ភ្នំពេញ ៖ កោះនរា ជាទីក្រុងរណបដែលរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍ ហើយគ្រាន់តែហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងរណបមួយនេះបានចំណាយថវិកាប្រមាណជាង៣០០លានដុល្លារអាមេរិក និងគ្រោងចំណាយខ្ទង់រយលានដុល្លារអាមេរិកបន្ថែមដើម្បីបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដោយក្រុមហ៊ុនអភិវឌ្ឍន៍នឹងអភិវឌ្ឍន៍ទៅជាទីក្រុងឆ្លាតវៃ ។
អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងទីក្រុងរណបកោះនរាបានឱ្យដឹងថា ចាប់តាំងពីរដ្ឋាភិបាលប្រគល់សិទ្ធិឱ្យអភិវឌ្ឍន៍តំបន់កោះនរា ក្រុមហ៊ុនបានចំណាយថវិកាប្រមាណ៣០០លានដុល្លារអាមេរិករួចហើយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួមទាំងស្ពានតភ្ជាប់កោះពេជ្រ-កោះនរា ហើយក្រុមហ៊ុនគ្រោងនឹងចំណាយថវិកាប្រមាណខ្ទង់រយលានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគម្រោងទីក្រុងរណបមួយនេះ ។

អ្នកឧកញ៉ាបន្តថា កោះនរា ជាក្រុងរណបដែលគ្រោងនឹងអភិវឌ្ឍន៍ទៅជាទីក្រុងឆ្លាតវៃ និងត្រូវបំពាក់អំពូលភ្លើងសូឡា បំពាក់កាំមេរ៉ាសុវត្ថិភាពតាមផ្លូវ និងមានដាក់លូពីរប្រភេទ គឺលូសម្រាប់ទឹកភ្លៀង និងលូសម្រាប់ទឹកកខ្វក់ ហើយក្រុមហ៊ុនក៏នឹងត្រូវសាងសង់ស្ថានីយ៍បូមទឹកសម្រាប់នៅក្នុងតំបន់នោះដែរ ដើម្បីដោះស្រាយបញ្ហាទឹកស្អាត និងទឹកកខ្វក់ ។
អ្នកឧកញ៉ាបានបន្ថែមថា ការសាងសង់គម្រោងទីក្រុងរណបកោះនរា និងស្ពាន កោះពេជ្រ-កោះនរា ត្រូវបានចាប់ផ្ដើមឡើងក្នុងពេលដែលមានការរីករាលជំងឺកូវីដ១៩បង្កផលប៉ះពាល់ដល់វិស័យនានាទូទាំងពិភពលោក ក្នុងនោះក៏មានវិស័យសាងសង់ផងដែរ ។ ប៉ុន្តែដោយមានការដឹកនាំដោយភាពច្បាស់លាស់របស់សម្ដេចតេជោ ហ៊ុន សែន ទើបធ្វើឱ្យគម្រោងសាងសង់ស្ពានកោះពេជ្រ-កោះនរាបានលឿន និងបញ្ចប់មុនកាលកំណត់ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កោះនរា នៅពេលខាងមុខគឺមិនចាញ់កោះពេជ្រនាពេលបច្ចុប្បន្ននេះនោះទេ គឺមានហេដ្ឋារចនាសម្ព័ន្ធទំនើបដែលអាចនឹងទំនើបជាងកោះពេជ្រនៅពេលនេះទៀតផង ហើយការអភិវឌ្ឍកោះនរានេះដែរ នឹងផ្ដលផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ដូចនឹងគោលការណ៍របស់រាជរដ្ឋាភិបាល អភិវឌ្ឍន៍អ្វីគឺត្រូវតែយកផលប្រយោជន៍ប្រជាជនជាធំ មិនមែនផ្ដល់ប្រយោជន៍សម្រាប់តែម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍នោះទេ ។

សម្ដេចបន្តថា សម្រាប់ការអភិវឌ្ឍទីក្រុងកោះនរា មិនមែនតែហេដ្ឋារចនាសម្ព័ន្ធនោះទេ តែវាក៏បានផ្ដល់ប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ជាក់ស្ដែងមកដល់ពេលនេះ មានកម្មករ បុគ្គលិកកំពុងធ្វើការនៅក្នុងកោះនរាប្រមាណជាង២០០០នាក់ ហើយពួកគាត់នឹងទទួលបានប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់ឱ្យកាន់តែប្រសើរផងដែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content