ភ្នំពេញ ៖ ភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិសេសដែលត្រូវបានប្រៀបប្រដូចគ្នាទៅនឹងបេះដូងរបស់ប្រទេសកម្ពុជា និងត្រូវបានចាត់ទុកថាជាតំបន់ដែលមានតម្លៃដីធ្លីខ្ពស់ជាងគេក្នុងចំណោមបណ្ដាខេត្ត / ក្រុងនានានៅទូទាំងប្រទេស ហើយក្នុងនោះដែរ នៅតាមបណ្ដាខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញ ក៏មានតម្លៃខុសៗគ្នាផងដែរ ជាពិសេសដីធ្លីនៅក្នុងខណ្ឌបឹងកេងកង ដែលឈរនៅលំដាប់ថ្នាក់ទី១។ ថ្ងៃនេះ យើងនឹងបង្ហាញពីកម្រិតនៃតម្លៃដីធ្លីនៅតាមបណ្ដាខណ្ឌនានាក្នុងរាជធានីភ្នំពេញ។
១- ខណ្ឌបឹងកេងកង ៖ ខណ្ឌបឹងកេងកង ជាតំបន់ដែលមានតម្លៃដីធ្លីខ្ពស់ជាងគេក្នុងចំណោមបណ្តាខណ្ឌទាំងអស់របស់រាជធានីភ្នំពេញ ពីព្រោះតំបន់នេះ ជាតំបន់ដែលសម្បូរទៅដោយអាជីវកម្ម និងការអភិវឌ្ឍសំណង់អគារពាណិជ្ជកម្មខ្ពស់ៗលំដាប់អន្តរជាតិ។ ដូច្នេះ តម្លៃដីធ្លីនៅក្នុងខណ្ឌមួយនេះមានកម្រិតចន្លោះពីប្រមាណ ៣ ០០០ ដល់ ៨ ០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
២- ខណ្ឌដូនពេញ ៖ ដូនពេញ និងខណ្ឌបឹងកេងកង ជាតំបន់នៅជាប់គ្នា ហើយតម្លៃដីធ្លីក៏មានតម្លៃស្ទើរតែប្រហាក់ប្រហែលគ្នាដែរ។ ខណ្ឌនេះតម្លៃដីធ្លីគេអាចលក់បានក្នុងរង្វង់ចន្លោះពី ៣ ០០០ ដល់ ៧ ០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។

៣- ខណ្ឌទួលគោក ៖ ទួលគោក ត្រូវបានចាត់ទុកជាខណ្ឌមួយដែលមានតម្លៃដីធ្លីខ្ពស់នៅរាជធានីភ្នំពេញ ដោយសារតែមានការអភិវឌ្ឍទៅលើអគារខ្ពស់ៗ និងលំនៅឋានកម្រិតមធ្យម និងកម្រិតអភិជនជាច្រើន ។ តម្លៃដីធ្លីនៅក្នុងតំបន់ទួលគោកមានតម្លៃចន្លោះពី ២ ០០០ ដល់ ៦ ០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
៤- ខណ្ឌ៧មករា ៖ ខណ្ឌនេះក៏ជាតំបន់ស្ថិតនៅកណ្ដាលរាជធានីភ្នំពេញមួយដែរ ដូច្នេះ តម្លៃដីធ្លីគឺត្រូវតែមានកម្រិតខ្ពស់មួយផងដែរ។ តំបន់ខណ្ឌ៧មករា តម្លៃដីធ្លីមានចាប់ពីជិត ៣ ០០០ ដល់ ៥ ០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។
៥- ខណ្ឌចំការមន ៖ ចំការមន ក៏ជាតំបន់ដែលមានការអភិវឌ្ឍខ្លាំង ជាពិសេសការអភិវឌ្ឍសំណង់អគារខ្ពស់ៗ ដោយអ្នកទិញដីនៅតំបន់នេះ ភាគច្រើនគេមិនទុកលក់យកចំណេញទេ ពោលគឺគេទិញហើយអភិវឌ្ឍតែម្ដង។ តម្លៃដីនៅខណ្ឌចំការមនមានចម្លោះពីជិត ២ ០០០ ដល់ជាង ៤ ៣០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។

៦- ខណ្ឌឫស្សីកែវ ៖ ជាខណ្ឌស្ថិតនៅប៉ែកខាងជើងរាជធានីភ្នំពេញ ហើយជាតំបន់ដែលចាប់ផ្ដើមមានការអភិវឌ្ឍបន្តិចម្ដងៗផងដែរ។ តម្លៃដីធ្លីនៅក្នុងខណ្ឌនេះ មានចាប់ពីប្រមាណ ១ ០០០ រហូតជិតដល់ ៣ ០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។
