ភ្នំពេញ ៖ ផ្លូវល្បឿនលឿនទី២ របស់កម្ពុជា ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត គ្រោងនឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅត្រឹមថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៣នេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ផ្លូវល្បឿនលឿនទី២របស់កម្ពុជាមួយខ្សែនេះមានចម្ងាយប្រមាណ ១៣៨គីឡូម៉ែត្រ និងត្រូវធ្វើស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយឆ្លងទន្លេមេគង្គ ដែលគិតទាំងតួស្ពាន និងផ្លូវតភ្ជាប់មានប្រវែងសរុបប្រហែល ៥គីឡូម៉ែត្រ។ ចំណែកឯថវិកាដែលគ្រោងបណ្តាក់ទុកប្រមាណ ១ ៦៣៨លានដុល្លារ ដែលមានទំហំតិចជាងក្រុងព្រះសីហនុ ប៉ុន្តែប្រវែងផ្លូវក៏ខ្លីជាងផ្លូវល្បឿនលឿន ក្រុងព្រះសីហនុផងដែរ ហើយផ្លូវនេះគ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។

បើតាមឯកឧត្តមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ផ្លូវល្បឿនលឿន គឺមានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ពីប្រទេសចិន មកភូមា មកថៃ មកកម្ពុជា និងភ្ជាប់ទៅប្រទេសវៀតណាម ហើយនេះជាមោទនភាពមួយសម្រាប់កម្ពុជាដែលមានលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនទី២ បន្ទាប់ពីផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ព្រះសីហនុ ។ ទាំងនេះក៏ដោយសារតែអ្នកវិនិយោគមានទំនុកចិត្តមកលើកម្ពុជា។
ក្រៅពីគម្រោងផ្លូវល្បឿនលឿនទី២នេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបង្ហើបឲ្យដឹងដែរថា ៖
“បច្ចុប្បន្នក៏មានការសិក្សាផ្លូវល្បឿនលឿន ពីភ្នំពេញទៅសៀមរាប ហើយនឹងបញ្ចប់នៅចុងខែឧសភា ឆ្នាំ២០២៣ នេះ ហើយបើបានការសិក្សាហើយ យើងនឹងពិនិត្យរួមគ្នា ថាតើយើងអាចឈានទៅយកការចុះ MOU ឬ Framwork Agreement ជាមួយគ្នាយ៉ាងណា យើងនឹងពិនិត្យរួមគ្នាថែមទៀត ក្រោយពីគាត់បញ្ជូនឯកសារលម្អិតរបស់យើង៕”




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content