ភ្នំពេញ ៖ កំណើនពលរដ្ឋមករស់នៅក្នុងរាជធានីភ្នំពេញបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយកំណើនពលរដ្ឋរស់នៅក្នុងក្រុងនេះដែរបានជំរុញឱ្យរដ្ឋាភិបាលត្រូវពង្រីកផ្ទៃដីរាជធានីភ្នំពេញកាន់តែធំជាងមុន ហើយមុននឹងពង្រីកក្រុងនេះដែរ រដ្ឋាភិបាលក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធតំបន់ជាប់ៗភ្នំពេញកាន់តែច្រើនដោយក្នុងនោះរចនាសម្ព័ន្ធបណ្តាញទឹកស្អាត បណ្តាញអគ្គិសនី គឺជាអាទិភាពមួយសម្រាប់ការត្រៀមសម្រាប់ផែនការមួយនេះ ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានលើកឡើងថា ការអភិវឌ្ឍផ្លូវក្រវាត់ក្រុងជាបន្តបន្ទាប់រដ្ឋាភិបាល បាន និងកំពុងហុចផល និងសក្ដានុពលអភិវឌ្ឍន៍តំបន់ជាយក្រុងកាន់តែខ្លាំង ហើយដីធ្លីនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី១ ទី២ ទី៣ មានតម្លៃបន្ថែមកាន់តែខ្ពស់ មានការទាក់ទាញកាន់តែខ្លាំង និងមានការអភិវឌ្ឍកាន់តែមមាញឹក ។
លោកបន្តថា ៖
“ទាំងនេះគឺសុទ្ធតែជាយុទ្ធសាស្ត្រក្នុងការត្រៀមសម្រាប់ផែនការពង្រីកក្រុងរបស់រដ្ឋាភិបាលនៅពេលអនាគត ពីព្រោះថាចង់ឱ្យពលរដ្ឋទៅរស់នៅតំបន់ជាយក្រុងកាន់តែច្រើន ចាំបាច់ត្រូវតែអភិវឌ្ឍន៍តំបន់នោះជាមុនសិន នៅពេលមានការអភិវឌ្ឍ គ្រប់គ្រាន់ហើយនោះពលរដ្ឋនឹងទៅរស់នៅទីនោះកាន់តែច្រើន ពេលនោះគម្រោងនៃផែនការពង្រីកក្រុងភ្នំពេញនឹងទទួលបានលទ្ធផលល្អប្រសើរ ឬអាចធ្វើឱ្យតំបន់ក្នុងក្រុងកាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងតំបន់ជាយក្រុង”
លោកបន្ថែមថា ៖
“បច្ចុប្បន្ននេះ យើងបានឃើញថាជុំវិញរាជធានីភ្នំពេញមានការអភិវឌ្ឍដូចៗគ្នាគ្រាន់តែតំបន់នីមួយៗមានសក្ដានុពលនិងការទាក់ទាញទៅលើការអភិវឌ្ឍផ្សេងគ្នា ហើយពីមួយឆ្នាំទៅមួយឆ្នាំមួយ ការអភិវឌ្ឍកាន់តែរីកសាយទៅៗ “
លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance ក៏បានលើកឡើងផងដែរថា
“ការរៀបចំប្លង់មេទុកជាមុនរបស់រដ្ឋាភិបាលក្នុងការពង្រីកក្រុងនឹងធ្វើឱ្យផែនការទទួលបានជោគជ័យនិងអភិវឌ្ឍន៍ខ្លាំង ។ ពលរដ្ឋដែលរស់នៅភ្នំពេញដែលកាត់ពីខេត្តនឹងទទួលបាននូវអត្ថប្រយោជន៍បន្ថែមនៅពេលផែនការពង្រីកក្រុងនោះទៅដល់តំបន់ពួកគេ”
លោកបន្តថា នៅជុំវិញភ្នំពេញ ឬអាចនិយាយផ្លូវជាតិសំខាន់ៗជុំវិញភ្នំពេញសុទ្ធតែមានការអភិវឌ្ឍផ្សេងគ្នា ក្នុងនោះផ្លូវជាតិលេខ១និងលេខ៦ជាតំបន់ដែលអភិវឌ្ឍន៍លំនៅឋានតម្លៃមធ្យមឡើង ដូច្នេះតំបន់នោះត្រូវការអ្វីជាចាំបាច់ដែលរដ្ឋាភិបាលបានគិតគូរ ផ្លូវជាតិលេខ២ លេខ៣ លេខ៤ និងលេខ៥ ជាតំបន់អភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យនិងឧស្សាហកម្ម ហើយរដ្ឋាភិបាលក៏បានគិតគូររួចផងដែរពីតម្រូវការចាំបាច់របស់ពលរដ្ឋ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