៧- ខណ្ឌច្បារអំពៅ ៖ ច្បារអំពៅ ជាខណ្ឌថ្មីមួយនៅរាជធានីភ្នំពេញ និងមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ជាពិសេសទៅលើវិស័យលំនៅឋានកម្រិតមធ្យម។ តម្លៃដីធ្លីនៅខណ្ឌច្បារអំពៅមានចាប់ពី ១០០ – ដល់ជាង ២ ៤០០ដុល្លារអាមេរិក អាស្រ័យតាមតំបន់ដែលមានប្រជាជនរស់នៅ ប្រកបអាជីវកម្ម ឬជាប្រភេទដីភូមិ។
៨- ខណ្ឌជ្រោយចង្វា ៖ ជ្រោយចង្វា ត្រូវបានចាត់ទុកជាទីក្រុងរណបថ្មីមួយនៅរាជធានីភ្នំពេញ និងកំពុងមានសកម្មភាពដ៏មមាញឹកក្នុងការអភិវឌ្ឍ។សម្រាប់ដីធ្លីក៏មានការកើនឡើងជាបន្តបន្ទាប់ដែរ ដោយក្នុងនោះតម្លៃដីមានចន្លោះពីប្រមាណ ២០០ ទៅដល់ជាង ២ ៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។
៩- ខណ្ឌសែនសុខ ៖ ខណ្ឌនេះក៏មានសកម្មភាពនៃការអភិវឌ្ឍគួរឱ្យកត់សម្គាល់ផងដែរ ដោយក្នុងរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយនេះ តម្លៃដីធ្លីមានការកើនឡើងជាបន្តបន្ទាប់ ពោលគឺមានចាប់ពី ៥០០ រហូតដល់ ១ ៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។
១០- ខណ្ឌមានជ័យ ៖ ខណ្ឌមានជ័យ ស្ថិតនៅប៉ែកខាងត្បូងភ្នំពេញ ជាតំបន់ដែលមានការចាប់អារម្មណ៍ថ្មីពីសំណាក់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឱ្យតម្លៃដីធ្លីបានហក់ឡើងជិត ១ ០០០ ជិតដល់ ៣ ០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។
១១- ខណ្ឌពោធិ៍សែនជ័យ និងដង្កោ ៖ ខណ្ឌទាំង២នេះមានការអភិវឌ្ឍច្រើនទៅលើរោងចក្រ ឧស្សាហកម្ម ដូច្នេះ តម្លៃដីធ្លីក៏មិនសូវឡើងខ្ពស់ដែរបើធៀបនឹងតំបន់នានាក្នុងរាជធានីភ្នំពេញ ។ គេអាចរកទិញបានក្នុងតម្លៃចន្លោះចាប់ពីជាង ១០០រហូតដល់ ១ ០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។
១២- ខណ្ឌព្រែកព្នៅ ៖ ជាខណ្ឌដែលចាប់ផ្ដើមមានការអភិវឌ្ឍ ហើយរំពឹងថានឹងមានការអារម្មណ៍ពីវិនិយោគិនក្នុងស្រុក និងបរទេសជាច្រើន ។ តម្លៃដីនៅតំបន់នេះគឺមានកម្រិតតិចតួចនៅឡើយក្នុងរង្វង់ចាប់ពី ១០០ ដល់ប្រមាណ ៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។
គួរបញ្ជាក់ផងដែរថា ប្រភពតម្លៃដីធ្លីនៅតាមបណ្ដាខណ្ឌនានាក្នុងរាជធានីភ្នំពេញដែលបានលើកឡើងខាងលើនេះគឺជាកំណត់ត្រាយកពីប្រភពក្រុមហ៊ុន PropNex Cambodia ដែលជាក្រុមហ៊ុនលំដាប់អន្តរជាតិមួយ និងបានធ្វើការសិក្សាស្រាវជ្រាវកាលពីឆ្នាំ២០២២កន្លងមក៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content