩% ដល់ ៦៣,៣ ទ្រីលានរៀល (១៥,៤ ពាន់លានដុល្លារអាមេរិក)។
ទន្ទឹមនេះ ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា វិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាបន្តមានភាពធន់និងរឹងមាំ ដោយសារការបន្តងើបឡើងនិងការវិលទៅរកប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ច ខណៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ នឹងបន្តមានភាពរឹងមាំ និងបន្តមានកំណើនខ្ពស់ជាងការប៉ាន់ស្មាន។
IMF បានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ នឹងបន្តមានភាពរឹងមាំ និងបន្តមានកំណើនខ្ពស់ជាងការប៉ាន់ស្មានដែលបានធ្វើឡើងនៅក្នុងរបាយការណ៍ពិគ្រោះយោបល់មាត្រា IV កាលពីចុងឆ្នាំ២០២២ ដោយសារការងើបឡើងវិញលឿនជាងការរំពឹងទុកនៃវិស័យទេសចរណ៍ ទោះជាការនាំចេញផលិតផលកាត់ដេរប្រឈមនឹងភាពមិនច្បាស់លាស់ ដោយសារភាពទន់ខ្សោយនៃតម្រូវការខាងក្រៅក្តី។ គួររំលេចថា ក្រុមបេសកកម្មមាត្រា IV គ្រោងនឹងមកបំពេញបេសកកម្មនៅអំឡុងខែតុលា ឆ្នាំ២០២៣ ដើម្បីវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា។
អតិផរណាត្រូវបានព្យាករថានឹងមានកម្រិតទាបអាចគ្រប់គ្រងបាន ដោយសារនិន្នាការថមថយនៃថ្លៃម្ហូបអាហារនិងថ្លៃប្រេងឥន្ធនៈសកល។ ចំពោះវិស័យក្រៅប្រទេស ឱនភាពគណនីចរន្តរំពឹងថានឹងថយចុះ ដោយសារការថយចុះគួរឱ្យកត់សម្គាល់នៃកំណើនការនាំចូល (រាប់ទាំងការនាំចូលមាស) ខណៈដែលលំហូរមូលធនបន្តមានភាពរឹងមាំ ដែលគាំទ្រដោយលំហូរចូលនៃវិនិយោគក្រៅប្រទេសដែលនឹងជួយផាត់ទាត់ឱនភាពគណនីចរន្ត។ IMF បានឱ្យដឹងទៀតថា ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិបន្តមានកម្រិតខ្ពស់ ស្របពេលដែលអត្រាប្ដូរប្រាក់បន្តមានស្ថិរភាព។ វិស័យធនាគារនិងហិរញ្ញវត្ថុបន្តមានភាពធន់និងរឹងមាំ ជាមួយនឹងការថយចុះឥណទានរៀបចំឡើងវិញ និងកម្រិតទាបនៃឥណទានមិនដំណើរការ ដោយសារការបន្តងើបឡើងនិងការវិលទៅរកប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ច ស្របពេលដែលការធ្វើប្រក្រតីកម្មឡើងវិញនៃវិធានការគាំទ្រដែលបានដាក់ចេញក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានអនុវត្តជាបណ្តើរៗ ដើម្បីបន្តពង្រឹងស្ថិរភាពហិរញ្ញវត្ថុ៕