សៀមរាប ៖ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចធ្វើចំណាត់ការលើករណីសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងផ្តល់ទីតាំងថ្មីរួចមក មានប្រជាពលរដ្ឋជិត២ពាន់គ្រួសារហើយដែលស្ម័គ្រចិត្តរុះរើចេញទៅចាប់ទីតាំងថ្មីនៅភូមិធម្មជាតិរុនតាឯក នៃស្រុកបន្ទាយស្រី។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរា។

លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ ថា មកដល់ពេលបច្ចុប្បន្ននេះ ខាងអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ កំពុងយកចិត្តទុកដាក់ចាត់វិធានការ លើបញ្ហាសំណង់ខុសច្បាប់ និងសំណង់ដែលធ្វើឲ្យប៉ះពាល់ដល់តំបន់បេតិកភណ្ឌអង្គរ ហើយប្រជាពលរដ្ឋប្រមាណជិត ២ពាន់គ្រួសារមកពីភូមិ២ គឺភូមិត្រពាំងសេះ និងភូមិទក្សិណខាងត្បូង នៃសង្កាត់គោកចក ក្រុងសៀមរាប បានស្ម័គ្រចិត្តរុះរើនិងចាកចេញទៅចាប់ដីឡូតិ៍ថ្មី នៅទីតាំងភូមិធម្មជាតិរុនតាឯកដែលរៀបចំដោយអាជ្ញាធរហើយ។

លោក ឡុង កុសល ៖
“ការពិត ប្រជាពលរដ្ឋយល់ពីគោលបំណងរបស់រដ្ឋាបាលក្នុងការរៀបចំតម្រង់ទិស កែប្រែតំបន់បេតិកភ័ណ្ឌ។ ពួកគាត់សប្បាយចិត្តក្នុងការចូលរួម ដើម្បីធ្វើយ៉ាងណាឲ្យតំបន់អង្គរកាន់តែមានភាពល្បីល្បាញកាន់តែមានការទាក់ទាញសម្រាប់ភ្ញៀវទេសចរ រក្សាបានអង្គរជាបេតិកភ័ណ្ឌពិភពលោក។ ប្រជាពលរដ្ឋបានស្ម័គ្រចិត្តទៅរស់នៅក្នុងទីតាំងថ្មី ពោលគឺភូមិធម្មជាតិរុនតាឯក ដែលរដ្ឋបានគិតគូរចែកដីឡូតិ៍ថ្មីនោះ ដោយឆន្ទៈរបស់ពួកគាត់ផ្ទាល់ គ្មានការបង្ខិតបង្ខំពីអាជ្ញាធរឡើយ ហើយមិនត្រឹមតែប៉ុណ្ណោះ ពួកគាត់បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំផងដែរ”
លោក ឡុង សុកល បន្ថែមថា ៖
“ប្រជាពលរដ្ឋដែលព្រមរុះរើចាកចេញពីឧទ្យានអង្គរ មានសេចក្តីសោមនស្សជាពន់ពេក ដែលពួកគាត់បានទទួលអត្ថប្រយោជន៍ជាច្រើន តួយ៉ាងដីឡូតិ៍ និងហេដ្ឋារចនាសម្ព័ន្ធដែលគិតគូរយ៉ាងល្អិតល្អន់ពីរដ្ឋាភិបាល ហើយពួកគាត់បានចាកចេញពីលំនៅដ្ឋានចាស់ដែលខុសច្បាប់ ទៅទីតាំងថ្មីដែលស្របច្បាប់ផងដែរ”
តាមការឲ្យដឹងពីអាជ្ញាធរជាតិអប្សរា តំបន់រមណីយដ្ឋានអង្គរ បានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកឆ្នាំ១៩៩២ ដោយអង្គការយូណេស្កូ(UNESCO) និងមានទំហំផ្ទៃដីចំនួន ៤០១គីឡូម៉ែត្រការ៉េ ដែលចាត់ជាសម្បត្តិសាធារណៈរបស់រដ្ឋ។
នៅក្នុងសំណុំរឿងនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសរសេរនៅលើគេទំព័រ Facebook ផ្លូវការនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ថា ៖
“ប្រជាពលរដ្ឋ ២៥៥គ្រួសារ ស្ថិតនៅតំបន់អក្សរ K មកពីភូមិត្រពាំងសេស និងភូមិទក្សិណខាងត្បូង សាទរទទួលយកដីឡូតិ៍ និងបានទៅពិនិត្យឃើញដីគ្រប់ៗគ្នានៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ពិសេសការដាំដើមឈើហូបផ្លែជូនគ្រប់ដីឡូត៍ដែលរៀបចំដោយក្រសួងបរិស្ថាន។”
គួររំឭកថា កាលពីខែសីហា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសពីយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ យុទ្ធនាការនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ផ្តើមតាំងពីថ្ងៃទី១៨ ខែសីហា និងមានមន្ត្រីពាក់ព័ន្ធចូលរួមសរុបជាង ៧០០នាក់។ នៅក្នុងយុទ្ធនាការនេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសចាត់វិធានការយ៉ាងម៉ឹងម៉ាត់ និងគ្មានការអនុគ្រោះនោះឡើយ ចំពោះសំណង់ខុសច្បាប់ទាំងឡាយនៅក្នុងតំបន់ការពាររមណីយដ្ឋានអង្គរ ដោយបញ្ជាឱ្យម្ចាស់សំណង់ខុសច្បាប់ទាំងឡាយ ក្នុងរមណីយដ្ឋានអង្គរត្រូវរុះរើចេញជាដាច់ខាត ប្រសិនបើមិនចង់ប្រឈមមុខនឹងវិធានការច្បាប់ទេនោះ៕ អត្ថបទដោយ ៖ សំបាន ច័ន្ទដារ៉ា

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content